Friday, June 27, 2025
Homeសង្គម និងជីវិតឆ្មក់បង្ក្រាបហ្គេមបាញ់ត្រី ក្នុងផ្សារស៊ីធីម៉ល

ឆ្មក់បង្ក្រាបហ្គេមបាញ់ត្រី ក្នុងផ្សារស៊ីធីម៉ល

ភ្នំពេញ ៖ បន្ទាប់ពីមានការចុះផ្សាយព័ត៌មានជុំវិញទីតាំងហ្គេមបាញ់ត្រីដ៏ធំមួយកន្លែង នៅក្នុងផ្សារទំនើប ស៊ីធីម៉ល ជាន់ទី២ ដែលសម្ងំបើកលេងយ៉ាងគឃ្លីន ពង្វក់ស្មារតីយុវវ័យ និងហាក់គ្មានខ្លាចរអាចំណាត់ការរបស់សមត្ថកិច្ចនិង

អាជ្ញាធរមូលដ្ឋានរួចមក នៅវេលាម៉ោង ៣រសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោកពាន វាសនា អភិបាលរងខណ្ឌ៧មករា បានដឹកនាំកម្លាំងជាច្រើននាក់ ចុះធ្វើការបិទទីតាំង មេជីកអិនធើធែនមិន ដែលមានទីតាំងនៅជាន់ទី២ ផ្សារស៊ីធីម៉ល ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា នោះហើយ។

ប្រតិបត្តិបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងដោយមានការចូលរួមពីសំណាក់លោកនាយករដ្ឋបាលខណ្ឌ លោកអធិការរងខណ្ឌ៧មករា ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម នាយរងរដ្ឋបាលខណ្ឌ និងប្រធានក្រុម១ ប្រជាការពារខណ្ឌផងដែរ ។

ក្នុងនោះ អាជ្ញាធរមានសមត្ថកិច្ច បានពិនិត្យឃើញមានទូហ្គេមបាញ់ត្រី ចំនួន២ទូ និងទូហ្គេមតុក្កតា ចំនួន២ទូ ដោយបានសម្រេចធ្វើការដកហូតបានទូហ្គេមទាំង៤ទូ ខាងលើ យកមកកាន់សាលាខណ្ឌ៧មករា ខណៈទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ក៏ត្រូវបានក្រុមការងារសម្រេចធ្វើការបិទជាបណ្តោះអាសន្ន រង់ចាំអាជ្ញាធរមានចំណាត់ការបន្តទៀត។

សូមបញ្ជាក់ផងដែរថា ការចុះបង្ក្រាបនេះ ធ្វើឡើងតាមបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍តាមរយៈបណ្តាញសារព័ត៌មាន ឱ្យជួយផ្សព្វផ្សាយ ដើម្បីដឹងដល់អាជ្ញាធរថ្នាក់លើ ខណៈទីតាំងល្បែងស៊ីសងបាញ់ត្រីមួយកន្លែងនេះ បានលួចលាក់បើកលេងយ៉ាងគឃ្លើន មានអ្នកចូលលេង ចេញ-ចូល បណ្តាក់គ្នារាល់ថ្ងៃ ដោយពួកគាត់បានលើកឡើងថា ពីមួយថ្ងៃទៅមួយថ្ងៃ មិនចេះអស់លុយតិចនោះទេ។

យ៉ាងណា បន្ទាប់ពីឃើញចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការសប្បាយរីករាយ និងកោតសរសើរចំពោះការយកចិត្តទុកដាក់ និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ៕

RELATED ARTICLES