Friday, June 27, 2025
Homeសន្ដិសុខសង្គមកូនស្រវឹង ដុតផ្ទះម៉ែឪឆេះហ្មត់ គំរាមមិនឱ្យពន្លត់

កូនស្រវឹង ដុតផ្ទះម៉ែឪឆេះហ្មត់ គំរាមមិនឱ្យពន្លត់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្រោយពីផឹកស្រាស្រវឹង ក៏បង្ករឿងអុកឡុកក្រុមគ្រួសារ រួចធ្វើសកម្មភាពដុតផ្ទះឪពុកម្តាយចោល បណ្តាលឱ្យឆាបឆេះ និងថែមទាំងគំរាម មិនឱ្យបងប្អូនសាច់ញាតិជួយពន្លត់ទៀតផង ទីបំផុត ផ្ទះទាំងមូលបានក្លាយទៅជាចំណីភ្លើងត្រឹម មួយប៉ព្រិចភ្នែកប៉ុណ្ណោះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ។

ជនបង្កហេតុដែលដុតផ្ទឪះពុកម្តាយបណ្តាលឱ្យឆាបឆេះអស់គ្មានសល់ មានឈ្មោះជា ដារី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ។ ចំណែកផ្ទះដែលទទួលរងការឆាបឆេះ ធ្វើអំពីឈើជញ្ជាំងឈើ ដំបូលប្រក់ស័ង្កសី ក្រាលក្តារ ទទឹង៦ម៉ែត្រ បណ្តោយ១០ម៉ែត្រ ជាកម្មសិទ្ធិរបស់ឈ្មោះជា សំអាន ភេទប្រុស អាយុ៦៨ ឆ្នាំ និងប្រពន្ធឈ្មោះសំ ខុន អាយុ៥៥ឆ្នាំ មានលំនៅភូមិ ស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ (ឆេះអស់ទាំងស្រុង រួមទាំងសម្ភារៈប្រើប្រាស់ក្នុងផ្ទះនិង ឯកសារសំខាន់ៗ មួយចំនួន ទៀត)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កខាងលើស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ បានកើតមានជំលោះជាមួយនឹងឪពុកម្តាយរបស់ខ្លួន តែមិនដឹងផ្តើមចេញពីមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ លុះក្រោយមក ស្រាប់តែជនបង្ក ជាកូនប្រុស ក៏ធ្វើសកម្មភាពដុតផ្ទះ រួចសម្លុតគំរាម បងប្អូនសាច់ញាតិ មិនឱ្យអ្នកណាម្នាក់ចូលជួយពន្លត់ដាច់ខាត ពុំនោះទេ គេនឹងវាយ រហូតដល់ភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ទើបជនសង្ស័យបានរត់គេចបាត់ ហើយភ្លាមនោះប្រជាពលរដ្ឋក្បែរខាង បានព្យាយាមជួយពន្លត់ដែរ តែមិនឈ្នះ ទើបរាយការណ៍សុំអន្តរាគមន៍ពី សមត្ថកិច្ច។

ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសហការណ៍ជាមួយកម្លាំងស្រុក អាជ្ញាធរ ប្រជាការពារ បានចុះ ទៅដល់កន្លែងកើតហេតុភ្លាម ក៏ប៉ុន្តែផ្ទះត្រូវបានឆាបឆេះអស់ មុនសមត្ថកិច្ចចុះទៅដល់និងសុំអន្តរាគមន៍ពីលោកអធិការ យករថយន្តពន្លត់អគ្គិភ័យ ស្រុកកៀនស្វាយ បានអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្ត០១គ្រឿង ទឹកអស់ចំនួន១ឡានទើបរលត់ជាស្ថាពរ។/

RELATED ARTICLES