Tuesday, November 19, 2024
Homeព័ត៌មានជាតិសម្តេច​​ហ៊ុន សែន ចូល​​រួម​​មហា​​សន្និ​​បាត សភា​​តំបន់​​អាស៊ី

សម្តេច​​ហ៊ុន សែន ចូល​​រួម​​មហា​​សន្និ​​បាត សភា​​តំបន់​​អាស៊ី

សៀមរាប ៖ សម្តេចហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញ ចូលរួមក្នុងមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៩ ក្រោមប្រធានបទ “ការជំរុញសន្តិភាព និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុង តំបន់អាស៊ី” ដែលប្រារឰឡើងរយៈពេល៥ថ្ងៃ នៅសណ្ឋាគារសុខា ទឹកដីខេត្តសៀមរាប។ ក្នុង ឱកាសនោះ សម្តេចក៏បានជួបពិភាក្សាការងារ ជាមួយប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន ផងដែរ។

មហាសន្និបាតសភាតំន់អាស៊ីលើកទី៩ នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ ខ្ពស់នៃរដ្ឋសភា ព្រឹទ្ធសភា មកពីបណ្តាប្រទេស ជាសមាជិកសភាតំបន់អាស៊ី យ៉ាងតិច២៥ប្រទេស ជាមួយនឹងវត្តមានគណៈប្រតិភូបណ្តាប្រទេស ជាអ្នកសង្កេតការណ៍ អង្គការដៃគូរបស់សភា តំបន់អាស៊ី ជាច្រើនរយនាក់ទៀត”។

ពិធីបើកមហាសន្និបាតលើកទី៩ ជាផ្លូវការ បានប្រារឰធ្វើនៅរសៀលថ្ងៃទី២៨ វិច្ឆិកា ដោយ មានព្រះរាជសារស្វាគមន៍របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូន ដល់មហាសន្និបាតនិងការថ្លែងសុន្ទរកថារបស់ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗ នៃព្រះរាជាណាចក្រ កម្ពុជា មានសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា សម្តេចសាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្និ- បាតសភាអាស៊ីលើកទី៩ជាដើម។ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងនៅក្នុងមហា- សន្និបាតសភាតំបន់អាស៊ីលើកទី៩នោះថា “ត្រូវ តែរួមគ្នាទប់ស្កាត់នូវសកម្មភាពបដិវត្តន៍ពណ៌ ដែលផ្តើមចេញពីការស្អប់ខ្ពើមបុគ្គលម្នាក់ បែរ ជាធ្វើទង្វើវិនាសកម្មសម្លាប់មនុស្សរាប់ម៉ឺនរាប់ លាននាក់ ដូចជានៅកម្ពុជា ព្រោះតែការស្អប់ សម្តេចសីហនុ បែរជាធ្វើឱ្យមានភ្លើងសង្គ្រាម និង សម្លាប់ពលរដ្ឋខ្មែររាប់លាននាក់”។

hun-sen

សម្តេចហ៊ុន សែន បានថ្លែងបន្តថា “ដើម្បី រក្សាសន្តិភាពបានទាល់តែកុំឱ្យមានអ្នកបំផ្លាញ សន្តិភាព ដើម្បីរក្សាសន្តិភាពបាន ទាល់តែទប់ ស្កាត់អ្នកបង្កសង្គ្រាម។ ការអភិវឌ្ឍ និងសន្តិភាព មិនអាចកាត់ផ្តាច់គ្នាបាននោះឡើយ គ្មាន សន្តិភាព មិនអាចមានការអភិវឌ្ឍបាននោះ ឡើយ”។

ដោយឡែក នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន បានជួបប្រជុំ ពិភាក្សាការងារជាមួយលោក Raza Rabbani  ប្រធានព្រឹទ្ធសភានៃប្រទេសប៉ាគីស្ថាន នៅទី- ក្រុងសៀមរាប ផងដែរ ក្នុងឱកាសដែលសម្តេច អញ្ជើញចូលរួមមហាសន្និបាតសភាតំបន់អាស៊ី លើកទី៩ នោះ។

លោក Raza Rabbani បានបង្ហាញនូវ ចិត្តសោមនស្សរីករាយ ដែលបានជួបពិភាក្សា ការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី ស្របពេល នឹងការអញ្ជើញចូលរួមហាសន្និបាតសភាតំបន់ អាស៊ីលើកទី៩ (The 9th Plenary Session of Asian Parliamentary Assembly) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅសណ្ឋាគារ សុខា ខេត្តសៀមរាប ក្រោមប្រធានបទ “ការ ជំរុញ សន្តិភាព និងការអភិវឌ្ឍប្រកបដោយ និរន្តរភាពនៅក្នុងតំបន់អាស៊ី”។ លោក Raza Rabbani បានថ្លែងអំណរគុណចំពោះសម្តេច នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែល បានទទួលរៀបចំ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរូបលោក និងប្រតិភូទាំងអស់។ ទន្ទឹមនឹង នេះ លោកប្រធានព្រឹទ្ធសភា ប្រទេសប៉ាគីស្ថាន ក៏បានលើកឡើងផងដែរ អំពីការផ្លាស់ប្តូរនៃ ស្ថានការណ៍ពិភពលោក ដែលជាការព្រួយបារម្ភ ហើយដែលអាស៊ាន ត្រូវតែរក្សានូវជំហរនិងអត្ត- សញ្ញាណរបស់ខ្លួន ឱ្យបានរឹងមាំ។

សម្តេចនាយករដ្ឋមន្ត្រី មានមោទនភាព និងស្វាគមន៍ចំពោះវត្តមានលោក Raza Rabbani និងប្រតិភូទាំងអស់ដែលបានអញ្ជើញមកចូល រួមនៅក្នុងមហាសន្និបាតលើកទី៨ និងទី៩ នៅ កម្ពុជា។

សម្តេចហ៊ុន សែន ក៏បានបញ្ជាក់ផងដែរ ថា អាស៊ានបច្ចុប្បន្ន គឺជាតំបន់ដ៏ទាក់ទាញ ដែល មានអ្នកចង់ធ្វើជាដៃគូយ៉ាងច្រើន។ ប៉ាគីស្ថាន អាចក្លាយជាដៃគូមួយដ៏ល្អរបស់អាស៊ានផង ដែរ។ ទន្ទឹមនឹងនេះ សម្តេចក៏បានលើកឡើង អំពីការព្រួយបារម្ភនៃសភាពការណ៍ពិភពលោក ជាមួយនឹងភាពសាំញ៉ាំនៃការវាយទប់ស្កាត់ អំពើភេរវកម្មដែលហាក់ដូចជាកំពុងរាលដាល មកដល់តំបន់អាស៊ាន ដូចជាប្រទេសហ៊្វីលីពីន ដែលកំពុងវាយទប់ស្កាត់អង្គការភេរវកម្ម  ISIS។ គឺយើងត្រូវរួមគ្នាបំបាត់អំពើភេរវកម្ម ដើម្បី បង្កើនជំនឿទុកចិត្តឡើងវិញ ហើយវេទិកា សន្ទនាអំពីសន្តិភាព និងការអភិវឌ្ឍប្រកបដោយ និរន្តរភាព ដែលប្រារឰនៅកម្ពុជាពេលនេះ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ទាំងសម្រាប់ ប្រទេសអាស៊ាន ក៏ដូចជាសម្រាប់ប្រទេស ដែល ជាសមាជិកនៃ APA ទាំងអស់។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ និង ថ្លែងអំណរគុណផងដែរ អំពីទំនាក់ទំនងល្អ និង ការទទួលស្គាល់របស់ប៉ាគីស្ថាន ចំពោះកម្ពុជា តាំងពីពេលដែលប្រទេសកម្ពុជា មិនទាន់បាន ទទួលឯករាជ្យពេញលេញ។ ស្ថានភាពសេដ្ឋកិច្ច នៃប្រទេសទាំងពីរសព្វថ្ងៃ គឺប្រហាក់ប្រហែល គ្នា។ សម្តេចបានគាំទ្រនិងជំរុញឱ្យបង្កើនទំហំ ពាណិជ្ជកម្មឱ្យបានខ្ពស់ឡើង គឺក្នុងនោះប្រទេស ទាំងពីរកម្ពុជា-ប៉ាគីស្ថាន អាចសហការគ្នាលើ វិស័យពាណិជ្ជកម្ម និងទេសចរណ៍ ហើយត្រូវ ស្វែងរកវិស័យដទៃៗទៀត ដើម្បីជំរុញកំណើន សេដ្ឋកិច្ច ដែលនាំមកនូវផលប្រយោជន៍សម្រាប់ ប្រជាជាតិទាំងពីរ។

សម្តេចហ៊ុន សែន បានរំលឹកផងដែរ អំពី ខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេស ទាំងពីរ កម្ពុជា-ប៉ាគីស្ថាន នៅឆ្នាំ២០១៧ ខាង មុខនេះ។ សម្តេចបានគាំទ្រនិងណែនាំឱ្យមាន កិច្ចសហការរៀបចំពិធីអបអរសាទរចំណង មិត្តភាពកម្ពុជា-ប៉ាគីស្ថាន ឱ្យកាន់តែរឹងមាំខ្លាំង ឡើងថែមទៀត៕

ដោយ ៖ ដារិទ្ធ 

RELATED ARTICLES