ខេត្តកណ្តាល ៖ បុរស ២នាក់ ដែលជាបុគ្គលិកបម្រើការងារនៅក្នុងកាស៊ីណូ មួយកន្លែង ត្រូវបានប្រទះឃើញធ្លាក់ចុះពីអគារជាន់ទី៨ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានសន្តិសុខកាស៊ីណូប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្លាមៗដែរ តែអកុសល ដោយសារស្ថានភាពរបួសធ្ងន់ពេក ទើបក្រោយពេលដឹកទៅដល់មន្ទីរពេទ្យ ជនរងគ្រោះទាំង២នាក់ ក៏បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដែលករណីនេះ ត្រូវបានសង្ស័យថា អាចជាករណីឃាតកម្ម។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣៩នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នៅចំណុចបរិវេណកាស៊ីណូ យ៉ុងយ័ន មានទីតាំងស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។

ជនរងគ្រោះទាំង២នាក់ ទី១-ឈ្មោះ ផាម ហ៊ូ ឌឹ (PHAM HUU DU) ភេទប្រុស អាយុ៣២ឆ្នាំ (ឆ្នាំកំណើត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៩០) កាន់អត្តសញ្ញាណប័ណ្ណវៀតណាម លេខ 034090001260 ជាបុគ្គលិកកាស៊ីណូយ៉ុងយ័ន និងទី២-ឈ្មោះលូ

វៀត ឡុង (LUU VIET LONG) ភេទប្រុស អាយុ២២ឆ្នាំ (ឆ្នាំកំណើតថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ១៩៩៩) កាន់អត្តសញ្ញាណប័ណ្ណវៀតណាម លេខ 031099007352 ជាបុគ្គលិកកាស៊ីណូយ៉ុងយ័ន។ ជនរងគ្រោះទាំង២នាក់ បម្រើការងារនិងស្នាក់នៅក្នុងកាស៊ីណូយ៉ុងយ័ន ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ជាមួយគ្នា។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់ បានឆ្លងដែនពីស្រុកកំណើត ចូលមកបម្រើការងារជាបុគ្គលិកនៅកាស៊ីណូ យ៉ុងយ័ន ជ្រៃធំ កាលពីពីអំឡុងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ដោយមានច្បាប់ទម្លាប់គ្រប់គ្រាន់។ លុះនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងជាង ៩យប់ ស្រាប់តែជនរងគ្រោះបានធ្លាក់ពីលើអគារជាន់ទី៨ បណ្តាលរងរបួសធ្ងន់ទាំង២នាក់តែម្តង។ ស្ថិតក្នុងស្ថានភាពបែបនេះ មានសន្តិសុខយាមនៅទីនោះ ២នាក់ ម្នាក់ឈ្មោះងួន ឆេងលី និងឈ្មោះ ផាត់ សំឡូត និងមានជនជាតិវៀតណាម ជាបុគ្គលិកកាស៊ីណូ ២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បាននាំគ្នាលើកជនរងគ្រោះដាក់លើរថយន្ត ១គ្រឿង ម៉ាកឡិចស៊ីច GX-470 ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-6380 ហើយដឹកទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ហៅពេទ្យរុស្ស៊ី ឯរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះ ប៉ុន្តែអកុសល ដោយសារតែស្ថានភាពរបួសរបស់ជនរងគ្រោះទាំង២នាក់ មានសភាពធ្ងន់ខ្លាំងពេក ទើបក្រោយពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ ជនរងគ្រោះក៏បានបាត់បង់ជីវិតទាំង២នាក់តែម្តង។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋានននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងការិយាល័យនគរបាលបច្ចេកទេស និងកម្លាំងការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំដោយលោកស្នងការរងទទួលការងារអន្តោប្រវេសន៍ និងកម្លាំងនគរបាលបច្ចេកទេសក្រសួងមហាផ្ទៃ បានចុះទៅកន្លែងកើតហេតុពិនិត្យ និងធ្វើកោសលវិច័យតាមនីតិវិធី ដើម្បីបើកការស្រាវជ្រាវ ស៊ើបអង្កេត និងកំណត់បទល្មើសដែលកើតឡើង។
ជាក់ស្តែង សមត្ថកិច្ចបានចុះពិនិត្យសពជនរងគ្រោះទាំង២នាក់ ឃើញថា សពជនរងគ្រោះទាំង២នាក់ មានស្នាមរលាត់ជាំលើដងខ្លួន បាក់ដៃបាក់ជើង និងបែកក្បាល ដោយសភាពរបួសធ្ងន់បំផុត ដែលមិនអាចសង្គ្រោះបានឡើយ។ ដោយឡែក នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញវត្ថុតាង ភួយកាត់ជាខ្សែតភ្ជាប់គ្នា មានចំនួន៣ភួយ ប្រវែង១០ម៉ែត្រ។ ចំណែកចម្រឹងបន្ទប់ជាន់ទី៨ អគារA4 នៃកាស៊ីណូ យ៉ុងយ័ន ត្រូវបានកាត់ មានប្រហោងល្មមមនុស្សចេញចូលរួច។ ដូច្នេះទើបមានការសន្និដ្ឋានជំហានដំបូងរបស់សមត្តកិច្ចថា សពជនរងគ្រោះទាំង២នាក់ ធ្លាក់ពីលើទីខ្ពស់ជាន់ទី៨ បណ្តាលឱ្យរងរបួសធ្ងន់ រហូតបាត់បង់អាយុជីវិត។ ប៉ុន្តែ នៅមិនទាន់អាចកំណត់បានថា ជាករណីអ្វីឱ្យពិតប្រាកដនៅឡើយ។
សពជនរងគ្រោះទាំង២នាក់ ត្រូវបានតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីឱ្យក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕