ខេត្តកំពង់ស្ពឺ ៖ នារីវ័យក្មេងម្នាក់ បានទាក់ទងស្នេហាជាមួយនឹងបុរសចំណាស់ម្នាក់ មួយរយៈ ក៏ឈានដល់ការសែនព្រេនយកគ្នាជាប្តីប្រពន្ធ រំពឹងថាប្តីចាស់ចេះថ្នមថ្នាក់ យល់ទុក្ខធុរៈ ដឹងអីប៉ះប្តីចាស់ដូង តណ្ហាក្រាស់ បង្ខំរួមភេទញឹកញាប់រាល់ថ្ងៃ រហូតដល់ប្រពន្ធទប់លែងជាប់ ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍តែម្តង។
ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង២១នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិទេពភិរម្យ ឃុំវាលពន់ ស្រុកថ្ពង។

ស្ត្រីរងគ្រោះដែលត្រូវប្តីចំណាស់សុំរួមភេទរាល់ថ្ងៃ រហូតដល់ទប់លែងជាប់នោះ មានឈ្មោះប៊ី ស្រីនិច្ច អាយុ២៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកបុរសជាប្តី មានឈ្មោះវ៉ាង ស៊ីនចាវ ជនជាតិចិន អាយុ៤៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EG803624 ផុតកំណត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៩ VISA EB 3EEX1900426565 ផុតកំណត់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ សព្វថ្ងៃ ស្នាក់នៅផ្ទះជាមួយគ្នា។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នាងបានស្គាល់គ្នាជាមួយបុរសជនជាតិចិន ឈ្មោះវ៉ាង ស៊ីនចាវ ដែលបានមកធ្វើការនៅប្រទេសកម្ពុជា អស់រយៈពេល២ឆ្នាំកន្លះមកហើយ ដោយបម្រើការងារឱ្យក្រុមហ៊ុនផលិតកាបូប មួយកន្លែង នៅជាប់ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ។ ក្រោយមក ពួកនាងក៏បានចាប់ចិត្តស្រលាញ់គ្នា រហូតឈានដល់សុំរៀបចំសែនព្រេនតាមប្រពៃណី ធ្វើជាប្តីប្រពន្ធនឹងគ្នារហូតមក។
ស្ត្រីរងគ្រោះខាងលើ បានបញ្ជាក់ថា ក្រោយពីចាប់ដៃប្តីចំណាស់នេះមក រូបនាងរំពឹងថា អាចនឹងរស់នៅក្នុងសេចក្តីសុខ សុភមង្គល ព្រោះរំពឹងថាប្តីចាស់ ចេះថ្នមថ្នាក់ យល់ទុក្ខធុរៈប្រពន្ធ ដឹងអី បែរជាប៉ះចំប្តីចាស់តែខ្លួន ប៉ុន្តែកម្លាំងនៅពេញ ពិសេសតណ្ហាក្រាស់ខ្លាំងណាស់ ដោយចាប់តាំងពីបានសែនព្រេនជាប្តីប្រពន្ធមក បុរសជាប្តីបានបង្ខំរួមភេទជាមួយនាងជាញឹកញាប់ សឹងតែមិនដែកខានមួយថ្ងៃណាឡើយ ហើយថ្ងៃខ្លះច្រើនដងទៀត រហូតដល់រូបនាងទ្រាំទ្រមិនបាន ដាច់ចិត្តរត់មកប្តឹងសមត្ថកិច្ចឲ្យជួយតែម្តង។
លោកវរសេនីយ៍ឯក ហ៊ុន សុហុន អធិការដ្ឋាននគរបាលស្រុកថ្ពង បានឱ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីស្ត្រីឈ្មោះប៊ី ស្រីនិច្ច រួចមក លោកបានឱ្យខាងជំនាញ ចុះស្រាវជ្រាវ និងនាំបុរសជាប្តីជនជាតិចិន ឈ្មោះវ៉ាង ស៊ីនចាវ មកសាកសួរនៅអធិការដ្ឋាននគរបាល។
លោកអធិការបានបន្តថា រឿងរ៉ាវខាងលើជាករណីអំពើហិង្សាផ្លូវភេទ ហើយពេលនេះ សមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕