ខេត្តកណ្តាល ៖ គូស្នេហ៍វ័យមួយគូ បានទាក់ទងស្រលាញ់គ្នា និងទទួលយកគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការនោះទេ លុះក្រោយមក ភាគីបុរសជាប្តីតាមដានដឹងរឿងប្រពន្ធរបស់ខ្លួនកំពុងទាក់ទងជាមួយប្រុសថ្មី និងថែមទាំងបានដើរលេងជាមួយគ្នាទៀតនោះ ក៏ផ្ទុះភ្លើងប្រចណ្ឌ រករឿងឈ្លោះ និងក្លាយជាអំពើហិង្សា វាយដំធ្វើទារុណកម្មយ៉ាងចាស់ដៃ ដោយវ៉ៃច្របាច់កផង កាត់សក់ផង និងថែមទាំងយកអង្រែបុកគ្រឿង វាយដៃជើង ខ្លួនប្រាណ និងកំប៉េះគូទប្រពន្ធ បណ្តាលឱ្យហើមជាំ រងរបួសយ៉ាងធ្ងន់ ទីបំផុតស្ត្រីជាប្រពន្ធរត់គេចចេញផុតពីកណ្តាប់ដៃប្តីកំណាច ក៏ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនបុរសជាប្តី នាំយកទៅចាត់ការតាមច្បាប់។

ករណីប្តីប្រចណ្ឌផ្ទុះហិង្សាវ៉ៃប្រពន្ធទក់សាច់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង។
បុរសជាប្តីដែលវាយប្រពន្ធ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះជឹម សុធារ៉ា អាយុ២៦ឆ្នាំ មុខរបរលក់ទូរស័ព្ទដៃ មានលំនៅក្នុងភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្តាលស្ទឹង។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះរុន សៀវឡាង អាយុ២៣ឆ្នាំ មុខរបរលក់ទូរស័ព្ទដូចគ្នា មានលំនៅក្នុងភូមិបាង ឃុំបារគូ ស្រុកកណ្តាលស្ទឹង។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ គូស្នេហ៍មួយគូនេះ បានស្គាល់គ្នា ហើយក៏បានរួមរស់ជាមួយគ្នាដូចជាប្តីប្រពន្ធ តែមិនបានរៀបអាពាហ៍ពិពាហ៍ដោយមានខាន់ស្លាពីចាស់ទុំនោះទេ។ បន្ទាប់មក ប្តីប្រពន្ធមួយគូនេះបានរកស៊ីលក់និងជួសជុលទូរស័ព្ទដៃជាមួយគ្នា ដែលឪពុកម្តាយខាងស្រីបានឱ្យលុយចំនួន ១២០០០ដុល្លារ ដើម្បីធ្វើដើមទុនរកស៊ីលក់ទូរស័ព្ទដៃ។

ប្រភពដដែល បន្តថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បុរសជាប្តីបានខឹងជាមួយប្រពន្ធដែលដើរលេងជាមួយប្រុសផ្សេង ក៏បានទះមុខ ចំនួន២ដៃ បណ្តាលឱ្យប្រពន្ធហើមភ្នែកខាងឆ្វេងតែម្តង។ លុះដល់ម៉ោងប្រមាណ ៧យប់ ថ្ងៃដដែល ទំនងជាមានចិត្តអាណិតប្រពន្ធ បុរសជាប្តីក៏បានទិញគុយទាវ ១ចាន មកឱ្យប្រពន្ធហូប តែដោយប្រពន្ធកំពុងដេកឈឺហើមមុខមាត់ ក្រោកសឹងមិនរួច ទើបហូបមិនអស់ ស្រាប់តែប្តីកំណាចក៏បានបង្ខំឱ្យប្រពន្ធហូបគុយទាវឱ្យអស់មួយចាន រួចក៏យកដែកចុងស្រួច ភ្ជង់កប្រពន្ធ ហើយនិយាយគំរាមថា “បើស៊ីមិនអស់ អញចាក់ឱ្យលិច” ដោយបុរសជាប្តីផឹកស្រាបណ្តើរ យកដែកភ្ជង់កប្រពន្ធបណ្តើរ។
ប្រភពដដែល បន្តថា លុះដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បុរសជាប្តី បានគំរាម និងរកវាយប្រពន្ធម្តងទៀត តែប្រពន្ធបានលើកដៃសំពះអង្វរ ក៏បុរសជាប្តីមិនលើកលែងដែរ។ ប៉ុន្តែតែនៅថ្ងៃទី២៤ ខែមេសា វេលាម៉ោង៧ព្រឹក ប្រពន្ធបានរៀបចំចេញទៅផ្សារ ដើម្បីរកទិញម្ហូប ពេល នោះ បុរសជាប្តីបានហៅប្រពន្ធឱ្យចូលក្នុងបន្ទប់ ហើយក៏បានយកទូតាំងដាក់លក់ទូរស័ព្ទបាំងមុខ មិនឱ្យអ្នកខាងក្រៅមើលឃើញឡើយ បន្ទាប់មក បុរសជាប្តី ក៏បានធ្វើសកម្មភាពបោចសក់ប្រពន្ធ ទាញទៅខាងក្រោយ និងបានវាយមុខ និងក្បាលជាច្រើនដៃ ហើយក៏ចាប់ផ្តួលប្រពន្ធទៅលើពូក រួចបុរសជាប្តី បានឡើងជាន់លើទ្រូងប្រពន្ធមួយសន្ទុះ បន្ទាប់មកបានយកដៃទាំង ២ប្របាច់ក បណ្តាលឱ្យប្រពន្ធថប់ដង្ហើមស្ទើរស្លាប់ស្ទើររស់ ហើយក៏យកជើងជាន់ពីលើក្បាល និងយកកាំបិតមុខពីរ កាត់សក់ប្រពន្ធ ថែមទាំងគំរាមមិនឱ្យស្រែកទៀត បើហ៊ានស្រែក គេនឹងអារកចោល។
ប្រភពខាងលើ បញ្ជាក់ថា ចុងក្រោយ បុរសជាប្តី បានយកអង្រែបុកគ្រឿង វាយចំខ្នងប្រពន្ធខាងឆ្វេង ជាច្រើនអង្រែ ពេលនោះប្រពន្ធបានលើកដៃសំពះ តែបុរសប្តីយកអង្រែវាយជើង និងកំប៉េះគូទទាំងសងខាង បណ្តោយឱ្យហើមជាំជាច្រើនកន្លែងផងដែរ ហើយពេលនោះដែរ ស្ត្រីជាប្រពន្ធ បានព្យាយាមរត់ចេញឱ្យអ្នកជិតខាងជួយ តែត្រូវបុរសជាប្តីគំរាម បើហ៊ានរត់ចេញ គេនឹងសម្លាប់ចោល។
ប្រភពដដែល បន្តថា ប៉ុន្តែសកម្មភាពនោះនៅពេលមានភ្ញៀវមកជួលជុលទូរស័ព្ទ ស្ត្រីជាប្រពន្ធក៏បានរត់ចេញទៅក្រៅផ្ទះ និងស្រែកឱ្យគេជួយ ទើបមានឱកាសបានទូរស័ព្ទទៅឪពុករបស់នាងឱ្យដឹង និងយកនាងទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រមទាំងបានទៅដាក់ពាក្យបណ្តឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបារគូ ដើម្បីជួយអន្តរាគមន៍ និងចាប់បុរសជាប្តី យកទៅចាត់ការតាមផ្លូវច្បាប់។
ក្រោយពេលទទួលបានព័ត៌មានខាងលើនោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបារគូ បានចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យជាប្តី បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕