Tuesday, March 24, 2026
Homeសេដ្ឋកិច្ចជាតិក្រុមហ៊ុនសូគីម៉ិច ប្រកាសអស់ហ្គាស់ រដ្ឋមន្ត្រីថាមពលថា កុំស្លន់ស្លោ អស់១ នៅ៦

ក្រុមហ៊ុនសូគីម៉ិច ប្រកាសអស់ហ្គាស់ រដ្ឋមន្ត្រីថាមពលថា កុំស្លន់ស្លោ អស់១ នៅ៦

ភ្នំពេញ ៖ ក្រោយពេលដែលក្រុមហ៊ុនសូគីម៉ិច របស់អ្នកឧកញ៉ា សុខ គង់ ប្រកាសថា នឹងផ្អាកការផ្គត់ផ្គង់ហ្គាស់ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ ដោយសារអស់ហ្គាស់ ធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្ដើមព្រួយបារម្ភពីការអស់ហ្គាស់ប្រើប្រាស់នោះ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ បានចេញមុខអំពាវនាវប្រជា ពលរដ្ឋ កុំមានការភ័យស្លន់ស្លោ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការដោះស្រាយបញ្ហាថាមពលនេះ ជាបន្តបន្ទាប់ ហើយលោករដ្ឋមន្ត្រី បញ្ជាក់ថា ក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ឧស្ម័ន LPG (ហ្គាស់) តែ ៣ភាគរយប៉ុណ្ណោះ ក្នុងចំណោមក្រុមហ៊ុននាំចូលឧស្ម័ន ឬហ្គាស់ ចំនួន ៧ក្រុមហ៊ុន នៅកម្ពុជា ដូច្នេះបើអស់១ក្រុមហ៊ុន ក៏នៅសល់ ៦ក្រុមហ៊ុនទៀត ។

តាមរយៈវីដេអូ បង្ហោះតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្តបន្ទាប់ ក្នុងការដោះស្រាយបញ្ហាថាមពល ដែលចេញមកពីសង្គ្រាម នៅអីរ៉ង់ ។ ដូច្នេះសូមប្រជាពលរដ្ឋ កុំមានការស្លន់ស្លោ ព្រោះប្រសិនបើក្រុមហ៊ុនសូគីម៉ិច មិនអាចផ្គត់ផ្គង់ ចាប់ពីខែមេសា តទៅ យើងក៏នៅមានប្រភពមួយចំនួនធំ ទៀត ដែលអាចផ្គត់ផ្គង់ជូនប្រទេសយើងប្រើប្រាស់បាន ។

លោករដ្ឋមន្រ្តី កែវ រតនៈ បានមានប្រសាសន៍ថា “សូមជម្រាបសួរ ពុកម៉ែ បងប្អូនទាំងអស់ ដែលកំពុងតែតាម ដានស្ថានភាពនៃថាមពលរបស់កម្ពុជា ហើយជាពិសេស ការផ្គត់ផ្គង់ឧស្ម័ន និងប្រេងឥន្ធនៈ នៅកម្ពុជា ក្នុងសភាពការណ៍ដែលមានជម្លោះនៅតំបន់មជ្ឈិមបូព៌ា ហើយដាក់សម្ពាធមកប្រទេសទាំងអស់ក្នុងពិភពលោក ក្នុងតំបន់ ហើយជាពិសេសប្រទេសកម្ពុជា ។ យើងខ្ញុំបានធ្លាប់រាយការណ៍ជូនបងប្អូនប្រជាពលរដ្ឋ រួចមកហើយថា យើង រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺកំពុងតែតាមដាន ហើយដាក់វិធានការជាបន្តបន្ទាប់ ដើម្បីធានា ទី១ យើងមានថាមពលអគ្គិសនីគ្រប់គ្រាន់ ទី២ ខិតខំចូលរួមចំណែកអស់លទ្ធភាព ដើម្បីបន្ធូរបន្ថយតម្លៃប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ឲ្យបានជាអតិបរមា ជូនដល់បងប្អូនប្រជាពលរដ្ឋនៃប្រទេសកម្ពុជា ហើយយើងខ្ញុំក៏បានជម្រាបជូនពីខាងដើមថា នៅពេលដែលសភាពការណ៍មកដល់ ពីដំណាក់មួយ ទៅដំណាក់មួយ រាជរដ្ឋាភិបាលកម្ពុជា មានសេចក្ដីក្លា ហានគ្រប់គ្រាន់ ដើម្បីនឹងយកការពិត មកជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដោយគ្មានការលាក់បាំងទេ ។ ធានាទី២ ត្រូវបានធ្វើរួចហើយ ទី១ គឺអគ្គិសនីកម្ពុជា ដែលជាចន្ទល់ដ៏រឹងមាំរបស់វិស័យថាមពលរបស់យើង ត្រូវឈរជើងរឹងមាំ មានន័យថា ការផ្គត់ផ្គង់ មិនខ្វះ ហើយថ្លៃ មិនឲ្យឡើង ទោះបីជាអគ្គិសនីកម្ពុជា ត្រូវរងសម្ពាធថ្លៃ ។ មានន័យថា ថ្លៃដើមនៃការផលិត បានកើនឡើងយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមការបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺឲ្យអគ្គិសនីកម្ពុជា ផ្គត់ផ្គង់ដដែល ថ្លៃដដែល ហើយមិនឡើងថ្លៃ ។ បញ្ហានេះ បាននិងកំពុងអនុវត្តរួចមកហើយ ។ បញ្ហាទី២ នៅក្នុងស្លាបនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ វិធានការពីរ ត្រូវបានដាក់ ។ វិធានការទី១ គឺធ្វើម៉េច ខិតខំដើម្បីឲ្យមានប្រភព យើងនៅតែអាចនាំចូលឧស្ម័ននិងប្រេងឥន្ធនៈ ដើម្បីបម្រើសេដ្ឋកិច្ចសង្គមកម្ពុជា ។ ពិតហើយ ក្នុងសភាពការណ៍ដ៏លំបាកនេះ គឺបើប្រៀបធៀបជាមួយនឹងមុនវិបត្តិ ប្រទេសកម្ពុជាយើង ក៏ដូចជាប្រទេសនានានៅក្នុងពិភពលោក មានការលំបាកក្នុងការទទួលបាននូវបរិមាណដែលខ្លួនចង់បាន មិនថាប្រេងសាំង មិនថាប្រេងម៉ាស៊ូត មិនថាប្រេងចាក់យន្តហោះ ឬមួយក៏ឧស្ម័ន LPG នោះទេ ។ កម្ពុជាយើង ដោយសារការខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការធ្វើកិច្ចការជាមួយក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ នៅកម្ពុជា ។ ឧទាហរណ៍ ដូចជាក្រុមហ៊ុនអាមេរិក កាល់តិច ដូចជាក្រុមហ៊ុនបារាំង តូតាល់ ហើយនិងដៃគូដទៃទៀត ទាំងក្នុងនិងក្រៅប្រទេស គឺមកទល់ពេលនេះ ថ្វីត្បិតតែមានការតានតឹងជាងមុនជម្លោះនៅមជ្ឈិមបូព៌ា ប៉ុន្តែកម្ពុជាយើង នៅតែមានប្រេងឥន្ធនៈគ្រប់ប្រភេទ ដើម្បីផ្គត់ផ្គង់សេដ្ឋកិច្ចយើង“ ។

លោក កែវ រតនៈ បានមានប្រសាសន៍បន្តថា “ដូច្នេះបញ្ហានេះ គឺបានធ្វើមួយកម្រិត ដោយសាររដ្ឋាភិបាល កំពុងតែធ្វើការ ។ មានន័យថា ក្រសួងរ៉ែនិងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ធ្វើកិច្ចការទាំងយប់ ទាំងថ្ងៃ ដើម្បីធានាប្រភព កុំឲ្យវាអត់មានមកក្នុងប្រទេសយើង ។ បញ្ហាថ្លៃ រាជរដ្ឋាភិបាល បានបន្តវិធានការបន្ត ដកពន្ធនិងអាករគ្រប់ប្រភេទទាំងអស់ ដើម្បីទី១ សម្រួលកុំឲ្យថ្លៃបុកទៅរកប្រជាពលរដ្ឋ ១០០ភាគរយ ។ អ៊ីចឹងរដ្ឋាភិបាល បានកាត់ពន្ធ កាត់អាករ ជាច្រើនប្រភេទ ដើម្បីធ្វើឲ្យថ្លៃនេះ មានផលប៉ះពាល់តិចបំផុត តាមដែលអាចធ្វើទៅបាន ដល់បងប្អូនប្រជាពលរដ្ឋ ហ្នឹងក៏កំពុងអនុវត្ត ។ ទី២ រាជរដ្ឋាភិបាល ក៏បានដកអាករ និងពន្ធមួយចំនួនទៀត ដើម្បីសម្រួលដល់អ្នកនាំប្រេងចូល ពីព្រោះបើ សិនជាចំណាយថ្លៃដើមរបស់គាត់ខ្ពស់ ហើយយើងអត់ជួយទៀត អ្នកនាំប្រេង អ្នកនាំឧស្មន្ធ នឹងឈប់នាំចូល ទៀត ។ ដូច្នេះវិធានការនេះ ក៏កំពុងតែបានធ្វើជាបន្តបន្ទាប់រួចមកហើយ ។ ស្ថានភាពចុងក្រោយ យើងខ្ញុំ មក ទល់ពេលនេះ អាចរាយការណ៍ជូនបងប្អូនប្រជាពលរដ្ឋថា ប្រេងចាក់យន្តហោះ ប្រេងសាំង ប្រេងម៉ាស៊ូត គឺយើងនៅតែបន្តទិញបាន ដើម្បីផ្គត់ផ្គង់ ទោះបីជាមានការតឹងតែងជាងមុនក៏ដោយ នៅមាន ។ អំពីឧស្ម័ន LPG ឧស្ម័ននេះ ត្រូវបានប្រើប្រាស់សម្រាប់ឧស្សាហកម្ម ដូចជាផលិតផលកំប៉ុង ដូចជាយកទៅចម្អិនតាមបណ្ដាភោជនីយដ្ឋានធំៗ ដូចជាយកមកចាក់តាកស៊ី ឬមួយក៏ធ្វើជាឥន្ធនៈសម្រាប់រត់ទុកទុក ជាដើម ឬក៏ចម្អិនអាហារតាមផ្ទះ ។ ឧស្ម័ននេះ គឺមានការចង្អៀតតឹងជាងគេ ។ ថ្វីត្បិតតែដូច្នេះក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងរ៉ែនិងថាមពល កំពុងតែធ្វើការជាមួយបណ្ដាប្រទេសក្នុងអាស៊ាន ដែលជាដៃគូ និងក្រៅ ដើម្បីខំរកប្រភព ជា មួយនឹងក្រុមហ៊ុនធំៗ ដែលនាំចូលនិងចែកចាយឧស្ម័ន LPG នៅកម្ពុជា ។ សព្វថ្ងៃនេះ យើងមានក្រុមហ៊ុន៧ ដែលនាំចូលឧស្ម័ន LPG នេះ ។ ក្នុងចំណោមក្រុមហ៊ុន៧ នេះ គឺនៅតែបន្តនាំចូល LPG ជាបន្តបន្ទាប់ មកកម្ពុជា សម្រាប់ខែមីនា និងខែមេសា ខាងមុខ មានការបញ្ជាទិញយកមកដល់ហើយក្នុងស្ដុក មានការដែលកំពុងដឹក ជញ្ជូនជាបន្តបន្ទាប់ និងមានការដែលទើបតែដាក់បញ្ជាទិញថ្មី ហើយនិងខំស្វះស្វែងរកប្រភពថ្មីៗបន្ថែមទៀត ។ ថ្មីៗនេះ ក្រុមហ៊ុនសូគីម៉ិច បានប្រកាសថា ក្រុមហ៊ុនប្រហែលជាគ្មានលទ្ធភាពដើម្បីផ្គត់ផ្គង់អតិថិជនរបស់ខ្លួន ចាប់ពីខែមេសា គឺថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ប្រសិនបើក្រុមហ៊ុន មិនអាចរកប្រភពបន្ថែមមកបានទៀត ។ ចំណុចនេះ យើងខ្ញុំក៏កំពុងតែតាមដានការវិវត្តន៍នេះដែរ ប៉ុន្តែសូមជម្រាបបងប្អូនប្រជាពលរដ្ឋថា ក្រុមហ៊ុនស៊ូគីម៉ិច ជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនទាំង៧ ហើយក្រុមហ៊ុនសូគីម៉ិច ផ្គត់ផ្គង់ទីផ្សារឧស្ម័ន LPG នេះ ប្រមាណតែ ៣% ប៉ុណ្ណោះ នៅក្នុងទីផ្សារសរុប ។ ដូច្នេះមានន័យថា ប្រសិនបើក្រុមហ៊ុនសូគីម៉ិច មិនអាចផ្គត់ផ្គង់ចាប់ពីខែ៤ ទៅ ហើយមិនអាចរកប្រភពបន្ថែម យើងក៏នៅមានប្រភពមួយចំនួនធំទៀត ដែលយើងអាចផ្គត់ផ្គង់ជូនប្រទេសយើងបាន“ ។

 លោករដ្ឋមន្ត្រី កែវ រតនៈ បានមានប្រសាសន៍បន្តទៀតថា “សូមបងប្អូនកុំទាន់អាលមានការព្រួយបារម្ភ ភ័យស្លន់ស្លោ នៅក្នុងស្ថានភាពនេះ ។ យើងខ្ញុំសូមអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងការជួយប្រើប្រាស់ និងសន្សំសំចៃប្រេងឥន្ធនៈគ្រប់ប្រភេទ ហើយជាពិសេស ឧស្ម័ន LPG នេះតែម្ដង ។ តើយើងអាចជួយយ៉ាងម៉េចបាន? ឧទាហរណ៍ តាមលំនៅឋានមួយចំនួន ដែលយើងប្រើ LPG យើងអាចដូរមកជាការប្រើប្រាស់ចង្រ្កានអគ្គិសនីបាន ។ យើងខ្ញុំសូមសំណូមពរឲ្យបងប្អូន ពិចារណាជួយទិញចង្រ្កានអគ្គិសនី ប្រើអគ្គិសនីរបស់យើង ដែលអត់ឡើងថ្លៃ ហើយជួយសន្សំឧស្ម័ន LPG ។ អ៊ីចឹងប្រសិនបើយើងធ្វើដូច្នេះបាន ឧស្សាហកម្មរបស់យើង ធ្វើដូច្នេះបាន គឺយើងអាចទុកឧស្ម័ននេះ LPG ដែលលំបាកនេះ យកទៅឲ្យបងប្អូនតាក់ស៊ី បងប្អូនរត់ទុកទុក ហើយបងប្អូនតាមភោជនីយដ្ឋានធំៗ ដែលគាត់អត់អាចទៅកែអីក្រៅពីប្រើហ្គាស់ ដើម្បីចម្អិនអាហារទេ ចូលរួមទាំងអស់គ្នា ដើម្បីឆ្លងការលំបាក។ ប៉ុន្តែក៏មិនត្រូវមានការភ័យខ្លាចរហូតទៅដល់ស្លន់ស្លោដែរ ដោយសារតែយើងនៅតែបន្តនាំឧស្ម័ន LPG នេះជាបន្តបន្ទាប់ តាមរយៈក្រុមហ៊ុនផ្សេងៗ ។ បញ្ហាអគ្គិសនី ក៏ដូចគ្នា ថ្វីត្បិតតែអគ្គិសនីរបស់កម្ពុជាយើង មានគ្រប់គ្រាន់ ថ្លៃយើងមិនឡើង ប៉ុន្តែសូមឲ្យមានការប្រើប្រាស់អគ្គិសនី ដោយសន្សំសំចៃ ។ សន្សំសំចៃ ឧទាហរណ៍ដូចជាការដាក់ម៉ាស៊ីនត្រជាក់ កុំឲ្យដាក់ ១៨ដឺក្រេ យើងដាក់ម៉ាស៊ីនត្រជាក់ ២៥-២៤ដឺក្រេ យើងអាចមានផាសុកភាព ហើយជួយសន្សំសំចៃភ្លើង ។ អ៊ីចឹងបើសិនជាយើងជួយសន្សំសំចៃភ្លើង បន្តិចៗម្នាក់ តាមប៊ុយរ៉ូ តាមផ្ទះ យើងទុកភ្លើងរបស់យើង ទៅជួយឧស្សាហកម្ម ទៅជួយផ្នែកកសិកម្ម និងផ្នែកធ្វើដំណើរដឹកជញ្ជូន ដូចជាការប្រើប្រាស់ឡានអ៊ីវី ហើយរាជរដ្ឋាភិបាល កំពុងតែធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីតាមដានការវិវត្តទៅមុខទៀត ខំរកប្រភពថ្មីៗ មកផ្គត់ផ្គង់ឲ្យកម្ពុជា ហើយជាពិសេស តាមដានថ្លៃតទៅទៀត ដើម្បីរកលទ្ធភាពទាំងអស់ ដែលអាចធ្វើទៅបាន ដើម្បីជួយចូលរួមចំណែកក្នុងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់យើង“ ។

 សូមបញ្ជាក់ថា ការចេញមុខអំពាវនាវរបស់រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ខាងលើនេះ បានធ្វើឡើង ក្រោយពីក្រុមហ៊ុនប្រេងឥន្ធនៈ សូគីម៉ិច របស់អ្នកឧកញ៉ា សុខ គង់ បានចេញសេចក្ដីជូនដំណឹង ប្រកាសផ្អាកផ្គត់ផ្គង់ ឧស្ម័ន LPG ឬហ្គាស់ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ ក្រោយក្រុមហ៊ុន មិនអាចនាំចូលឧស្ម័ននេះ តាំងពីដើមខែមីនា មក បន្ទាប់ពីអាមេរិក រួមដៃជាមួយអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

សេចក្ដីជូនដំណឹង របស់ក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ ស្ដីពីផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ជាបណ្ដោះ អាសន្ន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក ឌៀប ចេងហេង អគ្គនាយករងក្រុមហ៊ុន មានខ្លឹមសារទាំងស្រុងថា “សូមគោរពជូនលោក លោកស្រី មេត្តាជ្រាបថា ដោយសារតែស្ថានភាពសង្រ្គាម និងការអូសបន្លាយពេលវេលានៅតំបន់មជ្ឈិមបូព៌ា ដែលបន្តរហូតដល់បច្ចុប្បន្ននេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័ន LPG ទូទាំងពិភពលោក ។ ក្នុងនោះ ប្រទេសកម្ពុជា ក៏ទទួលរងផលប៉ះ ពាល់ធ្ងន់ធ្ងរ ។ ក្នុងស្ថានភាពដ៏លំបាកនេះ ក្រុមហ៊ុនសូគីម៉ិច មិនអាចនាំចូលឧស្ម័ន LPG ចាប់ពីដើមខែមេសា ឆ្នាំ២០២៦ មកឡើយ ហើយមិនអាចបន្តផ្គត់ផ្គង់ឧស្ម័ន LPG ដល់អតិថិជន តាមតម្រូវការទីផ្សារបាន ។

អាស្រ័យដូច្នេះ ក្រុមហ៊ុនសូគីម៉ិច សូមជម្រាបជូនថា នឹងផ្អាកការផ្គត់ផ្គង់ឧស្ម័ន LPG ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ជាបណ្ដោះអាសន្ន រហូតដល់មានសេចក្ដីជូនដំណឹងថ្មី ។

 ក្រុមហ៊ុនសូមអធ្យាស្រ័យ និងសូមការយោគយល់ពីអតិថិជនទាំងអស់ ។ យើងខ្ញុំនឹងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ និងធ្វើការជូនដំណឹងថ្មីៗ ឲ្យបានឆាប់រហ័សបំផុត ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយអតិថិជន ដើម្បីឆ្លងកាត់ឧបសគ្គនេះជាមួយគ្នា ។

  សូមលោក លោកស្រី មេត្តាទទួលនូវការគោរពរាប់អានដ៏ស្មោះស្ម័គ្រអំពីក្រុមហ៊ុនសូគីម៉ិច“ ៕ កុលបុត្រ

RELATED ARTICLES