ខេត្តកំពង់ឆ្នាំង ៖ លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង ៩ ក្នុងស្រុកទឹកផុស ដើម្បីត្រួតពិនិត្យ តាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។
ពិធីនេះ បានប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅបរិវេណសាលាស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ផាក់ឱ្យដឹងតាមរយៈគណនី ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកយ៉ាងដូច្នេះថា “ព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ខ្ញុំបាទ បានចូលរួមក្នុងពិធីជួបសំណេះ សំណាល ពិភាក្សាការងារ ត្រួតពិនិត្យសភាពការណ៍ទូទៅ ជាមួយក្រុមប្រឹក្សាឃុំទាំង០៩ ក្នុងស្រុកទឹកផុស ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត នៅសាលាស្រុកទឹកផុសខេត្តកំពង់ឆ្នាំង” ។
តាមការបញ្ជាក់របស់លោកគឹម វាសនា ការអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំទាំង៩ ក្នុងស្រុកទឹកផុស ពីសំណាក់លោកអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនាពេលនេះ គឺដើម្បីត្រួតពិនិត្យ តាមដានការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល និងដើម្បីដោះស្រាយកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន៕