ខេត្តបន្ទាយមានជ័យ ៖ ក្មេងស្រីវ័យជំទង់ចំនួន ៦នាក់ ទើបនឹងចេញពីរៀន ក៏បបួលគ្នាទៅជិះទូកលេងនៅក្នុងស្រះទឹកវត្ត លុះពេលឡើងមកវិញ ក៏នាំគ្នាឈរលេងលើជណ្តើរចុះស្រះ ស្រាប់តែរអិលជើងតោងគ្នាធ្លាក់ចូលទឹកទាំងអស់ ហើយភ្លាមនោះម្នាក់ៗខំប្រវេប្រវាហែលឡើងគោក បាន៥នាក់ អកុសលក្មេងស្រីម្នាក់ក្នុងចំណោមនោះ ហែលមិនរួច ក៏លិចចូលទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើង កាលពីសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចស្រះទឹកក្នុងវត្តប្រាសាទរលំជ្រៃ ស្ថិតក្នុងភូមិគោកស្វាយ ឃុំភូមិថ្មី ស្រុកថ្មពួក ។
ក្មេងស្រីរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះឈិត ណារ៉ុង អាយុ១៣ឆ្នាំ ជាសិស្សសាលាបឋមសិក្សាថ្មពួក រស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា យោងការបំភ្លឺរបស់កុមារីឈ្មោះឈួន និមល់ អាយុ១៣ឆ្នាំ ឈ្មោះឆៃយ៉ា នរិន អាយុ១៣ឆ្នាំ ឈ្មោះថាំង បរមី អាយុ១៣ឆ្នាំ ឈ្មោះណាង បូរី អាយុ១៣ឆ្នាំ និងឈ្មោះគង់ ផាត់ទិយ៉ា អាយុ១៤ឆ្នាំ ថាពួកគេអ្នកទាំង៥នាក់ រួមនិងក្មេងស្រីរងគ្រោះផង សរុប ៦នាក់ ជាសិស្សសាលាបឋមសិក្សាថ្មពួក និងរស់នៅភូមិស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ជាមួយគ្នា។ នៅមុនពេលកើតហេតុ នៅវេលាម៉ោង ១១ព្រឹក ពួកគេបាននាំគ្នាចេញពីសាលា មកផ្ទះ ក្រោយមក ពួកគេក៏នាំគ្នាត្រឡប់ទៅលេងនៅផ្សារគំរូថ្មី ឃុំគំរូ រួចបង្ហួសនាំគ្នាទៅលេងនៅវត្តប្រាសាទរលំជ្រៃ នៅភូមិគោកស្វាយ ឃុំភូមិថ្មី (ទីតាំងកើតហេតុ)។
ប្រភពដដែល បន្តថា ពេលនោះឃើញនៅក្នុងទឹកស្រះមានទូក ពួកគេក៏នាំគ្នាចុះជិះទូកលេងក្នុងស្រះ បន្ទាប់មកក៏នាំគ្នាឡើងពីទូកមកវិញ ដោយនាំគ្នាឈរលើកាំជណ្តើបេតុងចុះទឹកស្រះ ស្រាប់តែអកុសល ក្មេងស្រីរងគ្រោះ បានរអិលជើងធ្លាក់ចូលទឹក រួចក៏ប្រទាញប្រទង់គ្នាធ្លាក់ទឹកទាំងអស់គ្នា ហើយក៏រអិលចូលទៅក្នុងទឹកជ្រៅ បណ្តាលឱ្យលង់។ ភ្លាមៗនោះ ពួកគេក៏នាំគ្នាត្រដរជួយខ្លួនឯង ស្រវាតោងឡើងមកលើវិញ បានចំនួន៥នាក់ ស្រាប់តែបាត់ក្មេងស្រីរងគ្រោះឈ្មោះឈិត ណារ៉ុង ព្រោះតែនាងហែលមិនរួច ក៏លិចបាត់ទៅក្នុងទឹកតែម្តង។ ពេលនោះ ពួកនាងក៏នាំគ្នារត់ទៅហៅតាៗដែលនៅក្នុងវត្ត ឱ្យមកជួយ និងនាំគ្នាចុះរាវបានប្រមាណ៥នាទី ទើបរកឃើញក្មេងស្រីរងគ្រោះ និងព្យាយាមប្រើវិធីជួយសង្គ្រោះដែរ ប៉ុន្តែអកុសល ក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
សពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕