ភ្នំពេញ ៖ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌជ្រោយចង្វា ប្រមាណជិត ១០០នាក់ ដឹកនាំដោយលោកច្រែង ម៉ិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកកៅ សារ៉ាវុធ អភិបាលរងខណ្ឌជ្រោយចង្វា បានចុះអនុវត្តសាលដីការបស់តុលាការកំពូល ជាលើកទី២ ដោយរឹបអូសដីនិងផ្ទះមួយកន្លែង នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ប្រគល់ឱ្យម្ចាស់បំណុលដែលជាភាគីឈ្នះក្តី ដើម្បីទទួលបានកាន់កាប់ជាម្ចាស់ស្របច្បាប់។

ការអនុវត្តសាលដីកានេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅចំណុចទីតាំងខាងលើ ទៅតាមអំណាចសាលដីការដ្ឋប្បវេណី លេខ ១៦៨ “ឆ” ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១៩ របស់តុលាការកំពូល។

បើទោះយ៉ាងណា ការអនុវត្តសាលដីការបស់តុលាការកំពូលពេលនោះ មិនមានការប៉ះទង្គិចគ្នាទេ ដោយភាគីចាញ់ក្តី ព្រមប្រគល់ដីដែលមានទទឹង ១១,៦០ម៉ែត្រ បណ្តោយជាង ៣០០ម៉ែត្រ និងផ្ទះ ឱ្យទាំងមិនអស់ចិត្ត។
ប្រភពឱ្យដឹងថា សំណុំរឿងរដ្ឋប្បវេណីនេះ បានប្តឹងផ្តល់គ្នា អស់រយ:ពេលជិត ២០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន រវាងដើមបណ្តឹងឈ្មោះផាន់ យ៉ាន់ណា ភេទស្រី និងចុងចម្លើយឈ្មោះខោល សំណាង ភេទប្រុស ដែលជាបងប្អូនជីដូនមួយគ្នា។

បើទោះបីយ៉ាងណា នៅពេលសមត្ថកិច្ចចុះទៅដល់ បានជួបកូនបំណុល ព្រមទាំងសាច់ញាតិហើយព្រះរាជអាជ្ញា និងគណៈកម្មការបានសម្របសម្រួលហើយ ភាគីកូនបំណុលដែលជាអ្នកចាញ់ក្តី មិនមានការតវ៉ាចំពោះការអនុវត្តនេះទៀតឡើយ ប៉ុន្តែពួកគាត់មិនអស់ចិត្តនោះទេ។
ដំណើរការអនុវត្តគឺ គណៈកម្មការក៍បានអនុវត្តទៅតាមខ្លឹមសារនៃសាលដីការរដ្ឋប្បវេណី លេខ ១៦៨ “ឆ” ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ របស់តុលាការកំពូល ជាលើកទី២ ដោយធ្វើការប្រគល់អចលនវត្ថុដែលជាកម្មវត្ថុនៃការអនុវត្ត រួមមាន ដីមានប័ណ្ណម្ចាស់កម្មសិទ្ធិកាន់កាប់លេខ J1 ១៦៩៧ ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ១៩៩៣ និងផ្ទះដែលស្ថិតនៅលើដី មានប័ណ្ណកម្មសិទ្ធិលេខខាងលើ ស្ថិតនៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា ឱ្យទៅម្ចាស់បំណុល នៃការអនុវត្ត ឈ្មោះផាន់ យ៉ាន់ណា ដើម្បីទទួលបានការកាន់កាប់ជាម្ចាស់ស្របច្បាប់ ចាប់ពីពេលនេះតទៅ។
បន្ទាប់អ្នកធ្វើកណត់ហេតុ រួចអានឱ្យភាគីពាក់ព័ន្ធស្តាប់រួចរាល់ កូនបំណុលក៏បានរុះរើរបស់របរចេញដោយស្ម័គ្រចិត្ត។
បើតាមការរៀបរាប់របស់ម្ចាស់បំណុល ឱ្យដឹងថា ផ្ទះនិងដីនោះ ជាកេររបស់ឪពុកម្តាយរបស់គាត់ តាំងពីសង្គមចាស់។ ក្រោយឆ្នាំ១៩៧៩ ឪពុកម្តាយបានស្លាប់ចោលអស់ទៅ បន្សល់ទុកនៅតែគាត់ជាកូនកំព្រាម្នាក់ឯង រស់នៅលើដីនោះ។ លុះក្រោយមក អ៊ំស្រីគាត់ក៏មកនៅជាមួយ។ អ៊ំស្រីដែលជាម្តាយបង្កើតរបស់កូនបំណុល រស់ជាមួយគ្នា ដោយមិនមានទំនាស់នឹងគ្នានោះទេ។

ភាគីអ្នកឈ្នះក្តីបានឱ្យដឹងទៀតថា ខណៈនោះនៅឆ្នាំ១៩៩៣ គាត់ក៏បានធ្វើប័ណ្ណកម្មសិទ្ធិ ដោយមានការឯកភាពពីម្តាយធំ។ រយៈពេលក្រោយមកទៀត គាត់មានគ្រួសារ ក៏បានទៅរស់នៅខាងប្តី មួយរយៈ ក៏បានត្រឡប់មកវិញ ហើយត្រូវបានម្តាយធំ ព្រមទាំងកូនៗដែលត្រូវជាបងប្អូនជីដូនមួយ បណ្តញគាត់ចេញ មិនឱ្យរស់នៅ ទើបកើតមានការប្តឹងផ្តល់គ្នាតាំងពីឆ្នាំ២០០៥ រហូតមក។ ដោយមានការតស៊ូយ៉ាងស្វិតស្វាញ ហើយមានឯកសារភ័ស្តុតាងផង ទើបតុលាការកំពូល កាត់ឱ្យគាត់ឈ្នះក្តីពេលនេះ៕