ភ្នំពេញ ៖ គូស្នេហ៍ភេទដូចគ្នា១គូ (ប្រុសស្រលាញ់ប្រុស) ក្រោយពីបានរួមរស់នឹងគ្នាបានមួយរយៈ ក៏កើតមានភាពរកាំរកូស ដោយសារតែភ្លើងប្រចណ្ឌ ចោទគូស្នេហ៍លួចទាក់ទងប្រុសថ្មី ធ្វើឱ្យកើតមានជម្លោះនឹងគ្នាជាញឹកញាប់ រហូតដល់ភាគីម្ខាងទប់ចិត្តមិនបាន ក៏បែកគំនិតរឹតកសម្លាប់គូស្នេហ៍របស់ខ្លួន ចោលសពនៅក្នុងបន្ទប់ជួល

បន្ទាប់មកក៏បានរត់គេចទៅសម្ងំនៅខេត្តព្រះវិហារ អស់រយៈពេល ៧ថ្ងៃ ទីបំផុតត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់។

ករណីឃាតកម្មនេះ បានកើតឡើងតាំងពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួលលេខ 5B ផ្លូវបេតុង ម្តុំផ្សារដីថ្មី ស្ថិតក្នុងក្រុម៥ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ លុះមកដល់ថ្ងៃទី២៤ ខែមេសា

ឆ្នាំ២០២២ ទើបមានអ្នកប្រទះឃើញសាកសពជនរងគ្រោះ បន្ទាប់មកសមត្ថកិច្ចក៏បានចុះពិនិត្យ និងបើកការស៊ើបអង្កេត ស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាតករបាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះដែលត្រូវគូស្នេហ៍ភេទដូចគ្នារឹតកសម្លាប់យ៉ាងឃោរឃៅនោះ មានឈ្មោះខុម វ៉ានឌី អាយុ២១ឆ្នាំ ជាភេទទី៣ ស្នាក់នៅបន្ទប់ជួល ទីតាំងកើតហេតុខាងលើ។ ចំណែកជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់

ឃាត់ខ្លួន មានឈ្មោះភូ សៀងឡាង ភេទប្រុស អាយុ២៧ឆ្នាំ។ រវាងជនរងគ្រោះ និងជនសង្ស័យ គឺជាគូស្នេហ៍ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស) និងស្នាក់នៅជាមួយគ្នាដូចប្តីប្រពន្ធ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីមានហេតុការណ៍កើតឡើង និងមានការបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរង ទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន

នគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុនីរ័ត្ន អនុប្រធាននាយកដ្ឋាន បានចុះពិនិត្យដល់ទីតាំងកើតហេតុ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញាជនសង្ស័យបាន។

លុះមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នាយកដ្ឋាននគបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្នាននគរបាលខេត្តព្រះវិហារ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ពន្ធ័

ក្នុងករណីឃាតកម្មខាងលើ ឈ្មោះភូ សៀងឡាង នៅចំណុចភូមិសែន រុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកកាន់នាយកដ្ឋាននគបាលព្រហ្មទណ្ឌ ដើម្បីសាកសួរតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះភូ សៀងឡាន បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះខុម វ៉ាន់ឌី ដែលជាគូស្នេហ៍ភេទដូចគ្នាប្រាកដមែន មូលហេតុដោយសារភ្លើងប្រចណ្ឌ។

ជនសង្ស័យជាឃាតករខាងលើ បានឆ្លើយសារភាពន្តថា កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ឈ្មោះខុម វ៉ាន់ឌី (ភេទទី៣) ប្រាកដមែន ដោយសារតែជនរងគ្រោះមានទំនាក់ទំនងជាមួយប្រុសផ្សេង ជាហេតុធ្វើឱ្យខ្លួនផ្ទុះការប្រចណ្ឌ ហើយក៏យកខ្សែភ្លើង រឹតកសម្លាប់ជនរងគ្រោះតែម្តង។

ជនសង្ស័យ បន្តទៀតថា ក្រោយពីធ្វើសកម្មភាពសម្លាប់ជនរងគ្រោះរួចហើយ ខ្លួនបានយកទូរស័ព្ទ និងម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ (ជារបស់ជនរងគ្រោះ) ជិះគេចខ្លួនទៅស្រុកកំណើត នៅខេត្តកំពត រួចបន្តគេចទៅលាក់ខ្លួននៅខេត្តព្រះវិហារ។ រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង។
ជនសង្ស័យ និងវត្ថុតាង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ឱ្យអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជាម្ចាស់ករណី ដើម្បីចាត់ការបន្តតាមនីតិវិធី៕