ខេត្តសៀមរាប ៖ ក្មេងស្ទាវឈាមរាវចំនួន២នាក់ បានធ្វើសកម្មភាពចាប់រំលោភបូកទៅលើយុវតីម្នាក់ដែលទើបនឹងមានវ័១៦ឆ្នាំ រហូត ដល់បានសម្រេចម្តងម្នាក់នៅក្នុងចម្ការដំឡូងមីមួយកន្លែង លុះក្រោយមក រំលងបានប្រមាណ១ឆ្នាំ ទើបយុវតីរងគ្រោះដាច់ចិត្តទម្លាយរឿងរ៉ាវ ប្រាប់ឪពុកម្តាយ និងឈានដល់ការដាក់ពាក្យបណ្តឹងចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីរំលោភបូកខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ មកម៉្លេះ ស្ថិតនៅចំណុចចំការដំឡូងមី (សំបុក ចាប) ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។ រហូតមកដល់រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ទើបសមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដោយយោងតាមពាក្យបណ្តឹងរបស់ឪពុកម្តាយក្មេងស្រីរងគ្រោះ។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ នេះថា កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែណូយ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ទៅតាមពាក្យបណ្តឹងរបស់គ្រួសារជនរងគ្រោះ។
ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ខាងលើ រួមមាន ទី១-ឈ្មោះផើង ស៊ីផូ ភេទប្រុស អាយុ១៦ឆ្នាំ មានលំនៅ ភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។ និងទី២-ឈ្មោះបាន ប៊ូន ហៅហួង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១៦ឆ្នាំ មានលំនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចមូលដ្ឋាន បានបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ ធ្វើឡើងតាមបញ្ជារបស់លោកព្រះរាជអាជ្ញាអមសាលា ដំបូងខេត្ត ដោយចោទពីបទរំលោភសេពសន្ថវៈ (រំលោភបូក) កើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅចំណុចចំការដំឡូងមី (សំបុក ចាប) ក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ទៅលើជនរងគ្រោះអាយុ១៦ឆ្នាំ។
សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីរំលោភបូកលើក្មេងស្រីនៅចំការដំឡូងនេះ បានកើតឡើងជាងមួយឆ្នាំមកហើយ ទើបគ្រួសារ ជនរងគ្រោះមកប្តឹងសមត្ថកិច្ច។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ឱ្យកម្លាំងការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការ បន្តតាមនីតិវិធី។/