Sunday, November 24, 2024
Homeនយោបាយដាក់អាវុធ ចាប់យកព្រះធម៌ បណ្ឌិតឡៅ ម៉ុងហៃ វិភាគពីឆ្នាំខាល ទេវតាកាន់កាំភ្លើង

ដាក់អាវុធ ចាប់យកព្រះធម៌ បណ្ឌិតឡៅ ម៉ុងហៃ វិភាគពីឆ្នាំខាល ទេវតាកាន់កាំភ្លើង

ភ្នំពេញ ៖ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម បានធ្វើវិភាគពីឆ្នាំខាល ដែលទេវតាកាន់កាំភ្លើង ដោយសូមទេវតាឆ្នាំថ្មីនេះ ជួយណែនាំឲ្យអ្នកមានអាវុធ ដាក់អាវុធចុះ ចាប់យកព្រះធម៌។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ថា “សូមទេវតាឆ្នាំថ្មី ព្រះមេត្តាជួយណែនាំអ្នកមានអាវុធ អ្នកមានកាំភ្លើង រួមមានទាំង ពូទីន ដែលឈ្លានពានអ៊ុយក្រែន ផង និងរូបលោកផ្ទាល់ “ដាក់អាវុធ ចាប់យកព្រះធម៌” វិញ ដូចអធិរាជប្រទេសឥណ្ឌា ព្រះបាទអសោក ៣សតវត្សមុនគ្រិស្ដសករាជ (២៣សតវត្សមុន) ។

  ព្រះបាទអសោក បោះបង់ចោល “យុទ្ធវិជ័យ” (យកឈ្នះដោយអាវុធ) ហើយចាប់យក “ធម្មវិជ័យ” (យកឈ្នះដោយកម្លាំងធម៌ កម្លាំងសីលធម៌) ដើម្បីបម្រើមហិច្ឆតាពង្រីកទឹកដីប្រទេសលោក ។ ប្រទេសជិតខាងជាច្រើន បានសុំចុះចូលមករស់នៅក្រោមការគ្រប់គ្រងរបស់លោក ដែលធ្វើឲ្យប្រទេសឥណ្ឌា រីកធំដូចសព្វថ្ងៃ ។

  គេមានរូបភាពទេវតាឆ្នាំថ្មី ឆ្នាំខាល ឆ្នាំខ្លានេះ ទេពធីតា “កិរិណីទេវី” ដៃស្តាំកាន់កង្វេរដំរី ដៃឆ្វេង កាន់កាំភ្លើង ។

  រូបភាពនេះធ្វើឲ្យមានការបកស្រាយថា ឆ្នាំថ្មីនេះអាចនឹងមានការប្រើប្រាស់អាវុធឬកាំភ្លើង ក្នុងលោក (ដែលមានជាបន្តនៅប្រទេសនេះ នៅប្រទេសនោះជាបន្ត អត់ទាន់ចប់ មកទល់ពេលនេះ) ។ តែគេថានៅកម្ពុជា អាចមានការប្រើប្រាស់កម្លាំងហិង្សានេះ “សម្រាប់តែការពារទឹកដី ការពារព្រំដែន តែប៉ុណ្ណឹងទេ” ។

  ជាការល្អ បើកម្លាំងប្រដាប់អាវុធយើងគិតតែការពារទឹកដី ការពារព្រំដែនតែប៉ុណ្ណឺង ទុកឲ្យអ្នកអត់អាវុធ អត់កាំភ្លើង ធ្វើសកម្មភាពនយោបាយដោយសេរីវិញ ដែលនេះសមស្របទៅនឹងប្រទេសដែលមាបសន្តិភាព ។

  បើបាន “ដាក់អាវុធ ចាប់យកព្រះធម៌” ទាំងស្រុង គឺកាន់តែប្រសើរទៅទៀត ។ យើងមានកិច្ចព្រមព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលមានការធានាអន្តរជាតិ ពីគ្រប់ប្រទេសជិតខាង ប្រទេសហត្ថលេខីឯទៀត រួមមានទាំងប្រទេសមហាអំណាចទាំង៥ផង ថាទទួលស្គាល់និងគោរពអធិបតេយ្យ ឯករាជ្យ បូរណភាពនៃដែនដី អព្យាក្រឹតភាព និងឯកភាពជាតិកម្ពុជា“ ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរបន្ថែម នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ ថា “ឆ្នាំថ្មី គួរបោះបង់គំនិតដែលថារាស្រ្តខ្មែរល្ងង់ចោលហើយ :

  ខ្មែរអត់ល្ងង់ដូចគេថានោះទេ ឥឡូវនេះ ហើយដែលនៅមានអ្នកល្ងង់ខ្លះ ក៏មិនខុសពីនៅប្រទេសដទៃទៀតដែរ (ប្រទេស៥ ដែលខ្ញុំបានរស់នៅផ្ទាល់) ។

  តាមដឹង ឃើញនិងជួបផ្ទាល់នៅប្រទេសយើង (ក៏ដូចនៅប្រទេសគេដែរ) គេមិនអាចសន្មតបានទេថា អ្នកមិនបានរៀនសូត្រ សុទ្ធតែជាអ្នកល្ងង់ អត់ចេះគិតពិចារណា (អំពីរឿងជាតិ) ហើយអ្នកបានរៀនសូត្រ សុទ្ធតែជាអ្នកចេះដឹង ចេះគិតពិចារណា (អំពីរឿងជាតិ) ។

  អ្នកចេះដឹង ចេះគិតពិចារណា គួរជួយបង្រៀន ពន្យល់ណែនាំអ្នកដែលខ្លួនយល់ថាជាអ្នកល្ងង់ ក្នុងស្មារតីជាតិរបស់អ្នកប្រាជ្ញខ្មែរ ដែលត្រូវ “រក្សាខ្លៅ ដូចសំពៅនូវសំប៉ាន” ។

  គួរកត់សម្គាល់ថា ៣០ឆ្នាំនេះ អ្នកចេះដឹងក្នុងជួរសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកនយោបាយ បានធ្វើកិច្ចការនេះហើយបានជោគជ័យក្នុងការបង្កើនការចេះដឹង ចេះគិតពិចារណារបស់រាស្ត្រ រហូតដល់មានវិធានការរឹតត្បិត កាត់បន្ថយការងារដ៏ប្រពៃនេះ និងការប្រើប្រាស់ចំណេះដឹងដែលទទួលបាននិងគំនិតដែលរាស្ត្រមាន“ ។

          បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ថា តាមពិត ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសកម្ពុជា” អាចដាក់អាវុធ ចាប់យកព្រះធម៌” ទាំងស្រុងបាន ដោយមិនប៉ះពាល់ដល់សន្តិសុខទាំងក្រៅប្រទេស ទាំងក្នុងប្រទេស ហើយនឹងមិនមែនជាប្រទេសទីមួយទេក្នុងលោកដែលអត់មានកងទ័ពនោះដែរ ។ ដូច្នេះ “ដាក់អាវុធ ចាប់យកព្រះធម៌” នៅតែអនុវត្តបាន ជាពិសេសនៅពេលដែលប្រទេសត្រូវបានប្រកាសថា មានសន្តិភាពបរិបូរណ៍ហើយ ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “ដាក់អាវុធ ចាប់យកព្រះធម៌” ជាចំណងជើងសៀវភៅមួយ ដែលចងក្រងនិងផ្សព្វផ្សាយដំណើរការនិងគំនិតនានាដែលបានលើកឡើងនៅសិក្ខាសាលាជាតិស្តីពី “ពុទ្ធសាសនានិងការអភិវឌ្ឍន៍សង្គមខ្មែរ” ដែលអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍ បានរៀបចំឡើងនៅឆ្នាំ១៩៩៦ ។ អង្គការដដែល បានបោះផ្សាយសៀវភៅនេះ នៅឆ្នាំ១៩៩៨ ។ ប្រធានអង្គការនោះ គឺធម្មបណ្ឌិត ហេង មុនីចិន្តា ដែលឥឡូវជាទីប្រឹក្សាសម្តេចព្រះមហាសង្ឃរាជគណ:មហានិកាយ ។ គំនិតពុទ្ធសាសនានេះ បានលេចឡើងក្នុងបរិបទសង្គមដែលមានសង្គ្រាមធំនិងសង្គ្រាមឧទ្ទាមតូច ដែលខ្មែរក្រហម ធ្វើបន្ត សង្គមដែលមានទ័ពរបស់ភាគីនៃសង្គ្រាមមិនទាន់បានកាត់រំសាយនិងបញ្ចូលគ្នាជាកងទ័ពជាតិរៀបរយនៅឡើយ សង្គមមានអាវុធច្រើននៅដៃប្រជាពលរដ្ឋ សង្គមមានអសន្តិសុខ សង្គមមានអំពើហិង្សាច្រើនដែលមានការប្រើប្រាស់អាវុធ ។ គំនិតនេះបានលេចឡើង ក្រោយមានចលនាពុទ្ធសាសនា ដឹកនាំដោយព្រះសង្ឃមហាឃោសានន្ទ ដែលនាំពុទ្ធបរិស័ទរាប់រយនាក់ធ្វើ “ធម្មយាត្រា” ដើរថ្មើជើង សុំសន្តិភាព បញ្ចប់សង្គ្រាមជាស្ថាពរ ។ ជាដំបូង នៅឆ្នាំ១៩៩២ គឺធ្វើដំណើរថ្មើរជើង ទៅកាន់តំបន់ខ្មែរក្រហម ដែលរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ហើយនៅបន្តសង្គ្រាមវ៉ៃប្រហារទៅលើការគ្រប់គ្រងកម្ពុជា និងការរៀចំការបោះឆ្នោតរបស់អាជ្ញាធរអង្គការសហប្រជាជាតិ ដែលហៅកាត់ថា អ៊ុនតាក់ ។ ក្រោយៗមកក៏មានធម្មយាត្រាឆ្លងកាត់តំបន់ផ្សេងៗទៀត ក្នុងគោលបំណងដដែល ។ គំនិតសន្តិភាពពុទ្ធសាសនា បានក្លាយជាការចង់បានរបស់សាធារណជន ។ ទី១ រដ្ឋធម្មនុញ្ញ ដែលលេចចេញពីការបោះឆ្នោតរៀបចំដោយអ៊ុនតាក់ នៅឆ្នាំ១៩៩៣ បានប្រកាសថា “ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ” ។ ទី២ សម្តេចព្រះសង្ឃរាជគណ:មហានិកាយ និងគណ:ធម្មយុត្តិកនិកាយ ជាសមាជិកក្រុមប្រឹក្សារាជបល្ល័ង្ក ដែលជ្រើសរើសព្រះមហាក្សត្រថ្មី ។ សម្តេចព្រះសង្ឃរាជទាំងពីរអង្គ គង់ជាមួយព្រះមហាក្សត្រ ជាអធិបតីនៃពិធីធ្វើសច្ចាប្រណិធានក្នុងព្រះបរមរាជវាំង ។ ទី៣ រដ្ឋធម្មនុញ្ញ ដដែលចែងថា “ព្រះរាជាណាចក្រកម្ពុជា មិនឈ្លានពានប្រទេសណាដាច់ខាត…[និង] ដោះស្រាយបញ្ហាដោយសន្តិវិធី” ។ ទី៣ រដ្ឋធម្មនុញ្ញ ក៏តម្រូវឲ្យសមាជិករដ្ឋាភិបាល សមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា ធ្វើសច្ចាប្រណិធានថា “ក្នុងការដោះស្រាយបញ្ហាទាំងឡាយលើផ្ទៃរាបជាតិនិងអន្តរជាតិ យើងខ្ញុំនឹងលុបបំបាត់ចោលទាំងស្រុងនូវអំពើហិង្សាគ្រប់បែបយ៉ាង“ ។ នៅឆ្នាំ១៩៦៦ ឃើញមានសញ្ញាវិជ្ជមានឈានទៅរកសន្តិភាព ដោយក្រុមខ្មែរមួយក្រុម ក្រោមការដឹកនាំរបស់អៀង សារី បានឈប់ច្បាំង បំបែកខ្លួនពីខ្មែរក្រហមឯទៀត ហើយមករួមរស់ជាមួយរដ្ឋាភិបាលហ៊្វុនស៊ិនប៉ិច-ប្រជាជន ។ តែទំនោរនេះបានបាត់ទៅវិញ នៅឆ្នាំ១៩៩៧ ដោយមានការផ្ទុះអាវុធច្បាំងគ្នារវាងគណបក្សហ៊្វុនស៊ុនប៉ិច និងគណបក្សប្រជាជនកម្ពុជា នៅកណ្តាលទីក្រុងភ្នំពេញ ដើម្បីដោះស្រាយជម្លោះវិវាទអំពីការបែងចែកអំណាចរវាងដៃគូពីរនេះ ក្នុងរដ្ខាភិបាលដែលលេចចេញពីការបោះឆ្នោតអ៊ុនតាក់ ឆ្នាំ១៩៩៣ ។ តែនៅឆ្នាំ១៩៩៨ ខ្មែរក្រហម ដែលនៅសេសសល់ ក៏បានចុះចូលជាមួយរដ្ឋាភិបាលទ្វេភាគី ដែលនៅពេលនោះ ស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សប្រជាជន វិញ ។ គេអាចនិយាយថា ទាំងសង្គ្រាមឧទ្ទាមខ្មែរក្រហម ទាំងការផ្ទុះអាវុធច្បាំងគ្នារវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា គឺជាផលវិបាកដែលលេចចេញទី១ ពីគំនិតកុម្មុយនីស្ត (ម៉ៅ សេទុង) សំខាន់មួយដែលថា អំណាចកើតចេញពីចុងអាវុធ និងការចាំបាច់ត្រូវមានកងទ័ពខ្លាំងសម្រាប់រក្សានិងទ្រទ្រង់អំណាច ។ ទី២ គឺពីបរាជ័យក្នុងការអនុវត្តចំណុចពីរបីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺការឈប់បាញ់គ្នា ការប្រមូលកងទ័ពទាំងបួនភាគីច្បាំងគ្នា ឲ្យមកចូលបន្ទាយ ការដកហូតអាវុធ ការកាត់រំសាយ ៧០ភាគរយនៃកងទ័ពទាំងបួនភាគី និងសមាហរណកម្មបញ្ចូល ៣០ភាគរយនៃកងទ័ពភាគីនីមួយៗ ជាកងទ័ពជាតិតែមួយ“ ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តថា “ចំពោះអ្នកយល់ដឹងអំពីគំនិតគ្រប់គ្រងរដ្ឋ (political ideas) ឬទស្សនវិជ្ជានយោបាយ (political philosophy) ខ្លះៗ គេអាចនិយាយបានទៀតថា គំនិតកាត់បន្ថយកងទ័ពឲ្យមកតិចបំផុត សម្រាប់ប្រទេសមួយដែលនឹងត្រូវទៅជាប្រទេសប្រជាធិបតេយ្យ ក្រោយការបញ្ចប់សង្គ្រាម ដូចមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព និងគំនិត “ដាក់អាវុធ ចាប់យកព្រះធម៌” មិនខុសគ្នាទេ ។ គំនិតទាំងពីរនេះ វាសមស្របនឹងគំនិតមួយរបស់ទស្សនវិទូនយោបាយ និងវិទូប្រវត្តិសាស្ត្របារាំង អាឡិចស៊ីស ដឺ តុកវីល (Alexis de Tocqueville) ដែលថាយ៉ាងដូច្នេះ : “មិនមែនកម្លាំងតែឯកឯង តែគឺច្បាប់ល្អៗទេ ដែលធានាស្ថិរភាពរដ្ឋាភិបាលថ្មី ។ បន្ទាប់ពីអ្នកប្រយុទ្ធ គឺដល់វេនអ្នកធ្វើច្បាប់ ។ អ្នកទីមួយបំផ្លាញ អ្នកទី២កសាង ។ ម្នាក់ៗមានការងាររបស់គេរៀងៗខ្លួន ។ (It is not force alone, but good laws, that give stability to a new government. After the combatant comes the legislator; the one has pulled down, the other builds up; each has his office. – Ce n’est pas la force seule qui assoit un gouvernement nouveau; ce sont de bonnes lois. Après le commbattant, the législateur. L’un a détruit, l’autre fonde.) (សៀវភៅ Democracy in America/ De la démocratie en Amérique, 1848) ។ តាមពិត ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសកម្ពុជា “អាចដាក់អាវុធ ចាប់យកព្រះធម៌” ទាំងស្រុងបាន ដោយមិនប៉ះពាល់ដល់សន្តិសុខទាំងក្រៅប្រទេស ទាំងក្នុងប្រទេស ហើយនិងមិនជាប្រទេសទីមួយទេក្នុងលោកដែលអត់មានកងទ័ពនោះដែរ ។ ប្រទេសកូស្តា រីកា (Costa Rica) នៅទ្វីបអាមេរិកកណ្តាល បានលុបចោលលែងឲ្យមានទ័ព តាំងពីឆ្នាំ១៩៤៨ ។ ខ្ទង់២០ឆ្នាំមុន នៅក្នុងសន្និសីទអន្តរជាតិមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ខ្ញុំបានឃើញនិងឮច្បាស់ លោកអូស្ការ អារិចាស សាន់ឆេស៍ (Óscar Arias Sánchez) ដែលធ្លាប់ជាប្រធានាធិបតីប្រទេសនោះម្តងហើយ ហើយក្រោយមកបានជាប់ឆ្នោតជាប្រធានាធិបតីម្តងទៀត (ហើយដែលបានទទួលរង្វាន់សន្តិភាពណូបែល ដោយជួយដោះស្រាយជម្លោះនៅតំបន់នោះ) អះអាងថា ព្រំដែនប្រទេសគាត់ រឹងមាំជាងពេលណាណាទាំងអស់ ។ គាត់ថា គាត់បានជោគជ័យក្នុងការបញ្ចុះបញ្ចូលប្រទេសជិតខាងខ្លះឲ្យលុបចោលកងទ័ពបានទៀតផង ។ ប្រទេសអត់កងទ័ពមួយនេះ បានចំណេញច្រើន ។ គេបង្វែរថវិកាជាតិ ទៅវិស័យអប់រំ ឲ្យមនុស្សចេះដឹងច្រើនវិញ រួមទាំងចេះដឹងច្បាប់ផង ដែលមួយពេលនោះ ធ្វើឲ្យអ្នកខ្លះហៅប្រទេសនោះថា ជាប្រជាជាតិសម្បូរអ្នកច្បាប់ (a nation of lawyers) ។ ប្រទេសនេះបានទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់សកលវិទ្យាល័យដើម្បីសន្តិភាព របស់អង្គការសហប្រជាជាតិ (University for Peace) “ ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្តទៀតថា “ប្រទេសកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងមានការធានាអន្តរជាតិ មិនឲ្យមានសង្គ្រាមឈ្លានពាននិងមិនឲ្យកម្ពុជា ពាក់ព័ន្ធនិងជម្លោះវាងប្រទេសដទៃទេ ។ តាមការធានាទាំងនោះ ប្រទេសហត្ថលេខី បានសន្យាជាឧឡារិក ទទួលស្គាល់និងគោរពអធិបតេយ្យ ឯករាជ្យ បូរណភាពនិងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតភាពនិងឯកភាពជាតិកម្ពុជា ។ កិច្ចព្រមព្រៀងនោះ ក៏មានយន្តការជាក់លាក់សម្រាប់ដោះស្រាយការគំរាមកំហែងនិងការរំលោភបំពានការធានាអន្តរជាតិទាំងនេះ ។ ប្រទេសកម្ពុជា ក៏មានរដ្ឋធម្មនុញ្ញដែលមានយន្តការទប់ស្កាត់និងដោះស្រាយជម្លោះក្នុងស្រុក ដែលនឹងទប់ស្កាត់បញ្ចៀសសង្គ្រាមស៊ីវិល (និងបដិវត្តហិង្សា) បាន ។ បើមានការគោរពអនុវត្តកិច្ចព្រមសន្តិភាព និងការធានាអន្តរជាតិដោយកម្ពុជា ខ្លួនឯងឲ្យបានត្រឹមត្រូវ និងការធ្វើឲ្យប្រទេសហត្ថលេខីឯទៀតគោរពអនុវត្តឲ្យបានត្រឹមត្រូវដែរ នោះកម្ពុជា នឹងមិនមានសង្គ្រាមឈ្លានពាននិងការពាក់ព័ន្ធនឹងជម្លោះអន្តរជាតិឡើយ ។ ដូចគ្នានេះដែរ បើមានការគោរពអនុវត្តរដ្ឋធម្មនុញ្ញ និងសច្ចាប្រណិធាន និងការធ្វើឲ្យស្ថាប័ននិងយន្តការដោះស្រាយជម្លោះក្នុងស្រុកឲ្យមានលក្ខណ:ត្រឹមត្រូវ និងមានដំណើរការបំពេញតួនាទីនិងករណីយកិច្ចដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងអនុលោមគោលការណ៍យុត្តិធម៌ធម្មជាតិ (ចៅក្រមឯករាជ្យ ភាគីមិនអាចធ្វើជាចៅក្រមកាត់ក្តី សិទ្ធិភាគីចុងចោទការពារខ្លួន) នោះកម្ពុជា នឹងមានសន្តិសុខ សន្តិភាព របៀបរៀបរយ មិនមានសង្គ្រាមស៊ីវិលនិ ងបដិវត្តន៍ហិង្សាឡើយ“ ។

          លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមថា “ដាក់អាវុធ ចាប់យកព្រះធម៌” នៅតែអនុវត្តបាន ជាពិសេសនៅពេលដែលប្រទេសត្រូវបានប្រកាសថា មានសន្តិភាពបរិបូរណ៍ហើយ ។ គេអាចអនុវត្តគំនិតនេះបន្តិចម្តងៗ ។ គេអាចធ្វើសមាហរណកម្មកងរាជអាវុធហត្ថ ប៉េអឹម (PM) នគរបាល យោធា (police militaire – military police) ជាមួយនគរបាលជាតិ (ដូចនៅប្រទេសបារាំង) ហើយកាត់បន្ថយចំនួននគរបាល និងចំនួននគរបាលកាន់អាវុធ លើកលែងតែក្រុមអន្តរាគមន៍ ។ គេអាចកាត់បន្ថយកម្លាំងអង្គរក្សមេៗធំ ឲ្យសមាមាត្រទៅនឹងសន្តិភាពក្នុងប្រទេស ។ គេអាចឲ្យកងទ័ពបំពេញតែករណីយកិច្ចការពារព្រំដែនរបស់ប្រទេសឲ្យមានប្រសិទ្ធភាព ។ យោធិនណាចង់ធ្វើសកម្មភាពនយោបាយ ត្រូវលាឈប់ពីក្របខ័ណ្ឌយោធិន (នៅសិង្ហបុរី នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លី សៀនលុង (Lee Shien Loong) បានលាឈប់ពីក្របខ័ណ្ឌយោធាជាឧត្តមសេនីយ៍ត្រី ពេលគាត់ធ្វើជាអ្នកនយោបាយក្នុងជួររដ្ឋាភិបាល) ។ គេអាចកែក្លាយកងទ័ព ឲ្យទៅជាកម្លាំងនយោបាយ (apolitical army) អត់ពាក់ព័ន្ធកិច្ចការនយោបាយ ស្មោះត្រង់ចំពោះជាតិ សាសនា ជាពិសេសចំពោះព្រះមហាក្សត្រ ដែលជាមេបញ្ជាការកំពូលនៃកងខេមរភូមិន្ទ ។ គេគួរកែក្លាយកងទ័ព ឲ្យទៅជាកងទ័ពវិជ្ជាជីវ: (professional) ហើយជម្រុះចោលនាយទាហានទាំងអស់ដែលគ្មានបានទទួលការហ្វឹកហ្វឺនយោធា ។ គួររិះរកយុទ្ធសាស្ត្រថ្មីសម្រាប់ការពារព្រំដែន ដូចជាយុទ្ធសាស្ត្រយកមនុស្សទៅទប់មនុស្ស គឺជនបរទេសដែលហូរចូលមកក្នុងប្រទេស តាមព្រំដែន ។ យុទ្ធសាស្ត្រអាចជាការអភិវឌ្ឍន៍តំបន់ព្រំដែន ទាក់ទាញមនុស្ស ជាពិសេសយោធិនចូលនិវត្តន៍ ឲ្យទៅកាន់កាប់ទឹកដីនិងរស់នៅតំបន់ទាំងនោះ ។ ក្នុងយុទ្ធសាស្ត្រនេះ មានការហាមឃាត់មិនឲ្យធ្វើសម្បទានដី ជួលដី លក់ដីនៅតំបន់ជាប់ព្រំដែនទាំងនោះ ឲ្យទៅជនបរទេសនិងជនជាតិខ្មែរ ដែលគ្មានឪពុកម្តាយមានសញ្ជាតិខ្មែរ ។ គេគួរមានមូលនិធិពិសេសសម្រាប់ប្រមូលយកដីសម្បទាន ដីជួល ដីលក់ខុសវិធានការខាងលើ មកឲ្យរដ្ឋគ្រប់គ្រងវិញ ។ យុទ្ធសាស្ត្រនេះ អាចជួយកាត់បន្ថយកម្លាំងកងទ័ពតាមព្រំដែន ហើយអាចបង្វែរធនធានទៅបង្កើនកម្លាំងជើងទឹក ការពារព្រំដែនសមុទ្រនិងភោគទ្រព្យធម្មជាតិតំបន់នោះ ដែលមនុស្សមិនអាចរស់នៅបាន។ ទន្ទឹមនេះដែរ គេអាចអនុវត្តច្បាប់កាតព្វកិច្ចយោធា សង្កត់ខ្លាំងជាដំបូងទៅលើការហ្វឹកហ្វឺននាយទាហានបម្រុង ក្នុងចំណោមមន្ត្រីរាជការ។ ក្រោយមក គឺការហ្វឹកហ្វឹនយោធិន ក្នុងចំណោមយុវជនជាប់កាតព្វយោធា ។ នៅពេលកងទ័ព ទៅជាកងទ័ពវិជ្ជាជីវ: កាន់តែខ្ពស់ និងចេះប្រើប្រាស៎និងមានអាវុធទំនើបប្រើប្រាស់ គេអាចកាត់បន្ថយចំនួនបាន រក្សាទុកតែនាយទាហានសំខាន់គន្លឹះៗ តែមាននាយទាហាននិងយោធិនបម្រុងច្រើនដែលអាចកេណ្ឌបាននៅពេលចាំបាច់ ។ ទីបំផុត កងទ័ពកម្ពុជា អាចជាកងទ័ពតួចខ្លឹម ហើយខ្លាំងមូយ ត្រៀមទប់ទល់សត្រូវបាន សម្រាប់ឲ្យមានការដោះស្រាយដោយសន្តិវិធី” ៕ កុលបុត្រ

RELATED ARTICLES