ភ្នំពេញ ៖ បុរសជាជនសង្ស័យចំនួន២នាក់ បានបើករថយន្តស៊េរីរំនើប ១គ្រឿង ចូលទៅបរិវេណបុរីប៉េង ហួត បឹងស្នោ រួចធ្វើសកម្មភាពលួចកាច់កម៉ូតូ ១គ្រឿង របស់បុរសជាជាងសំណង់ម្នាក់ យកទៅបាត់ដោយសុវត្ថិភាព ប៉ុន្តែសកម្មភាពទាំងប៉ុន្មាន ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពក្នុងបុរី ដោយបង្ហាញតាំងពីភិនភាគរថយន្តទំនើប ស្លាកលេខ និងភិនភាគរបស់ជនសង្ស័យទាំង២នាក់ទៀតផង។

ករណីជនសង្ស័យបើកឡានទំនើប ចូលមកលួចកាច់កម៉ូតូជាងសំណង់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៩និង៥០នាទីព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ០២២ នៅចំណុចចំណតរថយន្តនិងម៉ូតូ ក្នុងបរិវេណបុរីប៉េង ហួត បឹងស្នោ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ។

ម៉ូតូដែលត្រូវបានជនសង្ស័យលួចយកទៅ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ តាកែវ 1Y-2133 ជាកម្មសិទ្ធិរបស់ឈ្មោះហ៊ាន សៀក ហៅវែង មុខរបរជាងសំណង់ មានលំនៅ ភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំណែក ជនសង្ស័យ មានគ្នា២នាក់ បើករថយន្ត ១គ្រឿង ម៉ាកកាមរី ស៊េរីរំនើប ពាក់ស្លាកលេខ កម្ពុជា THEAHENG។

យោងតាមគណនីហ្វេសប៊ុក ឈ្មោះង៉ែត សំបូរ ត្រូវជាមិត្តភក្តិរួមការងារជាមួយជនរងគ្រោះជាម្ចាស់ម៉ូតូ បានបង្ហាញពីវិដេអូកាមេរ៉ាសុវត្ថិភាព ដែលក្រុមជនសង្ស័យបានបើករថយន្តទំនើប ពាក់ស្លាកលេខ កម្ពុជា-THEAHENG ហើយចុះមកធ្វើសកម្មភាពលួច ម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម នៅក្នុងបុរីប៉េងហួត បឹងស្នោ ជាមួយសំណេរថា “ដំណឹងបាត់ម៉ូតូ បើបងប្អូនណាបានឃើញស្លាកលេខម៉ូតូនេះ សូមជួយផ្តល់ដំណឹងផង ០៩៦ ៤៣ ៦៩ ០៧០ ពូវែង គាត់ទើបទិញផង គាត់សន្សំទម្រាំបាន…”។

ជុំវិញករណីខាងលើនេះ មជ្ឈដ្ឋានទូទៅ រង់ចាំមើលថា តើក្រុមជនសង្ស័យអាចរត់គេចបានយូរប៉ុនណា បើសកម្មភាពរបស់ពួកគេ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈកាមេរ៉ាសុវត្ថិភាពបែបនេះ។ ជាមួយនេះ ជនរងគ្រោះ ក៏បានទទូចសំណូមពរដល់សមត្ថកិច្ច មេត្តាជួយស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមច្បាប់ឱ្យបានឆាប់ផង៕