Saturday, June 28, 2025
Homeសង្គម និងជីវិតក្រសួងរ៉ែ ទទួលស្គាល់មន្រ្ដីលួចលុយអង្គភាព ៥០ម៉ឺនដុល្លារ

ក្រសួងរ៉ែ ទទួលស្គាល់មន្រ្ដីលួចលុយអង្គភាព ៥០ម៉ឺនដុល្លារ

ភ្នំពេញ ៖ ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយទទួលស្គាល់ថា មន្ដ្រីរបស់ខ្លួនដែលមានតួនាទីជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល ពិតជាបានលួចលុយរបស់អង្គភាពប្រាកដមែន។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា បន្ទាប់ពីបានដឹងនូវអំពើខាងលើ ប្រធានអង្គភាព បានរៀបចំផ្ទៀងផ្ទាត់បញ្ជីបឋម ហើយឃើញថា ថវិកាដែលបានបាត់បង់ជាប្រាក់ដុល្លារ មានចំនួន ១៦០ ២៣៧,៩២ (មួយរយហុកសិបពាន់ ពីររយសាមសិប ប្រាំពីរ និងកៅសិបពីរសេន) ដុល្លារអាមេរិក និងប្រាក់រៀលចំនួន ១៤៣១ ២៨៤,៥៩៧,៨០ (មួយពាន់បួនរយ សាមសិបមួយលាន ពីររយប៉ែតសិបបួនពាន់ ប្រាំរយកៅសិបប្រាំពីរ និងប៉ែតសិបសេន) រៀល ដែលក្នុងនោះជាខ្ទង់ថវិកាប្រាក់រង្វាន់បានមកពីចំណូលសេវាសាធារណៈរបស់ក្រសួងរ៉ែនិងថាមពល តាមប្រកាសអន្តរក្រសួង។

ថវិកាទាំងអស់នេះ សម្រាប់បើកជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់ក្រសួងរ៉ែនិងថាមពល និងប្រាក់ពង្រឹងយន្តការ ដែលថ្នាក់ដឹកនាំទាំងអស់របស់ក្រសួង បានចូលរួមសន្សំចាប់តាំងពីឆ្នាំ២០១៧ មក សម្រាប់ដោះស្រាយការងារទូទៅរបស់ក្រសួង លើមុខការផ្សេងៗ របស់ក្រសួង ដែលគ្មានថវិការដ្ឋសម្រាប់ចំណាយ។ ថវិកាសរុបដែលបាត់បង់ខាងលើនេះ ពុំមែនជាថវិកាសម្រាប់បង់ចូលថវិការដ្ឋទេ។

សូមរំលឹកថា កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ០៣ ឆ្នាំ២០២២ បានឃាត់ខ្លួនស្ត្រីម្នាក់ ដែលមានតំណែងជាអនុប្រធានគ្រប់គ្រងចំណូលក្រសួងរ៉ែនិងថាមពល ពាក់ព័ន្ធនឹងករណីលួចប្រាក់ចេញពីទូដែកក្រសួងរ៉ែ និងថាមពល ជាង៥០ម៉ឺនដុល្លារ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ ជិន លក្ខិណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរអនុប្រធានក្រគ្រប់គ្រងចំណូល (ក្រសួងរ៉ែនិងថាមពល) ស្នាក់នៅផ្ទះលេខ២៥Eo ផ្លូវលេខ១៩ ភូមិ៣ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែ៣ ឆ្នាំ២០២២ ជនរងគ្រោះឈ្មោះ ហ៊ាន ថាវី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរប្រធាននាយកដ្ឋានគ្រប់គ្រងចំណូលរ៉ែនិងថាមពល បានសុំអនុញ្ញាតច្បាប់ចំនួន ៨ថ្ងៃ ដោយសារក្រុមគ្រួសារ និងរូបគាត់ផ្ទាល់មានវិជ្ជមានជំងឺកូវីដ-១៩ លុះដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ជនសង្ស័យបានផ្ញើសារទៅជនរងគ្រោះតាមទូរស័ព្ទថា សុំសោបន្ទប់ ឲ្យជាងធ្វើសោទូដែក គាត់ក៏ឲ្យជនសង្ស័យទៅយកពីប្រធានរដ្ឋបាល ពេលបានសោហើយ ជនសង្ស័យក៏ចូលទៅឆ្កឹះទូដែក និងសែងទូដែកចេញ ប្តូរទូដែកថ្មីមកជំនួសវិញ។

សមត្ថកិច្ចបានរៀបរាប់ទៀតថា លុះដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ជនរងគ្រោះក៏មកធ្វើការវិញ ពេលចូលដល់ក្នុងបន្ទប់ ចាក់សោយកប្រាក់ឲ្យថ្នាក់ដឹកនាំ ស្រាប់តែចាក់សោពុំត្រូវ និងខុសលេខកូដ ទើបគាត់ហៅជនសង្ស័យមកសួរ ហើយឆែកមើលតាមកាមេរ៉ាសុវត្ថិភាព ស្រាប់តែឃើញជនសង្ស័យសែងទូដែកចេញក្រៅ ទើបជនសង្ស័យសារភាពថា ខ្លួនជាអ្នកឆ្កឹះទូដែក និងប្តូរទូដែក៕

RELATED ARTICLES