ខេត្តឧត្តរមានជ័យ ៖ សត្វខ្ទីងឈ្មោល ១ក្បាល បានដេញវ័ធប្រជាពលរដ្ឋចំនួនបីនាក់ (ឪពុកម្តាយកូន) បណ្តាលឱ្យរងរបួសធ្ងន់-ស្រាល ខណៈពេលដែលជនរងគ្រោះទាំង ៣នាក់ កំពុងកាប់ដើមដំឡូងមី នៅក្នុងចម្ការរបស់ខ្លួន។

ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅចំណុចចម្ការដំឡូងមី មួយកន្លែង ស្ថិតនៅភូមិថ្នល់បត់ ឃុំគោកមន ស្រុកបន្ទាយអំពិល។

ជនរងគ្រោះទាំង៣នាក់ ដែលត្រូវសត្វខ្ទីងដេញវ័ធ បណ្តាលឱ្យរងរបួស រួមមាន ទី១-ឈ្មោះយន់ វឿ អាយុ៥៤ឆ្នាំ ត្រូវជាប្តី (រងរបួសធ្លាយភ្លៅខាងស្តាំ)។ ទី២-ឈ្មោះស្នែ នៀវ អាយុ ៥៥ឆ្នាំ ត្រូវជាប្រពន្ធ (រងរបួសដៃខាងស្តាំ) និងទី៣-ឈ្មោះទិ គ្រឹង ភេទប្រុស អាយុ៣១ឆ្នាំ ត្រូវជាកូន (រងរបួសក្រោមជង្គង់ខាងស្តាំ)។ ជនរងគ្រោះទាំង៣នាក់ខាងលើ ប្រកបរបរធ្វើចម្ការ និងមានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់ កំពុងកាប់ដំឡូងមី នៅក្នុងចម្ការ ដូចសព្វដង ស្រាប់តែលេចសត្វខ្ទីងឈ្មោល មួយក្បាលធំ បានស្ទុះចេញមកពីព្រៃ ដេញវ័ធពួកគាត់ទាំងបីនាក់ បណ្តាលឱ្យរងរបួសតែម្តង។
ជនរងគ្រោះ បានបញ្ជាក់ថា ពួកគាត់សង្ស័យថា សត្វខ្ទីងនោះ នៅក្នុងព្រៃប្រទេសថៃ បានឆ្លងព្រំដែនចូលមកកម្ពុជា ព្រោះនៅតំបន់ដែលពួកគាត់រស់នៅ និងធ្វើចម្ការនេះ កន្លងមក មិនមានសត្វប្រភេទនេះ រស់នៅទេ។
ក្រោយកើតហេតុ ជនរងគ្រោះទាំង៣នាក់ខាងលើ ត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះ នៅមន្ទីពេទ្យបង្អែកខេត្ត។

លោកអ៊ឹង សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ សត្វខ្ទីងឈ្មោល ១ក្បាលនេះ កម្លាំងជំនាញ និងកម្លាំងសមត្ថកិច្ច កំពុងហ៊ុមព័ទ្ធ រង់ចាំកម្លាំងអភិរក្សសត្វព្រៃភ្នំតាម៉ៅ ធ្វើការតាមជំនាញ៕