Saturday, June 28, 2025
Homeសង្គម និងជីវិតឃាត់ខ្លួនស្ត្រីមន្ត្រីក្រសួងរ៉ែ លួចលុយជាង៥០ម៉ឺនដុល្លារ

ឃាត់ខ្លួនស្ត្រីមន្ត្រីក្រសួងរ៉ែ លួចលុយជាង៥០ម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានធ្វើការឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែនិងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែនិងថាមពល ជាង៥០ម៉ឺនដុល្លារ។

ស្ត្រីសង្ស័យដែលត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីរាជការក្រសួងរ៉ែនិងថាមពល មានតួនាទីជាអនុប្រធានគ្រប់គ្រងចំណូល ក្រសួងរ៉ែនិងថាមពល ស្នាក់នៅផ្ទះលេខ 25Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

យោងតាមរបាយការណ៍បញ្ជាក់ដោយសមត្ថកិច្ច បានឱ្យដឹងថា សម្ភារបាត់បង់ក្នុងករណីលួចនេះ រួមមាន ទី១-នៅក្នុងទូដែក រួមមាន ប្រាក់រៀល ចំនួន ១៤៣១ ២៨៤  ៥៩៧.៨០រៀល (មួយពាន់បួនរយសាបមួយលានពីររយប៉ែតសិបបួនពាន់ប្រាំរយកៅសិបប្រាំពីររៀល ប៉ែតសិបសេន)។ ទី២-ប្រាក់ដុល្លារ ចំនួន ១៦០ ២៣៧,៩២ដុល្លារ (ដប់ប្រាំមួយម៉ឺនពីរយសាបសិបប្រាំពីរដុល្លារ និងកៅសិបពីរសេន)។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែ៣ ឆ្នាំ២០២២ ជនរងគ្រោះ ឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែនិងថាមពល បានសុំអនុញ្ញាតច្បាប់ ចំនួន៨ថ្ងៃ ដោយសារក្រុមគ្រួសារនិងរូបគាត់ផ្ទាល់ បានវិជ្ជមានជំងឺកូវីដ-១៩ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះ តាមទូរស័ព្ទថា សុំសោបន្ទប់ ឲ្យជាងធ្វើសោទូដែក គាត់ក៏ឲ្យជនសង្ស័យទៅយកពីប្រធានរដ្ឋបាល ពេលបានសោហើយ ជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញ ប្តូរទូដែកថ្មី មកជំនួសវិញ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ជនរងគ្រោះ បានមកធ្វើការវិញ ពេលចូលដល់ក្នុងបន្ទប់ ចាក់សោយកប្រាក់ឲ្យថ្នាក់ដឹកនាំ ស្រាប់តែចាក់សោពុំត្រូវ និងខុសលេខកូដ ទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យសែងទូដែកចេញក្រៅ ទើបជនសង្ស័យសារភាពថាខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែក។

ជុំវិញករណីនេះ មន្ត្រីនគរបាលយុត្តិធម៌កំពុងដំណើរការតាមនីតិវិធី៕

RELATED ARTICLES