ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ព្រោះតែប្រើប្រាស់ថ្នាំញៀនហួសកម្រិត និងអុកឡុកក្រុមគ្រួសារមិនឈប់ ធ្លាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅមណ្ឌលកែប្រែ ជាហូរហែចំនួន ៥ដងរួចមកហើយ លុះចេញមកវិញ រករឿងអុកឡុក ប្រើហិង្សា វាយបំផ្លាញទ្រព្យ សម្បត្តិក្នុងផ្ទះ រហូតដល់ឪពុកម្តាយទ្រាំលែងបាន ប្តឹងសមត្ថកិច្ចចាប់ខ្លួននាំយកទៅចាត់ការតាមច្បាប់។

យោងតាមប្រភពពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកថ្មពួក បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលបណ្តឹងពីអាណាព្យាបាលឈ្មោះឈួយ វិចិត្រ

ភេទប្រុសអាយុ៥២ឆ្នាំ និងប្រពន្ធឈ្មោះព្លាន ញ៉ឹស ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ជាឪពុកម្តាយរបស់ជនសង្ស័យ ដោយបានប្តឹងទៅលើឈ្មោះហេង គឹមហួង ភេទប្រុស អាយុ២៧ឆ្នាំ ជាកូនបង្កើតរស់នៅ

ផ្ទះជាមួយគ្នា ដែលបានប្រើអំពើហិង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ហើយជាមុខសញ្ញា ប្រើប្រាស់សារធាតុញៀនខុសច្បាប់ ធ្លាប់ជាប់មណ្ឌលកែប្រែចំនួន ៥លើកកន្លងមកហើយ។

ប្រភព បន្តថា ដោយចេញមកវិញមិនព្រមកែប្រែ នៅតែប្រើប្រាស់ថ្នាំញៀន និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនលើកច្រើនសា ទើបអាណាព្យាបាល សម្រេចចិត្តមកដាក់បណ្តឹងឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី។
ក្នុងករណីនេះ ក្រោយពីទទួលបានបណ្តឹងភ្លាម កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះហេង គឹមហួង មកធ្វើការសាកសួរ ដើម្បីរៀបចំសំណុំរឿង និងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី៕