Saturday, June 28, 2025
Homeសង្គម និងជីវិតវ៉ៃខ្នោះប្រុសស្រី២នាក់ ទិញលក់ត្រីក្រុមជនល្មើសឆក់ត្រជាក់

វ៉ៃខ្នោះប្រុសស្រី២នាក់ ទិញលក់ត្រីក្រុមជនល្មើសឆក់ត្រជាក់

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីពីរនាក់ ជាមុខសញ្ញាទទួលទិញនិងលក់ត្រីដែលក្រុមជនល្មើសប្រើប្រាស់ឧបករណ៍ឆក់ត្រជាក់។

កិច្ចប្រតិបត្តការខាងលើនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលនីតិវិធីពីលោកអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

ជនសង្ស័យទាំង២នាក់ ដែលត្រូវបានចាប់ឃាត់ខ្លួន ទី១-ឈ្មោះកែវ បូរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង និងទី២-ឈ្មោះចាំង ធីហឿង ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម មានលំនៅក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យសមត្ថកិច្ចជំនាញរដ្ឋបាលជលផល ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

តាមប្រភពព័ត៌មានពីមន្ត្រីជលផល បានឱ្យដឹងថា មកដល់ពេលនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៤នាក់ហើយ ពាក់ព័ន្ធទទួលទិញត្រីដោយឆក់ត្រជាក់ និងកំពុងធ្វើការស្រាវជ្រាវមុខសញ្ញានិងអ្នកទទួលត្រីពីក្រុមជនល្មើសប្រើប្រាស់ឧបករណ៍ឆក់ត្រីត្រជាក់ជាបន្តទៀត៕

RELATED ARTICLES