Friday, June 27, 2025
Homeសន្ដិសុខសង្គមស្នេហ៍បែកបាក់ ប្រពន្ធមានប្តីថ្មី ប្តីចាស់តាមចាក់សម្លាប់

ស្នេហ៍បែកបាក់ ប្រពន្ធមានប្តីថ្មី ប្តីចាស់តាមចាក់សម្លាប់

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីមេម៉ាយជាជនជាតិខ្មែរម្នាក់ បានឆ្លងដែនចេញទៅបម្រើការងារនៅក្នុងប្រទេសថៃ រួចក៏បានទាក់ទងស្នេហាជាមួយបុរសជនជាតិថៃ ម្នាក់ រួមរស់ជាមួយគ្នាដូចប្តីប្រពន្ធបានមួយរយៈខ្លី ក៏បែកបាក់គ្នាវិញ ដោយសារតែបុរសជាប្តីថៃ ជាមនុស្សប្រមឹក និងប្រើប្រាស់ថ្នាំញៀន លុះពេលចែកផ្លូវគ្នារួច អតីតប្តីជនជាថៃ ចេះតែទូរស័ព្ទគំរាមមិនឱ្យអតីតប្រពន្ធខ្លួនមានប្រុសថ្មីដាច់ខាត ស្រាប់តែពេលដឹងថាខាងស្រី កំពុងទាក់ទងស្នេហាជាមួយប្រុសថ្មី អតីតប្តីឆេះឆួលកំហឹង ក៏ផឹកស្រាស្រវឹង រួចយកកូនកាំបិត ចាក់សម្លាប់អតីតប្រពន្ធ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីអំពើឃាតកម្មដ៏សាហាវឃោរឃៅ អតីតប្តីចាក់សម្លាប់អតីតប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចហាងលក់ដូរមួយកន្លែង ស្ថិតក្នុងខេត្តសាមុទ្រប្រាកាន ប្រទេសថៃ។

ស្ត្រីរងគ្រោះដែលត្រូវអតីតប្តីចាក់សម្លាប់យ៉ាងសាហាវឃោរឃៅ មានឈ្មោះណុប ណារី អាយុ៣៤ឆ្នាំ ជាជនជាតិខ្មែរ ជាស្ត្រីមេម៉ាយ កូន៤នាក់ ទើបនឹងចូលទៅបម្រើការងារក្នុងប្រទេសថៃ បានរយៈពេលប្រមាណជាង ១ឆ្នាំប៉ុណ្ណោះ ដោយបម្រើការងារនៅក្នុងហាងលក់ដូរ មួយកន្លែង ស្ថិតនៅទីតាំងកើតហេតុខាងលើ។ ចំណែកជនដៃដល់ជាឃាតករ ដែលត្រូវជាអតីតប្តីរបស់ស្ត្រីរងគ្រោះ មានឈ្មោះវ៉ាន់ ឈុំភូមឿង អាយុ៣១ឆ្នាំ ជាជនជាតិថៃ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ស្ត្រីរងគ្រោះជាជនជាតិខ្មែរខាងលើ គឺជាស្ត្រីមេម៉ាយកូន៤នាក់ ប៉ុន្តែក្រោយមក នាងក៏បានធ្វើចំណាកស្រុកចេញពីស្រុកកំណើត ដោយឆ្លងដែនចូលមកធ្វើការងារនៅក្នុងប្រទេសថៃ រួចក៏បានជួបស្គាល់ជាមួយនឹងជនដៃដល់ឈ្មោះវ៉ាន់ ឈុំភូមឿង ដែលជាជនជាតិថៃ បន្ទាប់មកក៏បានទាក់ទងស្នេហារួមរស់នឹងគ្នាដូចប្តីប្រពន្ធអ៊ីចឹង។ ក្រោយមក ចំណងស្នេហ៍របស់អ្នកទាំង២ មិនសមប្រកបនោះទេ ដោយសារតែភាគីខាងប្តីថៃ គឺជាមនុស្សប្រមឹក និងញៀនថ្នាំ ពិសេសមិនមានការងារអ្វីធ្វើនោះទេ ហើយតែងរករឿងប្រពន្ធមិនឈប់ ទើបធ្វើឱ្យការរួមរស់មិនចុះសម្រុង ក៏ឈានដល់ការចែកផ្លូវគ្នាវិញទៅ។

ប្រភពដដែលបន្តថា បន្ទាប់ពីបែកបាក់គ្នា ជនដៃដល់ជាប្តីថៃ បានទាក់ទងស្នេហាជាមួយនឹងស្រីថ្មីផ្សេងទៀត ប៉ុន្តែបែរជាព្យាយាមខលទូរស័ព្ទមកគំរាមអតីតប្រពន្ធ (ស្ត្រីរងគ្រោះ) មិនឱ្យមានប្រុសថ្មីទៀតដាច់ខាត ពុំនោះទេ គេនឹងសម្លាប់ចោលមិនខាន។ រហូតដល់មួយរយៈចុងក្រោយនេះ ស្ត្រីរងគ្រោះក៏បានទាក់ទងស្នេហាជាមួយនឹងបុរសថ្មីម្នាក់ទៀត ជាហេតុធ្វើឱ្យអតីតប្តីកំណាចឆេះឆួលកំហឹងយ៉ាងខ្លាំង និងចេះតែទូរស័ព្ទមកគំរាមមិនឈប់។

ប្រភពខាងលើ បញ្ជាក់ថា លុះមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ខណៈដែលស្ត្រីរងគ្រោះកំពុងតែបម្រើការងារនៅក្នុងហាង (ទីតាំងកើតហេតុខាងលើ) ដូចសព្វដង ក៏ស្រាប់តែលេចមុខជនដៃដល់ជាអតីតប្តី ស្ថិតក្នុងអាការស្រវឹងជោក បានដើរចូលមករករឿងឈ្លោះប្រកែកជាមួយនឹងស្ត្រីរងគ្រោះជាអតីតប្រពន្ធ លុះបន្តិចក្រោយមក ជនដៃដល់ជាប្តីថៃ ក៏បានដកកូនកាំបិតដែលសៀតលាក់ទុកនៅក្នុងចង្កេះ យកមកចាក់ប្រហារទៅលើអតីតប្រពន្ធខ្មែរ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងតែម្តង។ ចំណែកជនដៃដល់ជាឃាតករ ក៏ត្រូវបានតម្រួតថៃ ចាប់វាយខ្នោះជាប់ភ្លាមៗផងដែរ។

ករណីនេះ សមត្ថកិច្ចថៃ បានបញ្ជាក់ថា ជនសង្ស័យនៅតែស្រលាញ់ស្ត្រីរងគ្រោះជាអតីតប្រពន្ធជនជាតិខ្មែរ ហើយថ្ងៃកើតហេតុ ជននោះបានទិញស្រា ១ដប មកផឹក ហើយយកកូនកាំបិតសៀតចង្កះ ទៅរកអតីតប្រពន្ធ រួចចាក់សម្លាប់តែម្តង៕

RELATED ARTICLES