Thursday, June 26, 2025
Homeព័ត៌មានសិល្បៈតារាភេទទីបី ផេន ខេក រៀបការបានជាង១ខែ លែងប្តី

តារាភេទទីបី ផេន ខេក រៀបការបានជាង១ខែ លែងប្តី

ភ្នំពេញ ៖ តារាភេទទី៣ នាងផេន ខេក បានធ្វើឲ្យមហាជន​ជាពិសេសមិត្តរួមអាជីព មានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានប្រកាសលែងប្តី ក្រោយពីរៀបការតាមប្រពៃណីខ្មែរ បានត្រឹមតែជាងមួយខែប៉ុណ្ណោះ មូលហេតុដោយសារប្តីក្បត់ចិត្ត លួចមានស្រីថ្មី ។

ផេន ខេក បានបង្ហោះរូបថតនាងនិងប្តី ចំនួន ៤សន្លឹក ដោយគូសសញ្ញាខ្វែងពីលើ ក្នុងទំព័រហ្វេសប៊ុក របស់នាង នៅថ្ងៃទី១៨ ខែមេសា​ឆ្នាំ ២០២២ ជាមួយសំណេរថា «៦ឆ្នាំនេះ ទុកជាការយល់សប្តិទៅចុះ… សង្ឃឹមថា អ្នកនឹងមើលថែ

អ្នកថ្មីឲ្យបានល្អ មិនក្បត់គេដូចដែលក្បត់ខ្ញុំទេ ព្រោះមើលទៅអ្នកទាំង២ ស្រឡាញ់គ្នាខ្លាំងណាស់។ (បញ្ជាក់ ៖ មិនមែនសម្តែង ព្រោះមិននឹកស្មាន ហើយក៏ពិបាកទទួលយកជាងរឿងខ្ញុំជំពាក់លុយគេទៀត)»។

គួររំលឹកថា នាងផេន ខេក (ឈ្មោះដើម វ៉ាន់ សំណាង) អាយុ ២៨ឆ្នាំ ដែលមានទម្ងន់ដល់ទៅ ១២៥គីឡូក្រាម បានរៀបការជាមួយបុរសសង្ហា លោកឈិន វិឆៃ យ៉ាងអធិកអធម កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ នៅវិមានពិភពថ្មី សែនសុខ ក្នុងខណ្ឌសែនសុខ។

សូមបញ្ជាក់ថា នាងផេន ខេក បានភ្ជាប់ចំណងស្នេហ៍ជាមួយបុរសសង្ហា លោកឈិន វិឆៃ រយៈពេលជិត ៦ឆ្នាំ មកហើយមុននឹងឈានដល់ការរៀបការតាមប្រពៃណីខ្មែរ ក្រោយពួកគេបានបង្កើតមុខរបរតាម Online ជាមួយគ្នា រហូតសន្សំលុយទិញបានផ្ទះផ្ទាល់ខ្លួន ហើយគ្រោងរៀបការតាំងពីចុងឆ្នាំ២០១៩ តែបានលុបចោលមង្គលការផ្គួបពិធីឡើងផ្ទះនោះវិញ ដោយសារតែការរីករាលដាលនៃជំងឺឆ្លង កូវីដ-១៩ ។

គួរបញ្ជាក់ថា តារាភេទទី៣ គីឡូធ្ងន់ នាងផេន ខេក ក្រៅពីជាតារាសម្តែង និងពិធីករល្បីឈ្មោះមួយរូប នាងក៏ជាតារាកំប្លែងក្នុងក្រុមយក្សភ្លោះ របស់ស្ថានីយទូរទស្សន៍ខ្មែរ ប៉ុស្តិ៍លេខ៩ ជាមួយតារាភេទទីបីដូចគ្នា នាងយេយេ ផងដែរ ដែលពួកគេសុទ្ធតែមានគូស្នេហ៍ជាប្រុសសង្ហា និងធ្លាប់បានបង្ហាញមុខគូសង្សាររបស់ពួកគេជាចំហ យ៉ាងស្អិតល្មួតទៀតផង។ ប៉ុន្តែគួរឲ្យស្តាយ ផេន ខេក បានសម្រេចបំណងនៃការរៀបការជាមួយសង្សាររបស់នាង លោកវិឆៃ ទៅហើយ តែចំណងអាពាហ៍ពិពាហ៍របស់ពួកគេ បានត្រឹមតែជាងមួយខែប៉ុណ្ណោះ ក៏ឈាមដល់ផ្លូវបំបែកទៅហើយ៕

RELATED ARTICLES