Saturday, October 19, 2024
Homeព្រឹត្តិការណ៍សង្គមសម្តេច​ហ៊ុន សែន និង​ក្រុម​គ្រួសារ ចូល​រួម​រំលែក​ទុក្ខ លោក​សម រង្ស៊ី និង​ភរិយា​ ម្តាយ ក្មេក​និង​ម្តាយ​ស្លាប់

សម្តេច​ហ៊ុន សែន និង​ក្រុម​គ្រួសារ ចូល​រួម​រំលែក​ទុក្ខ លោក​សម រង្ស៊ី និង​ភរិយា​ ម្តាយ ក្មេក​និង​ម្តាយ​ស្លាប់

ភ្នំពេញ ៖ ក្នុងនាមជាជនរួមជាតិខ្មែរដូចគ្នា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌល ខេត្តកណ្តាល ព្រមទាំងក្រុមគ្រួសារ បានចូលរួម រំលែកទុក្ខចំពោះក្រុមគ្រួសារលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលមានទុក្ខ ជាទម្ងន់ ដោយឧបាសិកាញឹក ជូឡុង មាសកេត សមភ័ត្រ ត្រូវជាម្តាយក្មេកលោកសម រង្ស៊ី និង ជាម្តាយបង្កើតរបស់លោកស្រីជូឡុង សូមួរ៉ា ភរិយាលោកសម រង្ស៊ី បានទទួលមរណភាព កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងជន្មាយុ៩៦ឆ្នាំ។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានចុះ ហត្ថលេខាលើលិខិតជម្រាបជូនលោកស្រីជូឡុង សូមួរ៉ា ភរិយាលោកសម រង្ស៊ី កាលពីវេលា ម៉ោង១១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ម្តាយ- បង្កើតលោកស្រី ដោយសម្តេចបានបញ្ជាក់ក្នុង លិខិតនោះថា “លោកជំទាវ ជាទីរាប់អាន, ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ ទើបបានទទួលដំណឹង ប្រកបដោយសេចក្តីតក់ស្លុតនៃមរណភាពដ៏ គួរឱ្យសោកស្តាយរបស់ឧបាសិកា ញឹក ជូឡុង មាសកេត សមភ័ត្រ ដែលត្រូវជាម្តាយបង្កើត ជាទីគោរពស្រលាញ់របស់លោកជំទាវ។

hun-1

យើងខ្ញុំយល់ណាស់អំពីទុក្ខសោករបស់ បុត្រាបុត្រី ដែលបានបាត់បង់នូវអ្នកមានគុណ ជាទីស្រលាញ់របស់ខ្លួន។

ភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់ សូមចូលរួមរំលែក- ទុក្ខដោយស្មោះចំពោះមរណភាពនេះ នៅក្នុង កាយវិការដែលយើងជាជាតិខ្មែរដូចគ្នា។

សូមលោកជំទាវទទួលនូវមនោសញ្ចោតនា ដោយស្មោះពីភរិយាខ្ញុំ និងរូបខ្ញុំផ្ទាល់”។

ជាការកត់សម្គាល់ផងដែរ ក្រៅពីបានផ្ញើ សារចូលរួមរំលែកទុក្ខខាងលើ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានចាត់ឱ្យបុត្រារបស់ សម្តេចគឺលោកហ៊ុន ម៉ានី តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តកំពង់ស្ពឺ និង ជាសមាជិកគណៈកម្មាធិការទី៥ នៃរដ្ឋសភា ដែល រួមការងារ មួយលោកស្រីជូឡុង សូមួរ៉ា តំណាង- រាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធាន គណៈកម្មការនោះ អញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យសពម្តាយបង្កើតលោកស្រី ជូឡុង សូមួរ៉ា ដោយផ្ទាល់ នៅឯគេហដ្ឋានរបស់ លោកសម រង្ស៊ី កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានការទទួលស្វាគមន៍ដ៏កក់- ក្តៅពីលោកស្រីជូឡុង សូមួរ៉ា និងតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិមួយចំនួន ដូចជាលោក ឡុង រី លោកជា ប៉ូច ជាដើម។

លោកកឹម សុខា ប្រធានស្តីទីគណបក្ស និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ក្រៅ ពីអញ្ជើញចូលរួមពិធីបុណ្យសពម្តាយក្មេកលោក សម រង្ស៊ី ដោយផ្ទាល់ លោកក៏បានផ្ញើសាររំលែក ទុក្ខជូនលោកសម រង្ស៊ី និងលោកស្រីជូឡុង សូមួរ៉ា ផងដែរ។

hn

សាររំលែកទុក្ខរបស់លោកកឹម សុខា ផ្ញើ ជូនលោកសម រង្ស៊ី និងលោកស្រីជូឡុង សូមួរ៉ា ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះ មាន ខ្លឹមសារថា “ខ្ញុំ និងភរិយា មានសេចក្តីរន្ធត់ និង ក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា លោកជំទាវមាសកេត សមភ័ត្រ ញឹក ជូឡុង ដែលត្រូវជាម្តាយក្មេក និងអ្នកម្តាយជាទីគោរព និងស្រឡាញ់របស់ឯកឧត្តម និងលោកជំទាវ បានទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៩៧វស្សា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ខ្ញុំនិងភរិយា សូមសម្តែងនូវសមានទុក្ខ និងការសោកស្តាយយ៉ាងធំធេងបំផុត ចំពោះ មរណភាពរបស់លោកជំទាវមាសកេត សមភ័ត្រ ញឹក ជូឡុង ដែលនេះជាការបាត់បង់យ៉ាងធំធេង បំផុត នូវម្តាយក្មេក អ្នកម្តាយ ជីដូន ជាទីគោរព និងស្រឡាញ់បំផុតរបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ។ ខ្ញុំសូមកោតសរសើរ ដោយសេចក្តីគោរពដ៏ស្មោះអស់ពីដួងចិត្តចំពោះ វីរភាពដ៏ឧត្តុង្គឧត្តម និងឧត្តមគតិដ៏ថ្លៃថ្លា របស់ លោកជំទាវ ដែលលោកបានចូលរួមចំណែក យ៉ាងសកម្ម និងបានធ្វើវិភាគទានដ៏ធំធេងបំផុត ជាមួយសម្តេចញឹក ជូឡុង ក្នុងបុព្វហេតុទាមទារ ឯករាជ្យជាតិ និងការស្ថាបនាជាតិនៃកម្ពុជា រហូត ទទួលបានការរីកចម្រើនរុងរឿងជឿនលឿន ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំប្រកបដោយព្រះរាជគតិបណ្ឌិត នៃ ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ។

ខ្ញុំនិងភរិយា សូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុតនេះ ជាមួយឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិសន្តាន ទាំងអស់ និងសូមឧទ្ទិសបួងសួងជូនដួងវិញ្ញាណក្ខន្ធលោកជំទាវ សូមឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”។

ដោយឡែក បន្ទាប់ពីបានទទួលលិខិត ចូលរួមរំលែកទុក្ខពីសម្តេចហ៊ុន សែន និងការ អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពមាតារបស់លោកស្រីរួចមក លោកស្រី ជូឡុង សូមួរ៉ា ភរិយាលោកសម រង្ស៊ី បានផ្ញើ លិខិតឆ្លើយតប ថ្លែងអំណរគុណជូនសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន វិញផងដែរ។

លិខិតរបស់លោកស្រីជូឡុង សូមួរ៉ា គោរព ជូនសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ នោះ មានខ្លឹមសារថា “សម្តេច, ខ្ញុំបាន ទទួលរួចហើយនូវលិខិតរបស់សម្តេច ចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលបានចូលរួមរំលែកទុក្ខចំពោះមរណភាពមាតារបស់ខ្ញុំ។

ខ្ញុំនិងក្រុមគ្រួសារ សូមសម្តែងនូវអំណរ- គុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏វិសេស ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ- បណ្ឌិត ដែលបានចូលរួមរំលែកមរណទុក្ខជាមួយ យើងខ្ញុំ ដែលមិនត្រឹមតែលិខិតប៉ុណ្ណោះទេ គឺ ថែមទាំងបានទូរស័ព្ទមកផ្ទាល់ និងបានចាត់តាំងឯកឧត្តមហ៊ុន ម៉ានី ដែលជាបុត្រាជាទីស្រលាញ់របស់សម្តេច មកចូលរួមក្នុងពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពមាតារបស់ខ្ញុំ ដោយផ្ទាល់។

ខ្ញុំសូមប្រសិទ្ធពរជ័យ ជូនចំពោះសម្តេច តេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រាបុត្រី ព្រមទាំងចៅប្រុសចៅស្រី ទទួលនូវពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមសម្តេច ទទួលនូវការគោរពរាប់អាន ដ៏ជ្រាលជ្រៅ អំពីខ្ញុំ”។

គួរបញ្ជាក់ថា លោកស្រីញឹក ជូឡុង-មាស កេត សមភ័ត្រ ជាមាតាបង្កើតលោកស្រីជូឡុង សូមួរ៉ា និងជាមាតាក្មេកលោកសម រង្ស៊ី បាន ទទួលមរណភាពដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ នៅរាជធានីភ្នំពេញ កាលពីវេលាម៉ោង២ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។ សពបាន តម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានលោកសម រង្ស៊ី ផ្ទះលេខ ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

លោកសម រង្ស៊ី ក្នុងនាមជាកូនប្រសាសព និងជាមេគ្រួសារ មិនបានមកចូលរួមដោយផ្ទាល់ ទេ ខណៈដែលលោកកំពុងនិរទេសខ្លួននៅក្រៅ ប្រទេស។

លោកសម រង្ស៊ី បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ថា “ភរិយាខ្ញុំ និងខ្ញុំ ព្រមទាំងក្រុមគ្រួសារទាំងមូល មានទុក្ខជាទម្ងន់ ដោយលោក ជំទាវញឹក ជូឡុង មាសកេត សមភ័ត្រ ដែល ជាមាតា-មាតាក្មេក បានទទួលមរណភាព កាល ពីវេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ នេះ ក្នុងជន្មាយុ៩៦ឆ្នាំ នៅគេហដ្ឋាន របស់យើងខ្ញុំ នារាជធានីភ្នំពេញ”។

ដោយឡែកប្រភពពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានបង្ហើបថា ដើម្បីបានមក ចូលរួមបុណ្យសពម្តាយក្មេកដោយផ្ទាល់លោក សម រង្ស៊ី បានសរសេរលិខិតស្នើសុំអន្តរាគមន៍ ទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។

លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌល រាជធានីភ្នំពេញ ដែលត្រូវបានចាត់តាំងជាគណៈ- កម្មការបុណ្យសពម្តាយក្មេកលោកសម រង្ស៊ី បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ថា លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ ពិតជាបានសរសេរលិខិត ទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើសុំជួយ អន្តរាគមន៍ឱ្យលោកបានចូលមកប្រទេសកម្ពុជា ដើម្បីចូលរួមបុណ្យសពម្តាយក្មេករបស់លោក។ ប៉ុន្តែនៅមិនទាន់បានទទួលការឆ្លើយតបពីសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន នៅឡើយ នៅថ្ងៃ- ដដែលនោះ។

លោកយឹម សុវណ្ណ មានប្រសាសន៍ថា  “បាទ! ខ្ញុំបានឃើញលោកប្រធានសម រង្ស៊ី បាន ធ្វើលិខិតទៅសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដើម្បីជួយអន្តរាគមន៍ ដើម្បីឱ្យគាត់បានមកចូលរួមបុណ្យសពមាតាក្មេករបស់លោក”។

លោកវ៉ាន់ ណារិត តំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ចាម នៃគណបក្សសង្គ្រោះជាតិ និង ជាអគ្គលេខាធិការគណៈកម្មការទី១០ នៃរដ្ឋសភា បានសរសេរនៅក្នុងហ្វេសប៊ុករបស់លោក នៅថ្ងៃទី២៥-ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “តាម ការពិតក្នុងជម្រៅចិត្តរបស់អ្នកនយោបាយ ក៏ ដូចរាស្ត្រខ្មែរសាមញ្ញទូទៅ នៅតែគិតថា ឈាម ជ័រជាខ្មែរអង្គរ អ្នកកាន់ព្រះពុទ្ធសាសនាដូចគ្នា តែងតែមានចិត្តស្រទ្បាញ់គ្នា និងសណ្តោសគ្នា ទៅវិញទៅមក ផ្ទុយទៅវិញ បើមើលកាយវិការ នៃសំបកខាងក្រៅមួយភ្លែត ហាក់បីដូចជាខ្លា និងម្រឹគ។

ខ្ញុំនៅតែមានជំនឿថា តាមរយៈកាយវិការ នេះ ខ្មែរនៅតែអាចនិយាយគ្នាបាន និងអាច ចូលរួមជាមួយគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ ខ្មែររួមគ្នា ខ្មែរខ្លាំង បរទេសឈប់មើលងាយ បរទេសឈប់ឈ្លានពាន”។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលខេត្ត ព្រៃវែង លោកសុខ ឥសាន បានលើកឡើងថា ការផ្ញើសារចូលរួមរំលែកទុក្ខពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន និងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ម្តាយក្មេកលោកសម រង្ស៊ី គ្រាន់តែជាការសម្តែងមនោសញ្ចោតនាក្នុងនាមជា ជនជាតិខ្មែរដូចគ្នា និងធ្លាប់ធ្វើការជាមួយគ្នា កន្លងទៅ ពោលគឺមិនអាចយកសពលោកស្រី មាសកេត សមភ័ត្រ ញឹក ជូឡុង មកលុបលាង អំពើខុសច្បាប់របស់លោកសម រង្ស៊ី និងមន្ត្រី- គណបក្សសង្គ្រោះជាតិបានទេ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES