Saturday, June 28, 2025
Homeសង្គម និងជីវិតប្រុសស្នេហ៍ខ្ចីលុយអត់សង ស្រីសំពងក្បាល១ស្បែកជើងកែងចោត

ប្រុសស្នេហ៍ខ្ចីលុយអត់សង ស្រីសំពងក្បាល១ស្បែកជើងកែងចោត

ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ មិនដឹងថាមានជម្លោះនឹងគ្នាពីរឿងអ្វី ស្រាប់តែបើករថយន្តទំនើបចំនួនគ្រឿង ដេញបុកគ្នាទាំងមេឃកំពុងធ្លាក់ភ្លៀង បង្កឱ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងថែមទៀតនោះ គឺក្រោយពីខាងស្រីចុះពីលើរថយន្ត ដោះស្បែកជើងកែងចោត វាយខាងប្រុសបែកក្បាលហូរឈាមស្រោចខ្លួន រួចអះអាងថា ខឹងខាងប្រុសខ្ចីលុយអត់សង ទីបំផុតត្រូវសមត្ថកិច្ចឃាត់ភាគីទាំងសងខាង យកទៅប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នាឱ្យដឹងសខ្មៅ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលព្រហ្មមុខបួន ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Lexus NX-200t ពណ៌ស បើកមកដល់រង្វង់មូលព្រហ្មមុខបួន ក៏មាននារីរូបស្រស់ម្នាក់ទៀត បើករថយន្តស៊េរីទំនើប ១គ្រឿងទៀត ម៉ាក Mercedes  ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-9111 បានបើករថយន្តមកបាំងពីមុខរថយន្តខាងប្រុស ទើបភាគីខាងប្រុស បានបើករថយន្តទៅបុកគូទ

រថយន្ត Mercedes របស់ខាងស្រី ចំពីក្រោយ ពេញមួយទំហឹង បណ្តាលឱ្យបែកស្តុប ហើយពេលនោះ ក៏ឃើញខាងស្រីបានចុះពីលើរថយន្តទាំងខឹងផង យំផង រួចក៏បានដោះស្បែកជើងកែងចោត វាយក្បាលខាងប្រុស បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចខ្លួន ទាំងកណ្តាលភ្លៀងតែម្តង។

ប្រភពដដែល បន្តថា ក្រោយពីវាយខាងប្រុស ១កែងចោត រយះក្បាលរួច ខាងស្រីបានអះអាងថា ពួកនាងជាគូសង្សារនឹងគ្នា ហើយមូលហេតុដែលនាំឱ្យកើតមានជម្លោះនេះ គឺដោយសារតែនាងខឹងរឿងប្រុសស្នេហ៍ខ្ចីលុយអត់សង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ បានធ្វើការឃាត់សាកសួរទាំងភាគីទាំងសងខាង ប៉ុន្តែអ្នកទាំង២ ហាក់នៅមានកំហឹងក្នុងខ្លួនដូចគ្នា បន្តឈ្លោះគ្នាផ្អើលពេញផ្លូវ ដោយមិនស្តាប់សមត្ថកិច្ចនោះឡើយ។ ទីបំផុតសមត្ថកិច្ចក៏សម្រេចឃាត់អ្នកទាំង២ យកទៅប៉ុស្តិ៍សង្កាត់ជ្រោយចង្វា ដើម្បីសាកសួរនិងសម្រួលគ្នា៕

RELATED ARTICLES