Friday, September 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹងហៅអាឆ្កែ កាប់១កណ្តៀវដាច់ក

ខឹងហៅអាឆ្កែ កាប់១កណ្តៀវដាច់ក

ភ្នំពេញ ៖ បុរសម្នាក់ កំពុងអង្គុយផឹកស៊ីនៅផ្ទះអ្នកស្គាល់គ្នា លុះឃើញបុរសម្នាក់ទៀត ជិះម៉ូតូចូលមក ក៏ស្រែកជេរថា “អាណាហៅអ្ហែងមក អាឆ្កែ!” ធ្វើឱ្យកើតជាជម្លោះពាក្យសម្តី រហូតផ្ទុះជាអំពើហិង្សា ដោយភាគីត្រូវគេជេរថាអាឆ្កែ ទប់កំហឹងមិនជាប់ ក៏ទាញកណ្តៀវកាប់គូទំនាស់១កណ្តៀវ ចំគល់កពីក្រោយ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើកណ្តៀវកាប់លើគូទំនាស់) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខផ្ទះរបស់ឈ្មោះអាត់ ឈឿន ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ជនរងគ្រោះដែលត្រូវគូទំនាស់កាប់ ១កណ្តៀវ បណ្តាលឱ្យរងរបួសកញ្ចឹងកយ៉ាងធ្ងន់នោះ មានឈ្មោះប៊ែល អាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមន្ត្រីរាជការជាប់កិច្ចសន្យា (ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ) មានលំនៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ ចំណែកជនដៃដល់ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសារី សារឿន ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ រីឯវត្ថុតាងចាប់យក កណ្តៀវដងឈើ ប្រវែង០,៤៥ម៉ែត្រ ចំនួន១ដើម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះប៊ែល អាត កំពុងតែអង្គុយផឹកស៊ីជាមួយឈ្មោះអាត់ ឈឿន ភេទប្រុស អាយុ៦៧ឆ្នាំ (ផឹកតែ២នាក់) នៅលើគ្រែខាងមុខផ្ទះរបស់ឈ្មោះអាត់ ឈឿន ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ (ទីតាំងកើតហេតុខាងលើ) ស្រាប់តែក្រោយមក ក៏លេចមុខជនសង្ស័យឈ្មោះសារី សារឿន បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ មិនចាំស្លាកលេខ ចូលមកដល់ រួចបានឈប់ម៉ូតូនៅក្រោមដើមស្វាយ ខាងមុខផ្ទះរបស់ឈ្មោះអាត់ ឈឿន ដែលមាន ចម្ងាយប្រមាណ ៣ម៉ែត្រ ពីគ្រែផឹកស៊ី។ ពេលនោះឈ្មោះអាត់ ឈឿន ជាម្ចាស់ផ្ទះ បានក្រោកពីកន្លែងផឹកស៊ី ដើរទៅបត់ជើងតូច ហើយពេលជនសង្ស័យបម្រុងដើរចូលទៅកន្លែងផឹកស៊ី ស្រាប់តែជនរងគ្រោះបាននិយាយទៅកាន់ជនសង្ស័យថា “អាណាហៅអ្ហែងមក អាឆ្កែ!” ទើបជនសង្ស័យបានឆ្លើយថា “ម្ចាស់ផ្ទះហៅអញ បានអញមក” ឮបែបនេះ ជនរងគ្រោះក៏បានក្រោកពីលើគ្រែ ស្ទុះសំដៅទៅរកជនសង្ស័យ ស្រាប់តែជនសង្ស័យ បានទាញកណ្តៀវសម្រាប់ច្រូតស្មៅដែលនៅជាប់ម៉ូតូ កាប់ទៅលើជនរងគ្រោះ ១កណ្តៀវ ត្រូវចំគល់កខាងក្រោយ បណ្តាលឱ្យរបួសធ្ងន់ ដេកដួលក្នុងថ្លុកឈាម ចំណែកជនដៃដល់ បានបើកម៉ូតូគេចខ្លួនបាត់ភ្លាមៗ។

ប្រភពបន្តថា ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានសាច់ញាតិនិងក្រុមគ្រួសារ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ និងត្រូវបានក្រុមគ្រូពេទ្យដេរមុខរបួស ចំនួន១៥ថ្នេរ។ បន្ទាប់មក ឈ្មោះប៊ែល តុលា ភេទស្រី អាយុ៣០ឆ្នាំ ត្រូវជាប្អូនស្រី បង្កើតរបស់ជនរងគ្រោះ បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

សមត្ថកិច្ច បន្តទៀតថា លុះដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន ត្រង់ចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រៃស។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើកណ្តៀវកាប់ទៅលើជនរងគ្រោះប្រាកដមែន មូលហេតុខឹងរឿងជនរងគ្រោះហៅខ្លួនថា អាឆ្កែ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES