ភ្នំពេញ៖ព្រាប សុវត្ថិ និងខេមរៈ សរីមន្ដ ធ្លាប់ប្រជែងទីផ្សារចម្រៀងគ្នាយ៉ាងស្វិតស្វាញបំផុតរយៈពេលជិត១០ឆ្នាំឯណ្ណោះដោយមានឆ្នាំខ្លះពិបាកបែងចែកថា១ណាជាអ្នកខ្លាំងជាងទៀតផងព្រោះបើមានម្នាក់ណាចេញបទផ្ទុះហើយ ម្នាក់ទៀតត្រូវតែមានបទ១ផ្ទុះស្រដៀងគ្នាដែរទើបអាចទប់ទល់គ្នាបាន។ប៉ុន្ដែក្រោយពីព្រាប សុវត្ថិ ដើរចេញពីហង្សមាសចូលGalaxy រយៈពេលជាង១ឆ្នាំមកនេះ ហើយខេរមៈ សីរមន្ដ បានធ្វើស្ដេចត្រាញ់នៅហង្សមាសនោះគេកត់សម្គាល់ថាតារាប្រុសឈានមុខគេទាំង២ដួងគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ហាក់ទម្លាក់កំដៅនៃការតតាំងបទចម្រៀងគ្នាដូចមុនបន្ដិចម្ដងៗ ដោយពេលនេះគ្រប់គ្នាមើលឃើញថាទាំងលោកសុវត្ថិ និងសិរីមន្ដ បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ និងអាជីវកម្មនៅខាងក្រៅសិល្បៈកាន់តែខ្លាំងដូចគ្នាទៅវិញ។
តើព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ លែងប្រជែងទីផ្សារចម្រៀងគ្នាដូចមុន តែតតាំងគ្នារឿងមុខជំនួញម្ដង?
អ្នកជំនញាធ្វើភ្លេង(Composer)នៅហង្សមាសម្នាក់បានប្រាប់”នគរធំ”កាលពីរសៀលថ្ងៃទី២៧ខែមេសា ដោយមិនឲ្យដាក់ឈ្មោះនោះនិយាយលេងបន្លំមែនថាគឺជាការពិតកាលៈទេសៈនេះតារាទាំងពីរ១ណាលក់ដីឡូតិ៍បានច្រើនជាង អ្នកនោះនឹងឈ្នះហើយ…។យ៉ាងណាគ្រូភ្លេងរូបនោះសង្កត់ថាដោយសារតែមុននេះកូវីដផ្ទុះពេកទើបតារាៗងាកមករកស៊ីមុខរបរខាងក្រៅសិល្បៈអីចឹងរយៈពេលជិត៣ឆ្នាំនេះពួកគេគិតថាមិនអាចពឹងតែលើតែសិល្បៈមួយមុខបានទេទើបតារាខ្លះជាប់ដៃរកស៊ីកាន់តែជ្រៅជាងមុន។ប៉ុន្ដែលោកថាករណីលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទោះជាពេលនេះពួកគេមានទ្រព្យច្រើនក្ដី តែនៅពេលដែលមិនទាន់ដល់វ័យមួយទៅលែងរួច ឬគេនៅតែគាំទ្រនោះលោកជឿរថាទោះជាជាប់ដៃរកស៊ី ធ្វើជំនួញយ៉ាងណាក៍តារាទាំងពីរមិនព្រលែងអាជីពចាស់ចោលដែរ ព្រោះថាទម្រាំឈានមកដល់ចំណុចនេះម្នាក់ៗបានសន្សំកេរ្តិ៍ឈ្មោះជាច្រើនឆ្នាំ អីចឹងបើច្រៀង១កម្មវិធីស៊ី៥ពាន់ដុល្លារ ថតស្ពត១ថ្លៃ៥ម៉ឺនដុល្លារ តើមានហេតុផលអីដែលពួកគេបោះបង់?យ៉ាងណាលោកគ្រូភ្លេងរូបនោះថាតាមការសង្កេតរបស់លោកនារយៈពេលចុងក្រោយនេះគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ពិតជាផ្ដោតលើការរកស៊ីច្រើនជាងច្រៀងមែន។
ចំណែករឿងថាសម្រាប់ទីផ្សារចម្រៀងទាំង២ថាតើ១ណាខ្លាំងជាងនោះលោកថាដោយសារតែមុននេះកូវីដអីចឹងពិបាកសន្និដ្ឋានណាស់ព្រោះគ្រប់តារាទាំងអស់បញ្ចេញសម្ថភាពមិនទាន់អស់។យ៉ាងណាលោកថាគេអាចវាយតម្លៃបានថាតើលោកសុវត្ថិ និងសិរីមន្ដ មួយណាធ្វើបានល្អជាងខាងការងារសិល្បៈគឺនៅអំឡុងខែធ្នូឆ្នាំ២០២២ ខាងមុខនេះ ព្រោះបើចាប់ពីពេលនេះតទៅកូវីដកាន់តែថមថយ ម្នាក់ៗច្បាស់ជាអាចបញ្ចេញអស់ពីសម្ថភាពបានហើយ។គេចាំបានថាអំឡុងពេលដែលព្រាប សុវត្ថិ ដើរចេញពីហង្សមាសកាលពីខែសីហាឆ្នាំ២០២០ នោះមានព័តមានថាលោកមិនចង់នៅភ្នំ១មានខ្លា២ ខណៈខ្លះទៀតថាលោកសុវត្ថិ និងខេមរៈ សិរីមន្ដ មិនសូវត្រូវគ្នា កាច់កុងគ្នា…។តែដំណឹងនោះត្រូវបានលោកស្នាយ ច្រានចោលដោយអះអាងថាលោកទៅGalaxy ដើម្បីស្វែងរកបទពិសោធន៍ថ្មីៗ ហើយលោកមិនដែលមានជម្លោះជាមួយតារាណាឡើយ។ដោយឡែកលោកខែម ប៊ុនថៃ វិញក្រោយឡើងងារជាឧកញ៉ាជាង២ខែមកនេះតារាកូន៣បានរយាលៗពីឆាកតន្រ្ដី និងស្ងាត់ដំណឹងដែលលេចឭថាលោកត្រៀមថតភាពយន្ដថ្មីនៅហង្សមាសនោះទៅវិញ។អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាគិតមកដល់ពេលនេះខេមរៈសិរីមន្ដ នៅតែមិនទាន់អាចវ៉ាព្រាប សុវត្ថិ បានទេ ប៉ុន្ដែក្រោយល្បីបទ”ពឺតៗ”មកលោកប៊ុនថៃ កាន់តែបោះពួយទៅមុខ។
ចំណែកលោកគង់ វិសាល ជាអ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅប៉ុស្ដិ៍បាយ័នដែលមានបទពិសោធន៍រៀបចំConcertsជាង២០ឆ្នាំនោះបានប្រាប់ថារយៈពេលជាង២ទសវត្សន៍មកនេះមិនទាន់មានតារារូបណាផ្ដួលព្រាបសុវត្ថិ បានទេដោយគិតទាំងទីផ្សារចម្រៀង កេរ្ដិ៍ឈ្មោះ និងតម្លៃខ្លួន។ទោះជាយ៉ាងណាមជ្ឈដ្ឋានមហាជនយល់ថា”រលកក្រោយ ច្រានរលកមុន”ហេតុនេះហើយបើព្រាប សុវត្ថិ នៅតែគ្មានបទខ្លាំងៗដូចមុនទៀតទេ នោះឧកញ៉ាកូន៣ខែម ប៊ុនថៃ នឹងកាន់តែធ្វើព្យុះភ្លៀងទីផ្សារចម្រៀងជាងនេះនៅថែមទៀតជាមិនខាន ៕