ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចរៀបចំសង្ក្រានវត្តភ្នំ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ម.ស ១៩៤៤ ច.ស ១៣៨៤ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ត្រូវបានផ្អាកអស់រយៈពេលពីរឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ ០២៦/២២ សជណអ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ មានខ្លឹមសារទាំងស្រុងថា «យោងផែនការណែនាំលេខ ០២/២០២២ គជបអ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងសេចក្ដីណែនាំលេខ ០០៨/២២ សណន.អ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គស ២០២២ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ គ.ស

២០២២ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្រ្កាន្តវត្តភ្នំ ដោយមានកម្មវិធីកម្សាន្តសប្បាយ ដូចជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើមស្លឹកឈើ និងការលេងល្បែងប្រជាប្រិយប្រពៃណី ជាតិផ្សេងទៀត ដែលមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានពិធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ កាតតាំងបង្ហាញគំនូរសិល្បៈ ការប្រគំតន្ដ្រីបុរាណ សម័យ និងរាំកម្សាន្ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ដ្រវត្តភ្នំ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែមេសា ឆ្នាំ២០២២។

ទន្ទឹមនេះ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន អធិកអធម រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ដ៏ល្អប្រសើររបស់ជាតិ និងទប់ស្កាត់បាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង រដ្ឋបាលរាជធានីភ្នំពេញ សូមណែនាំឲ្យប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន រួមទាំងសិល្បករ សិល្បការិនី ដែលចូលរួមក្នុងកម្មវិធីនេះ ត្រូវបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ និងដូសជំរុញ និងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដូចជា ការពាក់ម៉ាស់ ការលាងដៃជាមួយអាល់កុល ឬជែលសម្លាប់មេរោគ និងការរក្សាគម្លាតសុវត្ថិភាពបុគ្គល សង្គម ដោយរាល់ការចូលរួមលេងល្បែងប្រជាប្រិយ ឬចូលទស្សនាកម្មវិធីនានា នៅក្នុងបរិវេណទីតាំងរៀបចំកម្មវិធី ត្រូវឲ្យសមាមាត្រនឹងបរិវេណទីតាំង។
ទទួលបានសេចក្ដីជូនដំណឹងនេះ នាយករដ្ឋបាលសាលរាជធានីភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ត្រូវផ្សព្វផ្សាយ អនុវត្តឲ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់»៕