ខេត្តកំពង់ធំ ៖ លំនៅឋានរបស់ប្រជាពលរដ្ឋចំនួន ៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

ហេតុការណ៍អគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិវាំង ឃុំប្រឡាយ ស្រុកស្ទោង។

តាមការបញ្ជាក់ពីលោកសាយ គឹមឡម ស្រុកអភិបាលស្រុកស្ទោង ឱ្យដឹងថា ការចុះអន្តរាគមន៍រថយន្តពន្លត់អគ្គិភ័យ គឺប្រើប្រាស់រថយន្តចំនួន ៦គ្រឿង ក្នុងនោះរថយន្តអធិការដ្ឋាននគរបាលស្រុកស្ទោង ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ ១គ្រឿង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៣គ្រឿង ដោយប្រើប្រាស់អស់ទឹកចំនួន ៧ឡាន។

លោកអភិបាលស្រុក បានបញ្ជាក់ថា អគ្គិភ័យដែលត្រូវបានលេបត្របាក់ផ្ទះចំនួន ៣ខ្នង រួមមាន ៖ ទី១-ម្ចាស់ផ្ទះឈ្មោះឡាត ឈឿម ជាស្ត្រីមេម៉ាយ ទំហំផ្ទះ ៧ម៉ែត្រ គុណនឹង ១២ម៉ែត្រ (ឆេះទាំងស្រុង) និងខូចខាតទ្រព្យសម្បត្តិ រួមមាន ស្រូវក្នុងជង្រុក ១តោន ទូរទស្សន៍ ២គ្រឿង បាស់ ១គ្រឿង ខោអាវនិងសម្ភារប្រើប្រាស់ផ្សេងៗទៀតមួយចំនួនធំ

ព្រមទាំងកង់ ៣គ្រឿង។ ទី២-ម្ចាស់ផ្ទះឈ្មោះឆយ សំ ភេទប្រុស អាយុ៤៥ឆ្នាំ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង ១៤ម៉ែត្រ ធ្វើពីថ្មឈើ លើប្រក់ក្បឿង (ខូចខាតទាំងស្រុង) ម្ចាស់មិននៅផ្ទះ និងទី៣-ម្ចាស់ផ្ទះឈ្មោះម៉ែត មត់ ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទះទំហំ ៧ម៉ែត្រ គុណនឹង ១៤ម៉ែត្រ ប្រភេទថ្មក្រោមឈើលើ។


អភិបាលស្រុកស្ទោង ក៏បានអំពាវនាវបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការ ប្រុងប្រយ័ត្នខ្ពស់បំផុតពីការប្រើប្រាស់ភ្លើង សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចៀសវាងកុំឱ្យមានការឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះផ្ទះ៕