ភ្នំពេញ ៖ យុវជនម្នាក់ នៅសុខៗបានបាត់ចេញពីផ្ទះដោយគ្មានដំណឹង និងថែមទាំងបានយកលុយចំនួន ២ពាន់ដុល្លារ និង ៧លានរៀល ចេញទៅតាមខ្លួនទៀត ជាហេតុធ្វើឱ្យឪពុកម្តាយមានការព្រួយបារម្ភ តាមស្វែងរកមិនឃើញ ក៏រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

យុវជនដែលចេញបាត់ពីផ្ទះខាងលើនេះ មានឈ្មោះជុំ រ៉ាវ៉ាន់ អាយុ១៩ឆ្នាំ មុខរបរសិស្ស មានលំនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។ យុវជនរូបនេះ បានចេញបាត់ពីផ្ទះ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២។

យោងតាមរបាយការណ៍របស់ក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (Hotline 117) បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង ៩និង២២នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឈ្មោះប៉ាន់ បូរី ត្រូវជាម្តាយរបស់យុវជនខាងលើ បានរាយការណ៍មក កាន់លេខ១១៧ ថា គាត់បានបាត់កូនប្រុសម្នាក់ឈ្មោះជុំ រ៉ាវ៉ាន់ អាយុ១៩ឆ្នាំ ស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។

របាយការណ៍ដដែល បន្តថា បន្ទាប់មក នៅវេលាម៉ោង ៩និង២៤នាទីព្រឹក ថ្ងៃដដែល ក្រុមការងារប្រចាំបញ្ជា ១១៧ បានបញ្ជូនព័ត៌មានខាងលើទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីជួយអន្តរាគមន៍ស្វែងរក។
លុះមកដល់ម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃដដែល សមត្ថកិច្ចបានអញ្ជើញស្ត្រីជាម្តាយ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក ដោយស្ត្រីជាម្តាយ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនប្រុសរបស់គាត់បានចេញពីផ្ទះ កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដោយបានយកលុយចំនួន ២ពាន់ដុល្លារ

និង ៧លានរៀល ទៅជាមួយផង។ ជាមួយនេះ គេបានវេរលុយពីធនាគារ ABA ទៅ Wing ចំនួន ១០០០ដុល្លារទៀត ហើយមកដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅមិនទាន់ឃើញត្រឡប់មកផ្ទះវិញនៅឡើយ ជាហេតុធ្វើឱ្យក្រុមុគ្រួសារគាត់មានការព្រួយបារម្ភពីសុវត្ថិភាពកូនប្រុសម្នាកនេះយ៉ាងខ្លាំង។
បន្ទាប់ពីទទួលពាក្យបណ្តឹងពីស្ត្រីជាម្តាយយុវជនខាងលើរួចមក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមជំនាញ ដើម្បីតាមស្វែងរកយុវជនខាងលើ ត្រឡប់មកវិញ៕