ខេត្តបាត់ដំបង ៖ បុរសវ័យជាង ៤០ឆ្នាំម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ដោយសារតែមានវិបត្តិផ្លូវចិត្តរឿងស្ត្រីដែលខ្លួនស្រលាញ់បដិសេធស្នេហ៍។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្រុមទី៦ ភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន។

បុរសដែលចងសម្លាប់ខ្លួននោះ មានឈ្មោះ សុន ម៉ឹង ហៅ ណោក ភេទប្រុស អាយុ ៤៥ឆ្នាំ មានមុខរបរជាកម្មករឃ្វាលគោ មានលំនៅ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលក្រុមគ្រួសារភ្ញាក់ពីដេក ក៏បានប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួននៅកណ្តាលផ្ទះតែម្តង ទើបកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

បើតាមការអះអាងពីសាច់ញាតិ បានបញ្ជាក់ថា ជនរងគ្រោះមានវិបត្តិផ្លូវ គឺខូចចិត្តរឿងស្នេហា សុំស្រលាញ់ស្ត្រីម្នាក់ តែមិនបានសមបំណង ដោយត្រូវខាងស្រីបដិសេធស្នេហ៍ ទើបឈានដល់ការធ្វើអត្តឃាតបែបនេះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចសន្និដ្ឋានថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។
សព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕