ភ្នំពេញ ៖ អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានស្ថាប័នអធិបតេយ្យជាតិ ព្រំដែននិងអន្តោប្រវេសន៍ នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា លោកអ៊ុំ សំអាន ជាសហការីលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងថា បន្ទាប់ពីថៃ លុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ ជាឯកតោភាគី ជម្រើសល្អ គឺកម្ពុជា អាចប្តឹងថៃ ទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) ហើយ PCA នៅតែអាចកាត់ក្តីបាន ទោះបីថៃ មិនទទួលស្គាល់យុត្តាធិការរបស់ PCA ក៏ដោយ ។

លោក អ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “តើថៃ អាចខាតដែនសមុទ្ររបស់ខ្លួន ដូចបញ្ញាវន្តថៃ និយាយមែនទេ បន្ទាប់ពីថៃលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ (MOU44) ? តើកម្ពុជា គួរប្រើយន្តការអ្វី ដើម្បីដោះស្រាយដែនសមុទ្រជាមួយថៃ បន្ទាប់ពីថៃ លុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១?
បន្ទាប់ពីថៃ លុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ ជម្រើសល្អ គឺកម្ពុជា អាចប្តឹងថៃ ទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (PCA) ហើយ PCA នៅតែអាចកាត់ក្តីបាន ទោះបីថៃ មិនទទួលស្គាល់យុត្តាធិការរបស់ PCA ក៏ដោយ ដូចករណីចិន មិនទទួលស្គាល់យុត្តាធិការរបស់ PCA ក៏ PCA បានកាត់ក្តីឲ្យហ្វីលីពីន ឈ្នះចិន លើតំបន់ថ្មប៉ប្រះទឹក Scarborough Shoal នៅសមុទ្រចិនខាងត្បូង កាលពីឆ្នាំ២០១៦…” ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថា បើសិនជាថៃ នៅឈ្លានពានដែនសមុទ្រកម្ពុជា ហើយកម្ពុជា នៅតែចរចាទ្វេភាគី ឬប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំ គឺមិនបានទឹកដីយើងមកវិញ និងមិនអាចការពារដែនសមុទ្រយើងបាននោះទេ ។ ដូច្នេះជម្រើសល្អ កម្ពុជា ត្រូវតែប្ដឹងថៃ ទៅកាន់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដើម្បីបានគ្រប់គ្រងរួមគ្នា នៅតំបន់ត្រួតគ្នា ទំហំ ២៦០០០គីឡូម៉ែត្រាការ៉េ និងបានចំណែកប្រេងឧស្ម័នដែលមានតម្លៃ ៣០០ពាន់លានដុល្លារ ។
លោក អ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! នៅពេលដែលថៃ លុបចោល MOU ឆ្នាំ២០០១ ហ្នឹង ជម្រើសល្អ គឺកម្ពុជា ត្រូវតែប្ដឹងទៅកាន់តុលាការអាជ្ញាកណ្ដាលអន្តរជាតិ ហើយតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ទោះបីថៃ មិនទទួលស្គាល់យុត្តាធិការរបស់ ICJ ក៏តុលាការនេះ អាចកាត់ក្ដីបានដែរ ព្រោះតុលាការអាជ្ញាកណ្ដាលអន្តរ ជាតិ PCA ហ្នឹង បានកាត់ក្ដីឲ្យហ្វីលីពីន ឈ្នះក្ដី ទៅលើចិន ឆ្នាំ២០១៦ ទោះបីជាចិន មិនបានទៅ PCA ហើយចិន មិនទទួលស្គាល់យុត្តាធិការរបស់ PCA ក៏ដោយ ។ ដូច្នេះបើចរចាទ្វេភាគី ឬក៏ប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំហ្នឹង គឺមិនបានទឹកដីយើងមកវិញនោះទេ មិនអាចការពារដែនសមុទ្រយើងបាននោះទេ បើសិនជាថៃ នៅឈ្លាន ពានដែនសមុទ្រយើង ដែលជាតំបន់ត្រួតស៊ីគ្នា ទំហំ ២៦០០០គីឡូម៉ែត្រការ៉េហ្នឹង ដោយមិនចែកជាមួយកម្ពុជា ហើយប្រេងឧស្ម័ន ដែលមានតម្លៃ ៣០០ពាន់លានដុល្លារ នឹងស៊ីដាច់ផងដែរ អត់ចែកជាមួយកម្ពុជា នោះទេ“ ។
គួរបញ្ជាក់ថា មិនដូចតុលាការយុត្តិធម៌ក្នុងន័យប្រពៃណី តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ឬតុលាការអាជ្ញាកណ្តា លអន្តរជាតិ (Permanent Court of Arbitration, PCA) ផ្តល់ការគាំទ្រផ្នែករដ្ឋបាលនៅក្នុងមជ្ឈត្តកម្ម អន្តរជាតិ ដែលពាក់ព័ន្ធនឹងការរួមបញ្ចូលគ្នាផ្សេងៗនៃរដ្ឋ អង្គភាពរដ្ឋ អង្គការអន្តរជាតិ និងភាគីឯកជន។ សំណុំរឿងនេះ លាតសន្ធឹងលើបញ្ហាផ្លូវច្បាប់ ជាច្រើនដែលពាក់ព័ន្ធនឹងព្រំដែនដី និងដែនសមុទ្រ អធិបតេយ្យ សិទ្ធិមនុស្ស ការវិនិយោគអន្តរជាតិ និងពាណិជ្ជកម្មអន្តរជាតិ និងតំបន់។ PCA ត្រូវបានបង្កើតឡើងតាមរយៈអនុសញ្ញាពហុភាគី ពីរដាច់ដោយឡែក ជាមួយនឹងសមាជិកភាពរួមបញ្ចូលគ្នានៃភាគីចុះកិច្ចសន្យា ចំនួន១២៨។ PCA មិនមែនជាទីភ្នាក់ងារអង្គការសហប្រជាជាតិទេ ប៉ុន្តែបានក្លាយជាអ្នកសង្កេតការណ៍របស់អង្គការសហប្រ ជាជាតិ ចាប់តាំងពីឆ្នាំ១៩៩៣។ PCA ត្រូវបានបង្កើតឡើង ដោយអនុសញ្ញាសម្រាប់ការដោះស្រាយវិវាទអន្តរ ជាតិប៉ាស៊ីហ្វិក ដែលបានបញ្ចប់នៅទីក្រុងឡាអេ ក្នុងឆ្នាំ១៨៩៩ ក្នុងសន្និសីទសន្តិភាពទីក្រុងឡាអេ លើកដំបូងក្នុងឆ្នាំ១៨៩៩។ សន្និសីទនេះត្រូវបានកោះប្រជុំតាមគំនិតផ្តួចផ្តើមរបស់ Tsar Nicholas II នៃប្រទេសរុស្ស៊ី ដោយមានគោលបំណងស្វែងរកមធ្យោបាយក្នុងការធានាដល់ប្រជាជនទាំងអស់ នូវអត្ថប្រយោជន៍នៃសន្តិភាពពិតប្រាកដ និងយូរអង្វែង ហើយសំខាន់ជាងនេះទៅទៀត គឺការកំណត់ការអភិវឌ្ឍរីកចម្រើននៃសព្វាវុធដែលមានស្រាប់។
ក្នុងរយៈពេល ៣ទសវត្សរ៍ដំបូង នៃអត្ថិភាពរបស់ខ្លួន PCA គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការដោះស្រាយវិវាទអន្តររដ្ឋ។ បន្ទាប់មក អង្គការនេះ បានអសកម្ម អស់រយៈពេលជាច្រើន នៃសតវត្សរ៍ទី២០ ដោយសាររដ្ឋនានា បានជ្រើសរើសប្រើតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជំនួសឱ្យ PCA ។ នៅសតវត្សរ៍ទី២១ PCA បានចាប់ផ្តើមឡើងវិញ ជាកន្លែងសម្រាប់អាជ្ញាកណ្តាលអន្តររដ្ឋ និងដោះស្រាយវិវាទវិនិយោគិន-រដ្ឋ ហើយបច្ចុប្បន្ន កំពុងគ្រប់គ្រងដំណើរការដោះស្រាយវិវាទ ជាង២០០។ ក្នុងខែកុម្ភៈ ឆ្នាំ២០២៦ តុលាការ បានដើរតួជាការចុះបញ្ជីក្នុងមជ្ឈត្តកម្មអន្តររដ្ឋ ចំនួន៨, នីតិវិធីអន្តររដ្ឋ ចំនួន១ផ្សេងទៀត, មជ្ឈត្តកម្ម ចំនួន៩២ ដែលកើតឡើងក្រោមសន្ធិ សញ្ញាវិនិយោគទ្វេភាគី ឬពហុភាគី ឬច្បាប់វិនិយោគជាតិ, មជ្ឈត្តកម្មចំនួន ៩៣ ដែលកើតឡើងក្រោមកិច្ចសន្យាពាក់ព័ន្ធនឹងរដ្ឋ ឬអង្គភាពសាធារណៈផ្សេងទៀត និងនីតិវិធី ចំនួន៧ផ្សេងទៀត។
ទាក់ទងនឹងអាជ្ញាកណ្តាលអន្តររដ្ឋ ដោយផ្អែកលើអនុសញ្ញាទីក្រុងឡាអេ បានកំណត់ថា មជ្ឈត្តកម្មរវាងរដ្ឋពីរ កើតឡើងនៅពេលដែលភាគីជាប់កិច្ចសន្យា ចំនួនពីរ នៃ PCA សម្រេចចិត្តដាក់វិវាទសម្រាប់មជ្ឈត្តកម្មទៅតុលាការ PCA។ តុលាការនេះ មានមជ្ឈត្តករ ចំនួនប្រាំរូប ៖ ពីររូប (មួយរូប អាចជាជនជាតិនៃភាគីពាក់ព័ន្ធ) ត្រូវបានជ្រើសរើសដោយភាគីនីមួយៗ ទៅមជ្ឈត្តកម្ម។ មជ្ឈត្តករទាំងបួនរូបនេះ ជ្រើសរើសមជ្ឈត្តករទីប្រាំ និងជាប្រធានមជ្ឈត្តករ ។
ចំពោះអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ផ្តល់នូវយន្តការដោះស្រាយវិវាទទាក់ទងនឹងព្រំដែនសមុទ្រ ដែលរដ្ឋជាសមាជិកអាចជ្រើសរើសយកមួយ ក្នុងចំណោមជម្រើស៤ គឺ១ សាលាក្តីអន្តរជាតិសម្រាប់ច្បាប់សមុទ្រ ២. តុលាការយុត្តិធម៌អន្តរជាតិ ៣. វេទិកាមជ្ឈត្តកម្ម (អនុលោមតាមឧបសម្ព័ន្ធទី៧ UNCLOS) និង ៤. វេទិកាមជ្ឈត្តកម្មពិសេស (ត្រូវបានបង្កើតឡើងដោយអនុលោមតាមឧបសម្ព័ន្ធ VIII)។ ប្រសិនបើរដ្ឋសមាជិកពីរ បានជ្រើសរើសវិធានការដោះស្រាយវិវាទផ្សេងគ្នា ជម្រើសទីបី គឺត្រូវប្រើ។ គិតត្រឹមឆ្នាំ២០២៥ PCA បានគ្រប់គ្រងករណី ចំនួន១៤ ក្នុងចំណោម១៥ ដែលផ្តួចផ្តើមដោយរដ្ឋ ក្រោមឧបសម្ព័ន្ធទី៧ ទៅ UNCLOS ។
ការផ្សះផ្សា បានក្លាយជាផ្នែកមួយនៃសកម្មភាពរបស់ PCA ចាប់តាំងពីឆ្នាំ១៩៣៧ នៅពេលដែលក្រុមប្រឹក្សារដ្ឋបាល បានបញ្ចូលការផ្សះផ្សាជាផ្លូវការ ក្នុងអាណត្តិរបស់ PCA។ បន្ទាប់មក PCA បានអនុម័តវិធាននៃនីតិវិធី ដើម្បីជួយសម្រួលដល់ដំណើរការផ្សះផ្សា។ ថ្មីៗនេះ PCA បានគាំទ្រដល់ដំណើរការផ្សះផ្សា រវាងទីម័រខាងកើត និងអូស្ត្រាលី ទាក់ទងនឹងព្រំដែនសមុទ្ររបស់ពួកគេ នៅសមុទ្រទីម័រ ចន្លោះឆ្នាំ២០១៦ និង២០១៨ ដែលបណ្តាលឱ្យមានការបញ្ចប់សន្ធិសញ្ញាព្រំដែនសមុទ្ររវាងភាគីទាំងពីរ ។
ពាក់ព័ន្ធនឹងគណៈកម្មការនៃការសាកសួរ PCA ក៏អាចជួយភាគីនានាក្នុងការបង្កើតគណៈកម្មការស៊ើបអង្កេត ឬយន្តការស្វែងរកការពិតផ្សេងទៀត។ ជាប្រវត្តិសាស្ត្រ នីតិវិធីបែបនេះ ត្រូវបានប្រើដើម្បីបញ្ជាក់ពីកាលៈទេសៈអង្គហេតុដែលមានជម្លោះរវាងរដ្ឋនានា រួមទាំងការស៊ើបអង្កេតរវាងចក្រភពអង់គ្លេស និងរុស្ស៊ី ក្នុងឆ្នាំ១៩០៥ ក្រោមការឧបត្ថម្ភរបស់អនុសញ្ញាទីក្រុងឡាអេ ។ យន្តការស្វែងរកការពិត នៅតែមាន សម្រាប់ភាគីដែលមានបំណងបង្កើតកំណត់ត្រាគោលបំណងនៃអង្គហេតុដែលអាចជួយសម្រួលដល់ការដោះស្រាយវិវាទ។
ជាការកត់សម្គាល់ជាប្រវត្តិសាស្រ្ត នៅខែមករា ឆ្នាំ២០១៣ រដ្ឋាភិបាលហ្វីលីពីន បានសម្រេចប្តឹងចិន លើរឿងអធិបតេយ្យ ក្នុងសមុទ្រចិនភាគខាងត្បូង ដោយយោងតាមផ្នែកទី៩ (Part XV) មាត្រា២៨៧(៣) និងឧបសម្ព័ន្ធទី៧ (Annex XII) នៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ (United Nations Convention on the Law of the Sea ឬ UNCLOS)។ ដោយហេតុតែហ្វីលីពីន និងចិន ពុំបានបញ្ជាក់ច្បាស់ពីវិធីក្នុងការដោះស្រាយជម្លោះ នៅពេលនោះ មជ្ឈត្តការ ត្រូវបានជ្រើសរើសជាវិធីដោះស្រាយជម្លោះដោយស្វ័យប្រវត្តិ។ យោងតាម UNCLOS តុលាការមជ្ឈត្តការអន្តរជាតិ មាននាទីជាអ្នកចុះបញ្ជីសំណុំរឿងនេះ។ ជម្លោះដែលហ្វីលីពីន ដាក់ស្នើមកមជ្ឈត្តការ មានចំនួន៤ប្រភេទ ដែលជាសរុប រួមមាន ១៥ចំណុច ឲ្យអង្គជំនុំជម្រះ កាត់សេចក្តី។ ប្រភេទទី១ គឺភាពស្របច្បាប់នៃសិទ្ធិរបស់ចិន ក្នុងការទាមទារអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ដោយសំដៅឲ្យចំ គឺភាពស្របច្បាប់នៃ « ចំណុចត្រេ៩» ដែលប្រើប្រាស់ក្នុងការទាមទារអធិបតេយ្យ ផ្អែកតាមសិទ្ធិប្រវត្តិ សា ស្ត្រ។ ប្រភេទទី២ គឺការដោះស្រាយជម្លោះរវាងចិន និងហ្វីលីពីន ទាក់ទិនទៅនឹងសិទ្ធិទទួលបានតំបន់សមុទ្រដែលកើតចេញតាមរយៈ UNCLOS នៅថ្មប៉ប្រះទឹក Scarborough និងបណ្តាភិនភាគ (Maritime Feature) ក្នុងសមុទ្រ នៅបណ្តាកោះ Spratly ។ ប្រភេទទី៣ គឺទាមទារឲ្យដោះស្រាយជម្លោះទាក់ទងនឹងភាពស្របច្បាប់នៃសកម្មភាពរបស់ចិន ក្នុងសមុទ្រចិនខាងត្បូង ក្នុងន័យនេះ ហ្វីលីពីន ទាមទារឲ្យអង្គជំនុំជម្រះ ប្រកាសថា សកម្មភាពរបស់ចិន ទាំងនោះ មិនស្របច្បាប់។ ប្រភេទទី៤ នោះគឺទាមទារឲ្យអង្គជំនុំជម្រះមជ្ឈត្តកម្ម រកឃើញថា ចិន បានធ្វើឲ្យវិវាទកាន់តែធ្ងន់ធ្ងរ និងពង្រីកជម្លោះជាមួយហ្វីលីពីន ក្នុងពេលដំណើរការមជ្ឈត្តការ ដោយរឹតត្បិតការចូលរបស់កងម៉ារីនហ្វីលីពីន ទៅក្នុងតំបន់ថ្មប៉ប្រះទឹក Second Thomas និងកសាងកោះសិប្បនិម្មិតទ្រង់ទ្រាយធំ ក៏ដូចជាចាក់ដីបំពេញក្នុងថ្មប៉ប្រះទឹក ចំនួន៧ ក្នុងបណ្តាកោះ Spratly។
ចិន បានជំទាស់ ដោយអះអាងថា ខ្លួនមិនទទួលយកនីតិវិធីក្នុងការដោះស្រាយជម្លោះដោយបង្ខំទៅលើសំណុំរឿងដែលហ្វីលីពីន បានបញ្ជូនទៅតុលាការឡើយ។ ដោយហេតុនេះហើយ ទើបចិន សម្រេចមិនចូលរួមក្នុងមជ្ឈត្តការ និងលើកឡើងថា ហ្វីលីពីន រំលោភនីតិវិធីក្នុងដោះស្រាយជម្លោះចែងក្រោម UNCLOS។ បើទោះបីជាចិន មិនចូលរួមក្នុងមជ្ឈត្តការក្តី មាត្រា៩ នៃឧបសម្ព័ន្ធ៧ បានចែងថា អង្គជំនុំជម្រះ នៅតែអាចបន្តដំណើរការមជ្ឈត្តការបាន ហើយអនុលោមតាមមាត្រា២៩៦ (១) នៃ UNCLOS និងមាត្រា១១ នៃឧបសម្ព័ន្ធ៧ បានចែងថា សេចក្តីសម្រេចទាំងឡាយណារបស់អង្គជំនុំជម្រះ មានចំណងផ្លូវច្បាប់ទៅលើភាគីជម្លោះ។
ជាលទ្ធផល នៅនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ អង្គជំនុំជម្រះ បានចេញសេចក្តីសម្រេចមជ្ឈត្តការរបស់ខ្លួន ដោយអនុលោមតាមច្បាប់សមុទ្រ។ សេចក្តីសម្រេចនោះ បានច្រានចោលការទាមទាររបស់ចិន ដោយផ្អែលលើសិទ្ធិប្រវត្តិសាស្ត្រ ដោយប្រើប្រាស់ «ចំណុចត្រេ៩»។ សេចក្តីសម្រេច ក៏បានអះអាងផងដែរថា គ្មានកោះណា មួយ ក្នុងបណ្តាកោះ Spratly អាចបង្កើតតំបន់សេដ្ឋកិច្ចផ្តាច់មុខ ឫខ្ពង់រាបបាតសមុទ្រ (Continental Shelf) ឡើយ។ បន្ថែមពីនេះ សេចក្តីសម្រេច ក៏រកឃើញផងដែរថា សកម្មភាពមួយចំនួនធំ របស់ចិន ក្នុងសមុទ្រចិនខាងត្បូង មិនស្រប់ច្បាប់ ដែលចែងក្នុង UNCLOS ដូចជាការអនុវត្តច្បាប់ និងការបំផ្លិចបំផ្លាញបរិស្ថាន ។

ផ្អែកលើឧទាហរណ៍ជាក់ស្ដែង ដែលហ្វីលីពីន បានឈ្នះចិន រឿងក្ដីសមុទ្រចិនខាងត្បូង នៅតំបន់ថ្មប៉ប្រះទឹក ដូចខាងលើនេះហើយ ទើបអតីតថ្នាក់ដឹកនាំបក្សប្រឆាំង នៅក្រៅប្រទេស (ក្រុមសម រង្ស៊ី) ជំរុញឲ្យកម្ពុជា យកគំរូតាមហ្វីលីពីន ក្នុងការប្ដឹងថៃ ទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាវិបត្តិវិវាទតំបន់សមុទ្រត្រួតស៊ីគ្នា ទំហំ ២៦០០០គីឡូម៉ែត្រការ៉េ បន្ទាប់ពីគណៈរដ្ឋមន្រ្តីថៃ សម្រេចអនុម័តលុបចោលអនុស្សរយោគយល់ឆ្នាំ២០០១ (MOU 2001) ដែលជាកិច្ចព្រមព្រៀងទ្វេភាគី នៅក្នុងការស្រាយបញ្ហាដែនសមុទ្រ ឬព្រំដែនទឹក រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ៕ កុលបុត្រ