ភ្នំពេញ ៖ លោកឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួនអាជីវករម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដែលបទល្មើសមានចែងតាមបញ្ញតិឱ្យផ្តន្ទាទោសតាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០។

ជនសង្ស័យមានឈ្មោះពៅ ចាន់ទី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរតាមអនឡាញនិងចងការប្រាក់ មានលំនៅផ្ទះជួល ក្នុងបុរីប៉េងហួត បឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ បន្ទាប់ពីមានពាក្យបណ្តឹងរបស់ភាគីម្ចាស់ប្រាក់ ។

ដើមចមនៃពាក្យបណ្តឹងនោះ ត្រូវបានគេដឹងថា កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យបានទៅ សុំខ្ចីប្រាក់ពីមនុស្សម្នាក់ ដែលជាអ្នករាប់អានគ្នា ម្តង ៥ម៉ឺនដុល្លារ និងខ្ចីជាបន្តបន្ទាប់មកទៀតសរុបរហូតដល់ ១០ម៉ឺនដុល្លារ ដើម្បីយកទៅធ្វើដើមទុនប្រកបមុខរបររកស៊ីលក់ដូរ និងចង ការប្រាក់ ដោយមានកិច្ចសន្យាសងទៅដើមបណ្តឹងវិញតាមដំណាក់កាល ដែលក្នុងនោះដែរជនសង្ស័យបានប្រើប្រាស់មូលប្បទានបត្រចំនួន ២សន្លឹក ដាក់តម្កល់ឱ្យដើមបណ្តឹងជឿទុកចិត្ត ប៉ុន្តែសែកនោះជាសែកស្អុយ ក្រោយពេលភាគីដើមបណ្តឹងបានទៅដកប្រាក់ពីធនាគារ។
អង្គហេតុដូចបានរៀបរាប់នេះហើយ ទើបដើមបណ្តឹងបាននាំខ្លួនជនសង្ស័យទៅប្រគល់ជូនសមត្តកិច្ចឱ្យជួយចាត់ការតាមផ្លូវច្បាប់។

ជនសង្ស័យក៏បានសារភាពដែរថា ខ្លួនពិតជាបានខ្ចីប្រាក់គេមែន សរុប ៩ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុនរកស៊ី ប៉ុន្តែមុខរបរនិងចងការប្រាក់ ត្រូវបាញ់បោកគេជាបន្ត ទើបវ័ណ្ឌក គ្មានលុយសងទៅដើមបណ្តឹង៕