Sunday, June 29, 2025
Homeសង្គម និងជីវិតគាស់គល់ឈើប៉ះគ្រាប់មីន ផ្ទុះដាច់ជើងស្លាប់១ ខ្ទេចមុខ១

គាស់គល់ឈើប៉ះគ្រាប់មីន ផ្ទុះដាច់ជើងស្លាប់១ ខ្ទេចមុខ១

ខេត្តបាត់ដំបង ៖ បុរស២នាក់ បាននាំគ្នាកាប់គាស់គល់ឈើ ១ដើម នៅក្នុងដីម្ការ ស្រាប់តែអកុសលប៉ះចំគ្រាប់មិនទាន់ផ្ទុះ បណ្តាលឱ្យផ្ទុះកក្រើក និងបណ្តាលឱ្យបុរសម្នាក់ក្នុងចំណោមនោះ រងរបួសដាច់ជើងម្ខាង ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកម្នាក់ទៀត រងរបួសផ្ទៃមុខ និងចំភ្នែកទាំងសងខាង ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃ២៦ ខែមីនា ឆ្នាំ២០២២ ត្រង់ចំណុចលើខ្នងភ្នំស ស្ថិតនៅភូមិរស្មីសង្ហារ ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល។

បុរសរងគ្រោះទាំង២នាក់ ដែលរងរបួសដោយសារផ្ទុះគ្រាប់ខាងលើ ទី១-ឈ្មោះផាង ភ័ណ្ឌ ហៅទូច អាយុ២៧ឆ្នាំ មុខរបរធ្វើ ចម្ការ មានលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង (របួសដាច់ជើងខាងឆ្វេងម្ខាង ស្លាប់នៅនឹងកន្លែង) និងទី២-ឈ្មោះឆាយ កុសល់ អាយុ៣៥ឆ្នាំ មុខរបរធ្វើចម្ការ មានលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ (រងរបួសចំផ្ទៃមុខ និងភ្នែកទាំងសងខាង កំពុងសង្គ្រោះ នៅមន្ទីរពេទ្យ)។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានបញ្ជាក់ប្រាប់ថា មានករណីផ្ទុះគ្រាប់ដែលកប់នៅក្នុងដីមួយ បានកើតឡើង កាលពីវេលាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ខណៈពលរដ្ឋជាអ្នកចម្ការ ២នាក់ កំពុងកាបី់កដី បំណងគាស់យកគល់ឈើមួយ នៅក្នុងចម្ការ (ទីតាំងកើតហេតុខាងលើ)។

លោកអធិការ បន្តថា តាមពិត បុរសជាជនរងគ្រោះទាំង ២នាក់ខាងលើ គឺជាអ្នករស់នៅក្រៅមូលដ្ឋាននេះ តែកន្លងមក ពួកគាត់បានមកស្នាក់បណ្តោះអាសន្ន ធ្វើចម្ការនៅមូលដ្ឋានខាងលើ។ លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះទាំង២នាក់ បាននាំគ្នាទៅគាស់គល់ឈើនៅចំណុចទីតាំងខាងលើ ខណៈពួកគាត់កំពុងជីកគល់ឈើ ក៏បានប៉ះចំគ្រាប់មីនកប់ក្នុងដី ទើបបង្កជាករណីផ្ទុះឡើងយ៉ាងកក្រើកតែម្តង។

លោកអធិការ បានបញ្ជាក់ថា បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ រួមទាំងកងកម្លាំងនគរបាល បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍ និងបានប្រទះឃើញបុរសម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកម្នាក់ទៀត រងរបួស ង់ផ្ទៃមុខ និងភ្នែក ទាំងសងខាង និងត្រូវដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

លោកវរសេនីយ៍ឯក សន និល បានបញ្ជាក់ថា ចំណុចភ្នំស ក្នុងភូមិរស្មីសង្ហារ ស្រុករតនមណ្ឌល នេះ គឺជាអតីតសមរភូមិប្រយុទ្ធដ៏ស្រួចស្រាល់មួយក្នុងចំណោមសមរភូមិជាច្រើនផ្សេងៗទៀត។  ចំណែកគ្រាប់ដែលបានផ្ទុះនៅចំណុចកើតហេតុនោះ អាចជាគ្រាប់មីន ដែលគេបង្កប់ក្នុងដី ក្បែរគល់ឈើពីពេលមុន លុះទំនងជាជនរងគ្រោះជីកដីក្បែរគល់ឈើប៉ះចំគ្រាប់មីនទើបបង្កឱ្យផ្ទុះឡើងតែម្តង។

លោកបន្ថែមថា នៅចំណុចកើតហេតុពីមុនមក ក៏ធ្លាប់ប្រទះឃើញគ្រាប់មីនប្រឆាំងរថក្រោះ រួមទាំងយុទ្ធភណ្ឌផ្សេងៗជាច្រើនទៀត បានកប់រាយប៉ាយនៅទីនោះដែរ។

សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES