ខេត្តបាត់ដំបង ៖ អំពើចោរកម្ម លួច ឆក់ គាស់ទម្លុះទម្លាយលំនៅឋាន ហាក់កំពុងពង្រីកសកម្មភាពកាន់តែខ្លាំងឡើងៗ នៅក្នុងក្រុងបាត់ដំបង មានគ្រប់រូបភាព ដែលគ្មានសញ្ញាថមថយឡើយ ដែលសមត្ថកិច្ចហាក់នៅមានកម្រិតចំពោះវិធានការទប់ស្កាត់ ឬតាមដាននិងគ្រប់គ្រងមុខសញ្ញាជនដៃដល់ ។

ប៉ុន្តែអ្វីដែលកាន់តែចម្លែកនោះ គឺពេលនេះស្រាប់តែលេចមុខចោរស្រី មានអាយកូមសម្រាប់ទាក់ទងគ្នា ដើរគាស់ផ្ទះអ្នកភូមិ ពេលយប់ទៀត ខណៈក្រុមចោរកាច់សោ លួចម៉ូតូតាមផ្សារកាន់តែកក្រើក ដែលធ្វើឱ្យគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋាន កាន់តែរូញតូច ប្រជាពលរដ្ឋកាន់តែមានការបារម្ភ។

ជាក់ស្តែង កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចស្តង់ទិញ-លក់អេតចាយ មួយកន្លែង ក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានលេចមុខចោរស្រីម្នាក់ មានទាំងអាយកូម (ម៉ូតូរ៉ូលឡា) សម្រាប់ទំនាក់ទំនងផង បានគាស់ទ្វារផ្ទះរបស់ឈ្មោះយូន ស៊ីណា ប្រុសអាយុ ៣៨ឆ្នាំ បម្រុងចូលលួច

ទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ ក៏ស្ទុះរត់ចេញវិញ ចោលអាយកូម មួយគ្រឿងនៅខាងក្រៅផ្ទះ។
តាមប្រភពពីជនរងគ្រោះជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពេលគាត់កំពុងសម្រាន្តលក់ក្នុងបន្ទប់ ស្រាប់តែមានឮសំឡេងគាស់ទ្វារ ហើយគាត់បានព្យាយាមបើកមើលកាមេរ៉ាសុវត្ថិភាព តែមិនឃើញមនុស្សទេ

ព្រោះកាមេរ៉ាគាត់បំពាក់ខាងមុខ។ ប៉ុន្តែពេលគាត់បើកទ្វារបន្ទប់ចេញក្រៅ ស្រាប់តែប្រទះនឹងមនុស្សស្រីម្នាក់ បានចូលដល់ក្នុងផ្ទះគាត់បាត់ទៅហើយ គឺចូលតាមទ្វារក្រោយ តែបានស្ទុះរត់ចេញវិញយ៉ាងលឿន គេចខ្លួនបាត់ស្រមោល។ ចោរស្រីនោះ ឈរនៅក្បែរម៉ូតូគាត់ តែមិនទាន់បានលួចយកអ្វីទេ ព្រោះគាត់ដឹងទាន់។ ចោរស្រី បាន

បន្សល់ទុកអាយកូម ម៉ូតូរ៉ូលឡា មួយគ្រឿង នៅខាងផ្ទះ ដែលកម្មករគាត់បានប្រទះឃើញ។ គាត់សង្ស័យថា សមាសភាពចោរស្រីនោះ អាចមានបក្ខពួកនៅចាំខាងក្រៅទៀត មិនមែនមានតែម្នាក់ឯងទេ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក៏មានចោរកាច់សោ លួចយកម៉ូតូមួយគ្រឿង បានដោយសុវត្តិភាព នៅចំណុចផ្សារលើ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលកើតឡើងនៅចំណុចដដែលៗ

ខណៈសមត្ថកិច្ចគ្មានលទ្ធភាពសោះចំពោះវិធានការទប់ស្កាត់ ឬល្បិចកលរៀបអន្ទាក់ដាក់ចោរ។ បើតាមប្រភព បានរាយការណ៍ថា ម៉ូតូដែលត្រូវចោរលួចនៅផ្សារលើនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AQ-7155 របស់ឈ្មោះណាន វុធ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង៕