Saturday, June 28, 2025
Homeសង្គម និងជីវិតប្តីប្តឹងចាប់ដាក់គុក ប្រពន្ធសុំយុត្តិធម៌

ប្តីប្តឹងចាប់ដាក់គុក ប្រពន្ធសុំយុត្តិធម៌

ភ្នំពេញ ៈ ស្ត្រីម្នាក់ បានអះអាងថា ខ្លួនកំពុងទទួលនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងសម្ពាធពីបុរសជាប្តីដែលបានលែងលះគ្នា (ប៉ុន្តែមិនទាន់ដាច់ស្រេច) ដែលចេះតែព្យាយាមតាមរករឿងធ្វើទុកបុកម្នេញខ្លួនជារឿយៗមិនដាច់ រហូតឈានដល់កើតមានជម្លោះ ប្រវាយប្រតប់ បណ្តាលឱ្យបុរសជាប្តីរងរបួសដៃបន្តិចបន្តួច ស្រាប់តែព្រឹកឡើង ប្តីបានប្តឹងសមត្ថកិច្ចឱ្យចាប់ឃាត់ខ្លួន បម្រុងបញ្ជូនទៅតុលាការទៅវិញ ទើបធ្វើឱ្យរូបខ្លួនដែលជាស្ត្រីភេទទន់ខ្សោយ មានការភ័យខ្លាច និងស្វះស្វែងរកអន្តរាគមន៍និងយុត្តិធម៌។

ស្ត្រីដែលអះអាងថាខ្លួនជាជនរងគ្រោះ និងកំពុងស្វះស្វែងរកអន្តរាគមន៍និងយុត្តិធម៌ រូបនេះ មានឈ្មោះវ៉េត អូនតូច បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។

ស្ត្រីឈ្មោះវ៉េត អូនតូច កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានមកសុំការពឹងពាក់អ្នកសារព័ត៌មាន ឱ្យជួយខ្លួន ដោយអះអាងថា ខ្លួនកំពុងរងនូវការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត មិនតែប៉ុណ្ណោះ ថ្មីៗនេះ ថែមទាំងត្រូវប្តីប្តឹងចាប់រូបគាត់ដាក់ពន្ធនាគារទៀតផង។

ស្ត្រីខាងលើ បានអះអាងថា គាត់មានប្តីឈ្មោះសួស ចំរើន ជាសាស្ត្រាចារ្យវិស្វករសំណង់ និងមានកូន ៤នាក់ (ប្រុស៣ ស្រី១) ហើយប្តីប្រពន្ធពួកគាត់បានរៀបអាពាហ៍ពិពាហ៍ តាមប្រពៃណីត្រឹមត្រូវតាមច្បាប់។

ស្ត្រីឈ្មោះវ៉េត អូនតូច បានបន្តថា ចាប់តាំងពីចាប់ដៃគ្នា អស់រយៈកាលច្រើនឆ្នាំមក គាត់តែងរងនូវការឈឺចាប់ទាំងផ្លូវចិត្តនិងផ្លូវកាយ ដោយសារតែប្តីប្រើអំពើហិង្សាជាញឹកញយ។ ប្តីរបស់គាត់ មិនដែលផ្តល់សេចក្តីទុកចិត្តដល់រូបគាត់ដូចស្វាមីគេដទៃឡើយ រាប់ទាំងការគ្រប់គ្រង ថវិកា គឺប្តីគាត់ឱ្យគាត់ចាយនិងចិញ្ចឹមកូនៗប្រៀបដូចអ្នកដទៃ។

លុះដល់ឆ្នាំ២០១៩ ជីវិតគ្រួសារគាត់ ក៏បានឈានទៅដល់ការបែកបាក់ និងលែងលះតាមផ្លូវតុលាការ ប៉ុន្តែមិនទាន់ដាច់ស្រេចជាស្ថាពរនៅឡើយ។ ក្រៅពីការវាយធ្វើបាប ប្តីគាត់បានចោទថា គាត់មានសហាយស្មន់ជាមួយប្រុសដទៃ។ ពេលឈឺចាប់ម្តងៗ គាត់ចង់តែសម្លាប់ខ្លួន តែនឹកគិតអាណិតកូនៗ ។  ក្នុងអំឡុងនៃការបែកបាក់ គាត់នៅផ្ទះចិញ្ចឹមកូនៗ ដោយរកស៊ីបន្តិចបន្តួច ហើយប្តីក៏មកម្តងម្កាល ប៉ុន្តែប្តីរបស់គាត់ ចេះតែតាមមករករឿងគាត់មិនឈប់  ដោយមានទាំងវាយតប់គាត់ និងផ្តាច់ប្រព័ន្ធភ្លើងក្នុងផ្ទះ មិនឱ្យប្រើប្រាស់ បិទហាងមិនឱ្យរកស៊ីជាដើម។

អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺនៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ គាត់បានសុំប្តីបើកអាជីវកម្មវិញ ដោយគាត់យល់ព្រមយកប្រាក់ខែ ប្រៀបដូចកូនឈ្នួល ដើម្បីបានប្រាក់ចិញ្ចឹមជីវភាពនិងផ្គត់ផ្គង់បន្ថែមដល់កូនៗផង។ បន្ទាប់មកក៏មានភ្ញៀវបរទសម្នាក់ ចូលមក ប្តីរបស់គាត់ក៏ចាប់ផ្តើមរករឿង រហូតឈានដល់ទាស់ពាក្យសម្តី និងឈានទៅប្រើប្រាស់អំពើហិង្សាទៀតផង។ ពេលនោះគាត់ក៏បានធ្វើឱ្យប្តីរបួសដៃបន្តិច ដោយអចេតនា ស្រាប់តែព្រឹកឡើង ប្តីបានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ដើម្បីឱ្យសមត្ថកិច្ចមកឃាត់ខ្លួនគាត់ យកទៅឃុំខ្លួន និងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន បម្រុងបញ្ជូនទៅតុលាការថែមទៀតផង។

អ្វីជាសំណូមពររបស់ស្ត្រីខាងលើ គឺសុំឱ្យប្រព័ន្ធតុលាការមេត្តាជួយចំណាត់ការឱ្យបានលឿន ដើម្បីឱ្យគាត់បានលះលែងគ្នាដាច់ស្រេច ចៀសវាងរងការឈឺចាប់បែបនេះ ហើយចៀសវាងឱ្យកូនៗឃើញទង្វើបែបនេះ និងសុំផ្ទះកំពុងរស់នៅសព្វថ្ងៃនេះ គ្រាន់ជ្រកកោន និងរកស៊ីចិញ្ចឹមបីចាប់ថែរក្សាកូនៗ។

ជុំវិញរឿងរ៉ាវខាងលើនេះ នៅមិនទាន់មានការបកស្រាយបំភ្លឺពីភាគីប្តី (លោកសួស ចំរើន) នៅឡើយទេ កាលពីម្សិលមិញ៕

RELATED ARTICLES