Friday, June 27, 2025
Homeសន្ដិសុខសង្គមឃុំខ្លួនពាណិជ្ជករម្នាក់ ចេញសែកស្អុយ ៧ម៉ឺនដុល្លារ

ឃុំខ្លួនពាណិជ្ជករម្នាក់ ចេញសែកស្អុយ ៧ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោកអួង វុទ្ធា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ បានចេញដីកាសម្រេចឃុំខ្លួនពាណិជ្ជករម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ពោលគឺចេញមូលប្បទានបត្រអត់សាច់ប្រាក់ (សែកស្អុយ) ប្រមាណជាង ៧ម៉ឺនដុល្លារ ដែលប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ តាមបញ្ញាតិ និងផ្តន្ទាទោសតាមមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ។

ជនសង្ស័យ មានឈ្មោះសុខ សំណាង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានលំនៅ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីសាកសួរ ពាក់ព័ន្ធការចោទប្រកាន់លើការប្រើប្រាស់សែកស្អុយប្រមាណជាង ៧ម៉ឺនដុល្លារ៕

RELATED ARTICLES