Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនប្រសាប្តឹងតុលាការបង្កកទ្រព្យសម្បត្តិ ឪក្មេកនាំកូនស្រី វ៉ៃខ្វាចរបួសពេញខ្លួន

កូនប្រសាប្តឹងតុលាការបង្កកទ្រព្យសម្បត្តិ ឪក្មេកនាំកូនស្រី វ៉ៃខ្វាចរបួសពេញខ្លួន

ខេត្តកោះកុង ៖ លោកឡុញ សុផល មេឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង និងភរិយា ព្រមទាំងកូនស្រីរបស់ខ្លួន ឈ្មោះមួន សុខលី ត្រូវបានបុរសឈ្មោះញ៉ែម ង៉ែតសុផុន ជាកូនប្រសា និងត្រូវជាប្តីរបស់កូនស្រីឈ្មោះមួន សុខលី ប្តឹងចោទប្រកាន់ថាបានលើកគ្នាទៅរករឿង វាយតប់ ខ្វាចខ្លួន បណ្តាលឱ្យរងរបួសពេញខ្លួន ដោយសារតែខឹងសម្បារឿងប្តឹងទៅតុលាការ ដើម្បីបង្កកទ្រព្យសម្បត្តិរួម ដោយពួកគេត្រូវលែងលះគ្នា។

ករណីខាងលើនេះ ត្រូវបានបុរសឈ្មោះញ៉ែម ង៉ែតសុផុន អះអាងថា បានកើតឡើង កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ហើយក្រៅពីការជេរប្រមាថហើយនោះ ម្តាយក្មេក និងប្រពន្ធ បានព្រួតគ្នាប្រើប្រាស់អំពើហិង្សា (ខ្វាចខ្ញាំ) បណ្តាលឱ្យមានរបួសស្នាមមកលើរូបខ្លួនថែមទៀតផង។ ដោយសារគិតថា ខ្លួនជាប្រុស ទើបមិនបានវាយតបតទៅកាន់ប្រពន្ធ និងម្តាយក្មេកវិញនោះទេ គ្រាន់តែគេចដើម្បីការពារខ្លួនប៉ុណ្ណោះ។

យោងតាមពាក្យបណ្តឹងរបស់បុរសឈ្មោះញ៉ែម ង៉ែតសុផុន បានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានរៀបរាប់ទាំងស្រុងថា នៅថ្ងៃកើតហេតុ ឈ្មោះមួន សុខលី ភេទស្រី អាយុ ៣០ឆ្នាំ (ប្រពន្ធ) និងម្តាយក្មេកឈ្មោះ ពុច ស៊ីណា និងឪពុកឈ្មោះ ឡុញ សុផល រស់នៅភូមតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ បានមកបង្ករបួសស្នាម និងរំលោភបំពានលំនៅឋាន ស្ថិតនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយជនបង្កហេតុ បានប្រមូលសម្ភារៈ និងទ្រព្យសម្បត្តិមួយចំនួន ចេញពីលំនៅឋាននេះ ខណៈតុលាការបានចេញសេចក្តីសម្រេចរក្សាការពារដីផ្ទះនេះទុកដើម្បីកាត់ក្តី។

ពាក្យបណ្តឹងខាងលើ បានបញ្ជាក់ទៀតថា អ្នកទាំងបីនាក់នេះ បានចូលមកក្នុងផ្ទះដោយមិនមានការអនុញ្ញាត ព្រមទាំងបង្កការអុកឡុក រករឿងវាយតបមកលើរូបរាយ ដោយគ្មានមូលហេតុ ធ្វើឱ្យកើតមានរបួសស្នាមនៅក្នុងផ្ទះរបស់ខ្លួន។ ភ្លាមៗនោះ រូបខ្លួនដែលជាជនរងគ្រោះបានទាញទូរស័ព្ទថតវីដេអូ ទុកជាឯកសារ តែជនបង្កហេតុជាម្តាយក្មេក និងកូនស្រី បានរារាំងចាប់ទាញមិនឱ្យថត និងបានបោកទូរស័ព្ទចោលទៀតផង។

បុរសឈ្មោះញ៉ែម ង៉ែតសុផុន បានបញ្ជាក់បន្ថែមថា ផ្ទះរបស់ខ្លួនមានបំពាក់កាមេរ៉ាសុវត្ថិភាពដែរ តែមុនកើតហេតុ ខ្លួនបានគេងក្នុងបន្ទប់ មិនបានដឹងថា មានអ្នកបិទកុងតាក់ភ្លើងកាមេរ៉ាសុវត្ថិភាព តាំងពីណានោះទេ។ ទោះជាយ៉ាងណា ខ្លួនក៏បានថតវីដេអូបានមួយចំនួន បញ្ជាក់ អំពីការជេរប្រមាថ និងប្រព្រឹត្តិអំពើហិង្សាខាងលើនេះ ទុកជាភ័ស្តុតាងជូនសមត្ថកិច្ច។

ដោយសំអាងលើអង្គហេតុទាំងអស់នេះ ជនរងគ្រោះ បានស្នើដល់សមត្ថកិច្ចពាក់ព័ន្ធ កោះហៅអ្នកទាំង៣នាក់ខាងលើនេះ មកធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធី។

គួរបញ្ជាក់ថា កាលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោកងួន ធីរៈ ចៅក្រមសាលាដំបូងខេត្តកោះកុង បានចេញដីការសម្រេចចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់មិនឱ្យឈ្មោះមួន សុខលី លក់ ជួល បញ្ចាំ ផ្ទេរសិទ្ធិ ធ្វើអំណោយមត៌ក ប្រទានកម្ម អច្ច័យទាន ឬដាក់ហ៊ីប៉ូតែក អនុប្បទាន សន្តិតិកម្ម ធ្វើអាជីវកម្ម សាងសង់ សំណង់គ្រប់ប្រភេទ និងធ្វើការផ្សេងៗនៅលើអចលនវត្ថុចំនួន ២កន្លែង ដូចខាងក្រោម ៖

ទី១ៈ អចលនវត្ថុដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចនវត្ថុ មានទំហំ ២០៩ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ផ្ទះជនរងគ្រោះកំពុងស្នាក់នៅ)។

ទី២ៈ អចលនវត្ថុដែលមានលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី មានទំហំ ៥២៥ម៉ែត្រការ៉េ ដែលមានទទឹង១៥ម៉ែត្រ និងបណ្តោយ៣៥ម៉ែត្រ មានទីតាំងស្ថិតនៅភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីលោកឡុញ សុផល មេឃុំភ្ញីមាស និងកូនស្រី បានទេកាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES