ភ្នំពេញ ៖ ករណីបាត់ម៉ូតូ នៅកន្លែងផ្ញើមួយកន្លែង តែអ្នកទទួលផ្ញើ មិនទទួលខុសត្រូវ ទីបំផុត ត្រូវបានសម ត្ថកិច្ចកោះហៅភាគីទាំងសងខាង ទៅសាកសួរបំភ្លឺ និងធ្វើការសម្របសម្រួល រហូតឈានដល់ការបញ្ចប់រឿង ដោយភាគីម្ចាស់ទីតាំងទទួលផ្ញើម៉ូតូ បានសម្រេចសងប្រាក់ចំនួន ១៥០០ដុល្លារ ទៅម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿង។

តាមប្រភពក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ករណីបាត់ម៉ូតូ នៅកន្លែងផ្ញើម៉ូតូ មួយកន្លែង ចំណុចផ្លូវលេខ១៨៤ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ និងដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ និងអញ្ជើញភាគីម្ចាស់ទីតាំង ទទួលផ្ញើម៉ូតូ និងម្ចាស់ម៉ូតូ មកសាកសួរបំភ្លឺ ជុំវិញករណីខាងលើ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជម្នះ។

បន្ទាប់ពីសមត្ថកិច្ចសាកសួរភាគីទាំងពីររួចរាល់ ភាគីទាំងពីរ មានការយោគយល់គ្នា ដោយខាងភាគីម្ចាស់ទីតាំងផ្ញើម៉ូតូ បានយល់ព្រមសងសំណង ជាទឹកប្រាក់ ចំនួន ១៥០០ដុល្លារ ទៅភាគីម្ចាស់ម៉ូតូដែលបាត់ ដើម្បីបញ្ចប់រឿង៕

