ភ្នំពេញ ៖ លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានចេញដីកាសម្រេចឃុំខ្លួនស្ត្រីម្នាក់ ជាអាជីវករលក់ផលិតផលតាមអនឡាញ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទឆបោក ។

ស្ត្រីដែលត្រូវតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួននោះ មានឈ្មោះអាន ធីតា អាយុ ២៨ឆ្នាំ មានលំនៅពេលឃាត់ខ្លួន ផ្ទះលេខ៣០ ផ្លូវលេខ៤១៥ សង្កាត់បឹងកក់ទី៣ ខណ្ឌទួលគោក។
ដីកាឃុំខ្លួន បានដាក់ឱ្យជនត្រូវចោទ ស្ថិតនៅក្រោមការពិនិត្យពីបទឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ជនត្រូវចោទខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនដល់លំនៅឋាន តាមដីកាបង្គាប់ឱ្យនាំខ្លួន របស់លោក រស់ សាម៉ីឌី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងរបស់ឈ្មោះលឹម ស្រីពេជ្រ។

សូមរំលឹកថា កញ្ញា សុង ឆវ័ន្ត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចេញដីកាកោះ ឱ្យជនសង្ស័យចូលខ្លួនទៅស្ថាប័នអយ្យការ ដើម្បីសាកសួរបំភ្លឺពីដំណើររឿងពាក់ព័ន្ធលើបណ្តឹង ៤បទល្មើស រួមមាន ៖ ១- បទឆបោក។ ២- បទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។ ៣- បទសមគំនិតក្នុងអំពើក្លែងបន្លំអត្តសញ្ញាណតតិយជន និង៤- បទបរិហារកេរ្តិ៍ជាសាធារណៈ។

តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ បានបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា និងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ជនត្រូវចោទឈ្មោះអាន ធីតា និងប្តី បានប្រើឧបាយកលទុច្ចរិតទៅបញ្ចុះបញ្ចូល ដើម្បីសុំខ្ចីប្រាក់ពីដើមបណ្តឹង (លីម ស្រីពេជ្រ) ប្រមាណ ៣០០០ដុល្លារ ថាយកទៅធ្វើ ដើមទុនប្រកបមុខរបររកស៊ី និងដោះស្រាយធុរៈជាបន្ទាន់ ហើយការខ្ចីប្រាក់នោះ ក្នុងរយៈពេល ៣ខែ ដោយឈ្មោះ អាន ធីតា និងប្តី បានសន្យាថា ទូទាត់សងឱ្យគ្រប់ចំនួនវិញ។

លុះដល់ថ្ងៃកំណត់ អ្នកទាំងពីរមិនមានប្រាក់សងទៅដើមបណ្តឹងទេ តែបានអះអាងសុំសងប្រាក់តាមរយៈមូលប្បទានបត្រមួយសន្លឹក របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ លេខ៣៧៨ ៤៨៥ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានទឹកប្រាក់ចំនួន ២០០០ដុល្លារ និងប្រាក់សុទ្ធបន្ថែម ចំនួន ១០០០ដុល្លារ មិនឱ្យផុតពីថ្ងៃទី១៥ ខែមីនា នោះឡើយ។ ប៉ុន្តែដល់ថ្ងៃបរិច្ឆេទកំណត់ត្រូវបើកប្រាក់ ស្រាប់តែខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រខាងលើនេះ គ្មានសាច់ប្រាក់ទេ (សែកស្អុយ)។

ពាក្យបណ្តឹងបញ្ជាក់ទៀតថា បន្ទាប់មក ដើមបណ្តឹងបានព្យាយាមទាក់ទងទៅឈ្មោះអាន ធីតា និងប្តី តែអ្នកទាំងពីរបានប្រើពាក្យមិនសមរម្យ និងជេរប្រមាថមកលើដើមបណ្តឹងជាច្រើន ថែមទាំងបោះសម្តីឱ្យទៅប្តឹងដល់ណាក៏ប្តឹងទៅ។ មិនតែប៉ុណ្ណោះ ឈ្មោះអាន ធីតា បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះស្រី គុជ ធ្វើការបរិហារកេរ្តិ៍ដើមបណ្តឹង ជាសាធារណៈ និងប្រឌិតរឿងប្រើពាក្យអសុរោះជាច្រើន ដើម្បីបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះដើមបណ្តឹង រួមទាំងភ្ជាប់នឹងរូបថតរបស់ដើមបណ្តឹងផងដែរ។

ជាងនេះទៅទៀតឈ្មោះអាន ធីតា ដដែល ក៏បានក្លែងបន្លំអត្តសញ្ញាណរបស់ដើមបណ្តឹង ដោយប្រើគណនីហ្វេសប៊ុក ឈ្មោះ Pich Ma Yaa ដាក់រូបភាពដើមបណ្តឹង លើប្រូហ្វាល់ហ្វេសប៊ុក ស្រដៀងនឹងគណនីហ្វេសប៊ុក របស់ដើមបណ្តឹងឈ្មោះ Ma Yaa មកធ្វើការបរិហារកេរ្តិ៍ដើមបណ្តឹង ជាសាធារណៈបន្ថែមទៀត ជាមួយហ្វ្រេនក្នុងហ្វេសប៊ុក ជាច្រើន ដោយប្រើពាក្យមិនសមរម្យ ក្នុងគោលបំណងឱ្យមតិសាធារណជនយល់ច្រឡំថា គណនីហ្វេសប៊ុក របស់ដើមបណ្តឹង និងដើម្បីឱ្យដើមបណ្តឹងមានបញ្ហាជាច្រើនជាមួយអ្នកដទៃទៀត។
ជុំវិញបណ្តឹងខាងលើនេះ ភាគីដើមបណ្តឹងដែលជាជនរងគ្រោះ បានសំណូមពរឱ្យតុលាការ ធ្វើការឃាត់ខ្លួន និងផ្តន្ទាទោសឈ្មោះអាន ធីតា និងប្តី ទៅតាមផ្លូវច្បាប់ និងសុំទាមទារការខូចខាតសំណងជំងឺចិត្ត ការខាតបង់ពេលវេលា និងសេវាផ្លូវច្បាប់ ជាទឹកប្រាក់ចំនួន ១០ម៉ឺនដុល្លារ៕