Saturday, June 28, 2025
Homeសង្គម និងជីវិតកូនក្រមុំទៅរៀនគួរបាត់ខ្លួន ឪប្តឹងប៉ូលិស

កូនក្រមុំទៅរៀនគួរបាត់ខ្លួន ឪប្តឹងប៉ូលិស

ខេត្តឧត្តរមានជ័យ ៖ ក្មេងស្រីវ័យជំទង់ជាសិស្សសាលាម្នាក់ បានសុំឪពុកម្តាយចេញទៅរៀនគួរបន្ថែមនៅសាលា ជាមួយមិត្តភក្តិ រួចក៏ជិះម៉ូតូចេញពីផ្ទះបាត់ រហូតដល់ល្ងាច មិនឃើញត្រឡប់មកវិញសោះ ទើបឪពុកម្តាយផ្អើលឆោឡោ តាមរក តែមិនមានដំណឹងអ្វីសោះ ទើបធ្វើឱ្យមានការព្រួយបារម្ភ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍។

ក្មេងស្រីដែលបាត់ខ្លួន មានឈ្មោះនាក់ ស៊ុនអ៊ី អាយុ១៤ឆ្នាំ ជាសិស្សអនុវិទ្យាល័យ ហ៊ុន សែន ទួលស្វាយ មានលំនៅ ភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង២០នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋឈ្មោះហាប់ រិទ្ធី ភេទប្រុស មានលំនៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវជាពូរបស់ក្មេងស្រីឈ្មោះនាក់ ស៊ុនអ៊ី បានរាយការណ៍មកថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្មួយស្រីរបស់ខ្លួន ឈ្មោះនាក់ ស៊ុនអ៊ី

អាយុ១៤ឆ្នាំ បានសុំឪពុកម្តាយជិះម៉ូតូទៅរៀនគួរបន្ថែម នៅអនុវិទ្យាល័យហ៊ុន សែន ទួលស្វាយ ជាមួយមិត្តភក្តិ លុះដល់វេលាម៉ោង៥ល្ងាច ថ្ងៃដដែល បែរជាមិនឃើញត្រលប់មកផ្ទះវិញសោះ ហើយក្រុមគ្រួសារ សាច់ញាតិ បានចែកផ្លូវគ្នាតាមរកដែរ តែមិនទទួលបានតម្រុយអ្វីបន្តិចសោះ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានទៅកាន់លោកវរសេនីយ៍ឯក ស៊ូ នៅ អធិការរងនគរបាលស្រុកអន្លង់វែង ដើម្បីអន្តរាគមន៍ជាបន្ទាន់។ ភ្លាមនោះ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ (ផ្ទះរបស់ក្មេងស្រីដែលបាត់ខ្លួន) ដើម្បីសាកសួរព័ត៌មាន និងបានទទួលពាក្យបណ្តឹងពីឈ្មោះឆុំ នាក់ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីខាងលើផងដែរ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការផ្សព្វផ្សាយទៅគ្រប់បណ្តាអធិការដ្ឋាននគរបាលស្រុកទូទាំងខេត្ត និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីជួយអន្តរាគមន៍តាមស្វែងរក៕

RELATED ARTICLES