Wednesday, June 25, 2025
Homeសន្ដិសុខសង្គមខឹងញ៉ែសង្សារ លើកគ្នា១០នាក់ព្រួតកាប់ ជនរងគ្រោះដាច់ដៃ ជនសង្ស័យជាប់ខ្នោះ៥

ខឹងញ៉ែសង្សារ លើកគ្នា១០នាក់ព្រួតកាប់ ជនរងគ្រោះដាច់ដៃ ជនសង្ស័យជាប់ខ្នោះ៥

ខេត្តសៀមរាប ៖ យុវជនម្នាក់ បានតាមចែចង់យុវតីម្នាក់ ដោយមិនដឹងថា នាងមានសង្សាររួចទៅហើយនោះទេ ស្រាប់តែប្រុសស្នេហ៍គេដឹង ក៏ផ្ទុះកំហឹង លើកគ្នាប្រមាណ ១០នាក់ ទៅធ្វើសកម្មភាពព្រួតគ្នាដេញកាប់ទៅលើយុវជនរូបនោះ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ រួចព្យាយាមនាំគ្នារត់គេចខ្លួនអស់ លុះក្រុមគ្រួសារជនរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនក្រុមជនដៃដល់ បានសរុបចំនួន ៥នាក់ (ស្រី១) នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើ ស្ថិតក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ រហូតមកដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ទើបសមត្ថកិច្ចជំនាញព្រហ្មទណ្ឌក្រុងសៀមរាប សហការជាមួយកម្លាំងមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន៥នាក់ (ស្រី១) នាំយកមកសួរនាំ។

ក្រុមជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះនី វណ្ណា ហៅប៉ោង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប បច្ចុប្បន្នស្នាក់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប (ជនដៃដល់)។ ទី២-ឈ្មោះឆុន មករា ហៅខ្លី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប (ជនដៃដល់)។ ទី៣-ឈ្មោះសុខ ធីសែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នស្នាក់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប (ជនដៃដល់)។ ទី៤-ឈ្មោះជុន តុលា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បច្ចុប្បន្នស្នាក់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប (អ្នកសមគំនិត) និងទី៥-ឈ្មោះរ័ត្ន ស្រីរុំ ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតនៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប លំនៅបច្ចុប្បន្ន ភូមិក្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (អ្នកសមគំនិត)។ រីឯវត្ថុតាងដកហូតបាន រួមមាន កាំបិតប៉័ងតោ ចំនួន១ដើម និងម៉ូតូ ចំនួន១គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះសុខ ធីសែន បានជិះម៉ូតូដឹកជនសង្ស័យឈ្មោះនី វណ្ណា ហៅប៉ោង និងជនសង្ស័យឈ្មោះឆុន មករា ហៅខ្លី ថាមករកកាប់មនុស្ស ក្នុងពេលធ្វើដំណើរតាមផ្លូវ ជនសង្ស័យទាំងបី បានជួបនឹងជនសង្ស័យឈ្មោះរ័ត្ន ស្រីរុំ រួមទាំងប្តី (គេចខ្លួន) និងជនសង្ស័យឈ្មោះ ជុន តុលា និងបក្ខពួក (គេចខ្លួន) ហើយប្រាប់រឿងរ៉ាវដែលទៅរកកាប់គេ បន្ទាប់មកក្រុមជនសង្ស័យបានជិះម៉ូតូ ហើយក៏បានជួបមិត្តភ័ក្កិរបស់ជនសង្ស័យឈ្មោះនី វណ្ណា ហៅប៉ោង (ដែលគេចខ្លួន) នៅម្តុំសួនបឹងកាឡូ ហើយក៏បបួលគ្នាជិះរកជនរងគ្រោះ ឈ្មោះម៉ាន់ អ៊ីនដាលីន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅក្នុងវត្តព្រះឥន្ទកោសីយ៍ ហៅវត្តលើ។ លុះក្រុមជនសង្ស័យជិះដល់ចំណុចកើតហេតុ ក៏ឃើញជនរងគ្រោះ និងមិត្តភក្តិកំពុងតែអង្គុយលេងលើសួនមុខវត្ត ជនសង្ស័យឈ្មោះរ័ត្ន ស្រីរុំ និងប្តី ជនសង្ស័យឈ្មោះជុន តុលា និងបក្ខពួក បានឈប់ម៉ូតូចាំផ្លូវ រីឯជនសង្ស័យឈ្មោះនី វណ្ណា ហៅប៉ោង ជនសង្ស័យ ឈ្មោះឆុន មករា ហៅខ្លី និងជនសង្ស័យឈ្មោះសុខ ធីសែន រួមទាំងបក្ខ ពួករបស់ជនសង្ស័យឈ្មោះនី វណ្ណា ហៅប៉ោង បានចុះដេញក្រុមជនរង គ្រោះ រីឯជនសង្ស័យឈ្មោះ នី វណ្ណា ហៅប៉ោង បានកាន់កាំបិតកាប់ទៅលើជនរងគ្រោះត្រូវដៃខាងឆ្វេង បណ្តាលឱ្យរយះហូរឈាម ហើយជនសង្ស័យ ឈ្មោះឆុន មករា ហៅខ្លី និងជនសង្ស័យឈ្មោះសុខ ធីសែន បានវ៉ៃទៅលើជនរងគ្រោះបន្ថែមទៀត។ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនអស់។

លុះមកដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានទទួលបណ្តឹងពីឪពុកជនរងគ្រោះ និងចុះស្រាវជ្រាវកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចក៏កំណត់បានមុខសញ្ញា ហើយនាំខ្លួនជនសង្ស័យខាងលើ យកមកសាកសួរ។ ក្រោយពីសាកសួរ ជនសង្ស័យឈ្មោះនី វណ្ណា ហៅប៉ោង បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកកាំបិតកាប់ទៅជនរងគ្រោះប្រាកដមែន។ ជនសង្ស័យឈ្មោះឆុន មករា ហៅខ្លី និងជនសង្ស័យឈ្មោះសុខ ធីសែន បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលរួមនិងវ៉ៃទៅលើជនរងគ្រោះមែន ហើយជនសង្ស័យ ឈ្មោះ ជុន តុលា និងជនសង្ស័យឈ្មោះរ័ត្ន ស្រីរុំ បានឆ្លើយសារភាពថា ខ្លួន រួមទាំងប្តី មិនបានធ្វើសកម្មភាពកាប់ឬវ៉ៃទៅលើជនរងគ្រោះទេ ដោយរូបខ្លួនជាមួយបក្ខពួក ចាំមើលផ្លូវ។

សមត្ថកិច្ចបញ្ជាក់ថា ករណីហិង្សាខាងលើនេះ ផ្តើមឡើងដោយសារមូលហេតុជនសង្ស័យឈ្មោះនី វណ្ណា ហៅប៉ោង ខឹងជនរងគ្រោះតាមញ៉ែសង្សារបស់ខ្លួន។

ជនសង្ស័យប្រុសស្រីទាំង ៥នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញក្រុងសៀមរាប កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

RELATED ARTICLES