ខេត្តស្វាយរៀង ៖ បុរសម្នាក់ ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះភ្លាម ក៏រករឿងប្រចណ្ឌឈ្លោះប្រកែកជាមួយប្រពន្ធយ៉ាងខ្លាំង រហូតដល់ភ្លើងច្រណ្ឌដុតរោលខ្លាំង ទ្រាំលែងបាន ក៏បែកគំនិតដុតផ្ទះចោល បង្កឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតអស់ទាំងស្រុង ទីបំផុតក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបុរសជាប្តីនាំយកទៅចាត់ការតាមច្បាប់។

ករណីប្តីប្រចណ្ឌប្រពន្ធ ដុតផ្ទះខ្លួនឯងឆេះអស់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៤០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា។
ជនសង្ស័យជាប្តីដែលធ្វើសកម្មភាពដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះខ្ទេចអស់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះភោគ ភក្តី អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិអង្គក្តួច ឃុំព្រៃគគីរ ស្រុកចន្ទ្រា។ ចំណែកផ្ទះដែលត្រូវអគ្គិភ័យឆេះបំផ្លាញទាំងស្រុងនោះ មានទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ឆេះអស់ទាំងស្រុង។ រីឯសម្ភារ និងទ្រព្យសម្បត្តិខូចខាត រួមមាន អង្ករ ២តៅ ខោអាវឆេះខូចខាតទាំងស្រុង និងសម្ភារៈមួយចំនួនដែលមាននៅក្នុងផ្ទះ សំណាងពុំមានរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញជនសង្ស័យខាងលើ បានផឹកស្រាស្រវឹងជោក លុះពេលត្រឡប់មកដល់ផ្ទះវិញ ក៏ចាប់ផ្តើមរករឿងប្រចណ្ឌប្រពន្ធ ធ្វើឱ្យកើតជាជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា ស្រាប់តែបន្តិចក្រោយមក បុរសជាប្តី ចិត្តក្តៅ ទប់កំហឹងមិនជាប់ ក៏បែកគំនិតដុតផ្ទះចោល ធ្វើឱ្យកើតជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិជួយដងទឹកពន្លត់ និងរាយការណ៍មកសមត្ថកិច្ចជួយអន្តរាគមន៍ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ភ្លាមៗដែរ តែអកុសលហួសពេល ទៅហើយ ខណៈភ្លើងឆេះពេញក្រមុំ មិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ បានត្រឹមតែសោកស្តាយប៉ុណ្ណោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមច្បាប់៕