Friday, June 27, 2025
Homeសន្ដិសុខសង្គមឆេះឡាន២គ្រឿងកណ្តាលយប់ សង្ស័យគេលួចដុត

ឆេះឡាន២គ្រឿងកណ្តាលយប់ សង្ស័យគេលួចដុត

ភ្នំពេញ ៖ រថយន្តចំនួន ២គ្រឿង បានទទួលរងការឆាបឆេះទាំងកណ្តាលយប់ បណ្តាលឱ្យរងការខូចខាតអស់ទាំងស្រុង និងមានការសង្ស័យថា មានអ្នកលួចដុត តែក្រោយសមត្ថកិច្ចជំនាញចុះពិនិត្យ បានសន្និដ្ឋានថា មូលហេតុផ្តើមចេញពីការឆ្លងចរន្តចេញពីក្បាលអាគុយរថយន្ត បង្កើតបានជាអគ្គិភ័យ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ  ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវលំ ផ្ទះលេខ២ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ម្ចាស់ទីតាំងដែលរងការឆាបឆេះខាងលើ មានឈ្មោះឈឹម ចាន់ឌឿន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរលក់ដូរ និងឈ្មោះ អ៊ែម សំអុល ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរគ្រូពេទ្យ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ មានសេចក្តីរាយការណ៍មកថា មានករណីអគ្គិភ័យមួយបានកើតឡើងនៅចំណុចខាងលើ ដោយរថយន្តចំនួន ២គ្រឿង បានរងការឆាបឆេះយ៉ាងខ្លាំង។ ភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន បានរាយការណ៍បន្តទៅខាងជំនាញអគ្គិភ័យ បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ភ្លាមៗ។

ប្រភពដដែល បន្តថា មូលហេតុដែលនាំឱ្យកើតមានការឆាបឆេះនេះ គឺបណ្តាលមកពីឆ្លងចរន្តពីក្បាលអាគុយបង្កជាអគ្គិភ័យ បង្កឱ្យរងការខូចខាតរថយន្តចំនួន ២គ្រឿង ទាំងស្រុង ដោយក្នុងនោះ ទី១-រថយន្តម៉ាក Ford ស៊េរី

ឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-6570 ឆេះខូចខាតផ្នែកខាងមុខ និងទី២-រថយន្តម៉ាកហាយឡែនដឺរ ស៊េរីឆ្នាំ២០០១ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG 6157 ឆេះខូចខាតផ្នែកខាងក្រោយ។ យ៉ាងណា ហេតុការណ៍នេះ ពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ហើយក៏មិនបណ្តាលឱ្យមនុស្សណាម្នាក់ ទទួលរងគ្រោះថ្នាក់ដែរ។

នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ  កងកម្លាំងអន្តរាគមន៍បង្ការ-ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តការិយាអគ្គិភ័យ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១រថយន្ត ស្មើនឹង ៤ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ៤និង២០នាទី ទៀបភ្លឺ ថ្ងៃដដែល៕

RELATED ARTICLES