Wednesday, June 25, 2025
Homeសន្ដិសុខសង្គមមេប៉ូលិសចរាចរណ៍ ផឹកស្រវឹង បើកឡានបុករបងសាលាពេទ្យ

មេប៉ូលិសចរាចរណ៍ ផឹកស្រវឹង បើកឡានបុករបងសាលាពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់ដែលគេស្គាល់ច្បាស់ថាជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្តទំនើប ១គ្រឿង ទាំងស្ថានភាពស្រវឹងទន់ខ្លួន រួចក៏ជ្រុលទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាល ឱ្យរងការខូចខាត និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១៨៣ កែងផ្លូវលេខ២៧១ របងខាងក្រោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។

រថយន្តទំនើបដែលបើកបុករបងសាលាពេទ្យនោះ ម៉ាកឡង់គ្រីសឺរ ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ កម្ពុជា 3456.MSK បើកបរដោយបុរសម្នាក់ ដែលត្រូវគេស្គាល់ថា ជាមន្ត្រីនគរបាលចរាចរណ៍ និងមានតួនាទីជានាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ខាងលើ បានបើករថយន្តឡង់គ្រីសឺរ របស់ខ្លួន មិនដឹងចេញមកពីណា និងមានគោលដៅទៅណានោះទេ តែទំនងជាទើបនឹងចេញមកពីផឹកស៊ី ស្រវឹងទន់ខ្លួន បានបើករេពេញផ្លូវ ខណៈមកដល់ចំណុចកើតហេតុខាងលើ រថយន្តក៏បានរេចង្កូតជ្រុលទៅបុករបងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចចរាចរណ៍រាជធានីភ្នំពេញ បានយករថយន្តខាងលើទៅរក្សាទុក រង់ចាំដោះស្រាយបន្តនៅពេលក្រោយ៕

                ពាក់ព័ន្ធករណីខាងលើនេះ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺព័ត៌មានជូនសាធារណជន ឲ្យបានជ្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ២២:៤៥នាទី នៅចំណុចកែងផ្លូវលេខ២៧១ លើ

ផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នោះ បន្ទាប់ពីទទួលបានព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍នេះភ្លាម សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ក៏ដូចកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះធ្វើការវាស់វែង និងនាំខ្លួនអ្នកបើកបររថយន្តម៉ាក LAND CRUISER ពាក់ផ្លាកលេខ ៣៤៥៦MSK ពណ៌ស  បើកបរក្នុងស្ថានភាពស្រវឹង ទៅបុកនឹងរបងសាលាថែទាំវេជ្ជសាស្ត្រ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ។

ចំពោះករណីនេះ គឺជារឿងបុគ្គល ហើយមន្ត្រីរូបនេះ ក៏ត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក​ នាំយកមកធ្វើការផាកពិន័យតាមច្បាប់ ធ្វើកិច្ចសន្យាណែនាំអប់រំ ក៏ដូចជាការដាក់វិន័យរបស់កងកម្លាំងនគរបាលជាតិផងដែរ​ ៕

RELATED ARTICLES