Sunday, November 24, 2024
Homeនយោបាយអ្នកស្រលាញ់អាមេរិក លេចមុខ

អ្នកស្រលាញ់អាមេរិក លេចមុខ

ដោយ អាចារ្យថាំ

គ្រាន់តែបានព័ត៌មានច្បាស់ការថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រធានា- ធិបតីអាមេរិក លោកចូ បៃដិន អញ្ជើញចូលរួមប្រជុំកំពូលអាស៊ាន-អាមេរិក នៅខែក្រោយនេះ ស្រាប់តែ “លេចមុខអ្នក-ស្រលាញ់អាមេរិក” ព្រោងព្រាត។ ពីមុន អ្នកគាំទ្របក្សកាន់អំណាច (ជភភ) តែងថ្កោលទោសអាមេរិក មិនចូលចិត្តអាមេរិក សូម្បីតែរុស្ស៊ី ឈ្លានពានអ៊ុយក្រែន ក៏អ្នកគាំទ្រ ជភភ ខ្លះ ចោទថាមកពីអាមេរិក ញុះញង់។ លុះបានដឹងថា ប្រមុខ ជភភ ត្រូវចេញទៅប្រជុំនៅអាមេរិក ស្រាប់តែអ្នកធ្លាប់ថ្កោលទោសអាមេរិក ផ្លាស់ប្តូរឥរិយាបថភ្លាម ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “អ្នកស្រលាញ់អាមេរិក លេចមុខ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ប្រធានាធិបតីអាមេរិក លោកចូ បៃដិន (្ញៀេ ពិដនេ) បានផ្ញើលិខិតជាផ្លូវការជូនសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន ប្រចាំឆ្នាំ២០២២ នេះ អញ្ជើញទៅប្រជុំកំពូលអាស៊ាន-អាមេរិក នៅលើទឹកដីអាមេរិក នៅថ្ងៃទី១២-១៣ ឧសភា ខាងមុខនេះ ចំណែកសម្តេច ក៏បានផ្ញើលិខិតឆ្លើយតបរួចហើយដែរ ក្នុង បរិបទទន់ភ្លន់ យោគយល់គ្នា។

កន្លងមក មន្ត្រី ជភភ ខ្លះ ក៏ដូចអ្នកគាំទ្រ ជភភ ភាគច្រើន “ស្អប់អាមេរិក” ខ្លាំងណាស់ ស្តែងចេញតាមសំណេរ ឬវោ-ហារសាស្ត្រក្នុងបណ្តាញសង្គម សូម្បីតែមហាអំណាចរុស្ស៊ី ខឹងអ៊ុយក្រែន មិនធ្វើតាមការណែនាំរបស់ខ្លួន ក៏លើកទ័ពគគ្រឹក-គគ្រេងចូលឈ្លានពានប្រទេសតូច បំពានច្បាប់អន្តរជាតិក្តី ក៏អ្នកគាំទ្រ ជភភ ភាគច្រើន “ថ្កោលទោសអាមេរិក” ថា ជាដើម ភ្លើងបង្កសង្គ្រាមទៅវិញ។

កន្លងមក មន្ត្រី ជភភ មួម៉ៅក្តៅក្រហាយខ្លាំងណាស់ នៅពេលអាមេរិក ដកប្រព័ន្ធអនុគ្រោះពន្ធ អ្សភ ពីកម្ពុជា ជាពិសេស ខឹងសម្បាមិនធម្មតាឡើយ នៅពេលអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បង្កកទ្រព្យសម្បត្តិ បិទទិដ្ឋាការមន្ត្រីយោធា និង ឧកញ៉ាកម្ពុជា ប៉ុន្មានរូប ដែលអាមេរិក ចោទប្រកាន់ថា “រំលោភសិទ្ធិមនុស្ស ពុករលួយ”៘ ដល់ស្អប់អាមេរិក ពេកទៅ ក៏មានអ្នកគាំទ្រ ជភភ ខ្លះ ប្រកូកប្រកាសឱ្យប្រជាពលរដ្ឋខ្មែរ “ឈប់ចាយដុល្លារ អាមេរិក” និងឱ្យប្រមូល “ក្រដាស ១ដុល្លារ ៥ដុល្លារ” ដឹកចេញឱ្យអស់។ គេចោទអាមេរិក ថា “ចិញ្ចឹមពួកក្បត់រត់ចោលស្រុក” និងថាអាមេរិក ជាមេរំលោភសិទ្ធិមនុស្ស ប៉ុន្តែបែរជាមកគាបសង្កត់កម្ពុជា ដែលធ្វើតាមនីតិរដ្ឋ ថារំលោភសិទ្ធិមនុស្សទៅវិញ។

និយាយរួម មន្ត្រី ជភភ និងអ្នកគាំទ្រ ស្រុះគ្នាល្អណាស់ក្នុងការថ្កោលទោស “ចក្រពត្តិអាមេរិក ប្រតិកិរិយា” ដើរតែ ឈ្លានពានប្រទេសតូចៗ មិនឱ្យគេងើបរួច ទោះជាប្រធានាធិបតីណាឡើងកាន់តំណែង ក៏រងការរិះគន់ពីអ្នកគាំទ្រ ជភភ រហូត។ កាលលោកអូបាម៉ា មកប្រជុំអាស៊ាន នៅភ្នំពេញ ឆ្នាំ២០១២ គេថា “អូបាម៉ា ឈ្លើយណាស់” លុះលោកដូណាល់ ត្រាំ ដកប្រព័ន្ធអនុគ្រោះពន្ធ អ្សភ និងដាក់ទណ្ឌកម្មមន្ត្រី ឧកញ៉ាកម្ពុជា គេថា “ត្រាំ គង់តែវិនាស”។ លុះដល់លោកចូ បៃដិន ឡើងកាន់តំណែងមិនទាន់ក្តៅគូទផង គេថា “តាចាស់ហ្នឹងខ្សោយណាស់”៘

ឥឡូវគ្រាន់តែដឹងថា លោកចូ បៃដិន អញ្ជើញសម្តេចហ៊ុន សែន ទៅប្រជុំនៅអាមេរិក និងបានឃើញសារឆ្លើយឆ្លងគ្នា រវាងមេដឹកនាំកំពូលទាំងពីររូបនេះ ក៏ស្រាប់តែ “មន្ត្រីនិងអ្នកគាំទ្រ ជភភ អបអរសាទរ” ខ្លះសរសើរអាមេរិក ខុសពីមុន ១៨០អង្សា។

ហេតុអ្វីបានជាអ្នកគាំទ្រ ជភភ បន្ទន់ឥរិយាបថលឿនម៉្លេះ? ចំណុចនេះ “នគរធំ” អាចឆ្លើយបានថា “ជភភ កាន់វិន័យ ដែកថែប” បើប្រមុខ ជភភ នាំទៅណា ទៅហ្នឹងហើយ ដូច “ត្រីវិស័យ ដែលចង្អុលទិសខាងជើង”។ ករណីប្រធានាធិបតីមុនៗ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកម្ពុជា ធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រតិកម្មភ្លាមៗ ឯអ្នកគាំទ្រ ជភភ ក៏ត្រូវតែ “បន្ទរតាម” ជារឿងធម្មតា ប៉ុន្តែនៅពេលសម្តេច បន្ធូរភាពតានតឹង ផ្ញើសារបង្កប់ពាក្យពេចន៍ផ្អែមល្ហែម ជាមួយលោកចូ បៃដិន “រឿងអី អ្នកគាំទ្រ ជភភ មិនផ្អែមដូចគ្នា?”។

តាមពិត អ្នកគាំទ្រ ជភភ ប្រមាណ ៨០% សុទ្ធតែមានឪពុកម្តាយ មាមីង បងប្អូន ទៅរស់នៅទឹកដីសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៨១-៨២ ក្រោយរបបពត ពត ដួលរលំនៅឆ្នាំ១៩៧៩។ សាច់ញាតិទាំងនោះ ទោះជាបានរស់នៅស្រុកត្រជាក់ ក៏មិនភ្លេចស្រុកក្តៅ តែងវិលមកលេងមាតុភូមិរាល់ឆ្នាំ និងធានាបងប្អូនទៅរស់នៅជាមួយ ខ្លះទៀតក៏មករៀបការ យកគូ-ស្រករ ប្តីប្រពន្ធពីស្រុកខ្មែរ នាំទៅនៅអាមេរិក មន្ត្រីធំៗខ្លះបានទាំងបញ្ជូនកូនចៅទៅរៀននៅអាមេរិក។ បញ្ហាសាច់ញាតិ ឬបញ្ហាសង្គម មិនទាស់គ្នាទេ ព្រោះ “លោហិតតែមួយ” ប៉ុន្តែរឿងនយោបាយ ចែកនិន្នាការ “ស្រប ប្រឆាំង” ធ្វើឱ្យសាច់ញាតិ ខ្លះ ពាក់មុខយក្សដាក់គ្នា។

តាមពិត “ខ្មែរណាក៏ស្រលាញ់ដុល្លារអាមេរិក ដែរ” មនុស្សភាគច្រើន “ចង់បានតែតាស្រមូម មកនៅជាមួយ” ប៉ុន្តែ នយោបាយ បានតម្រូវឱ្យអ្នកខ្លះធ្វើជាស្អប់តាស្រមូម និងចង់ឱ្យប្រមូលក្រដាស១ និង៥ដុល្លារ ឱ្យអស់ពីស្រុកខ្មែរ ដើម្បីឱ្យ លុយរៀលមានតម្លៃ។

“ស្អប់និងស្រលាញ់អាមេរិក” ដើរទន្ទឹមគ្នា តែបើពិចារណាទៅ “អ្នកស្អប់អាមេរិក ជាងគេ គឺស្រលាញ់ដុល្លារជាងគេ” មិនអាចប្រកែកបានឡើយ ព្រោះបើមិនស្រលាញ់ដុល្លារ គេមិនប្រឹងកាប់ឈើ លុបបឹង លុបទន្លេ កាយភ្នំយកថ្មលក់ ប្រមូល តាស្រមូម មកនៅជិតខ្លួននោះទេ។

ទោះយ៉ាងណា មន្ត្រីនិងអ្នកគាំទ្រ ជភភ “នៅតែឆ្លាតរហូត” គឺពេលគាត់អបអរសាទរអាមេរិក អញ្ជើញសម្តេចនាយក- រដ្ឋមន្ត្រី ទៅប្រជុំកំពូល ស្រាប់តែពួកគាត់វាយប្រហារពួកប្រឆាំងថា “មិនត្រេកអរនឹងវត្តមានសម្តេច នៅអាមេរិក” ចំណុច នេះ ពិតជាមានអ៊ីចឹងមែន ដោយហេតុថា ពួកប្រឆាំង ក្រុមលោកសម រង្ស៊ី ខ្លះ មិនចង់ឱ្យអាមេរិក ទន់ភ្លន់ជាមួយសម្តេច ហ៊ុន សែន ដែលគេចាត់ទុកជាសត្រូវនោះទេ ព្រោះគេលាក់កំហឹងពាក់ព័ន្ធការរំលាយ ជណភ្រ។ យ៉ាងណាក៏ដោយចុះ នៅ មានពួកប្រឆាំងភាគច្រើន “ចង់ឱ្យសម្តេចហ៊ុន សែន ទៅជួបចូ បៃដិន” ដោយគេលាក់ក្តីសង្ឃឹមថា “ជួនកាលជំនួបកំពូល នោះ អាចបើកផ្លូវឱ្យពួកគេបានចូលស្រុក” ក៏ថាបាន។

គ្មានពួកប្រឆាំងឯណា ចង់រស់នៅអាមេរិក មួយជីវិត ដោយឃ្លាតឆ្ងាយពីមាតុភូមិ ប្រពន្ធកូន ឪពុកម្តាយនោះទេ តែ កាលៈទេសៈរុញពួកគេឱ្យរត់។ ពួកគេចង់ចូលស្រុក តែចូលមិនកើត ក៏សង្ឃឹមលើអន្តរាគមន៍មហាអំណាច និងការបើកភ្លើង ខៀវ ពីប្រមុខ ជភភ ដូច្នេះ ពេលដឹងថា សម្តេច ទៅជួបលោកតាចូ រឿងអីគេទោមនស្សនោះ? ឯរឿងថា ពួកប្រឆាំង មិន ចង់ឱ្យមានវត្តមានសម្តេច នៅលើទឹកដីអាមេរិក គឺ “ចេញមកពីមាត់អ្នកគាំទ្រ ជភភ” ខណៈដែលខ្លួនធ្លាប់ថ្កោលទោស អាមេរិក លុះងាកមកអបអរសាទរជំនួបកំពូលនេះ ចាំបាច់ត្រូវតែ “កិនពួកប្រឆាំង ដើម្បីលាក់គំនិតខ្លួន”។

សរុបទៅ “អ្នកស្រលាញ់អាមេរិក លេចមុខ” មិនមែនជារឿងបំផ្លើសនោះទេ បើបើកហ្វេសប៊ុក ឆែកពិនិត្យ នឹងឃើញ អ្នកគាំទ្រ ជភភ ធ្លាប់ស្អប់អាមេរិក នាំគ្នាសាទរអាមេរិក។ ឯពួកប្រឆាំង ធ្លាប់បានអាមេរិក ជួយលុយកាក់នេះ គាត់ចង់តែ ចូលស្រុកវិញ ជួបជុំគ្រួសារ ដោយសង្ឃឹមថា ជំនួបកំពូលអាស៊ាន-អាមេរិក ជាពិសេស ជំនួបបៃដិន-ហ៊ុន សែន អាចជាច្រក បើកផ្លូវឱ្យពួកគេបានចូលស្រុក…’

RELATED ARTICLES