Tuesday, June 24, 2025
Homeសន្ដិសុខសង្គមអត់លុយមើលម៉ែឈឺដេកពេទ្យ កូនធ្វើចោរលួចម៉ូតូក្នុងវត្ត ពលរដ្ឋព័ទ្ធចាប់ជាប់

អត់លុយមើលម៉ែឈឺដេកពេទ្យ កូនធ្វើចោរលួចម៉ូតូក្នុងវត្ត ពលរដ្ឋព័ទ្ធចាប់ជាប់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានឃើញបុរសម្នាក់ ជិះម៉ូតូយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ក្នុងថ្ងៃសីល ដែលចាក់សោ-កម៉ូតូទុកក្បែរសាលាឆាន់ រួចឡើងទៅប្រគេនចង្ហាន់ព្រះសង្ឃបាត់ ក៏បានធ្វើសកម្មភាពកាច់កម៉ូតូរបស់ជនរងគ្រោះ តែត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ស្រែកឆោឡោ ផ្អើលដេញព័ទ្ធចាប់ជាប់ ប្រគល់ឱ្យសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់។ លុះសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនធ្វើចោរលួចម៉ូតូគេបែបនេះ ដោយសារអត់លុយមើលម្តាយដែលកំពុងឈឺដេកពេទ្យ។

ករណីអំពើលួច (កាច់កម៉ូតូ) នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង១០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នៅចំណុចក្នុងបរិវេណវត្តប្ញស្សីស្រុក ស្ថិតនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហែម រតនា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិប្រាំ ឃុំព្រែកខ្សាយ-ក ស្រុកពាមរក៍ ខេត្តព្រៃវែង។ ចំណែកបក្ខពួកម្នាក់ទៀត ដែលបានរត់គេចខ្លួនបាត់ មានឈ្មោះព្រឿង ភេទប្រុស អាយុ ប្រហែល ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មិនស្គាល់លំនៅ។ វត្ថុតាងចាប់យក រួមមាន ១- ដែកកែច្នៃសម្រាប់កាច់កម៉ូតូ (ចំនួន២) និង២-សោមាត់លេខ៨ ចំនួន១។ រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះលឹង លន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ កណ្តាល 1AH-8882 យកចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅវត្តឫស្សីស្រុក ដោយទុកម៉ូតូនៅក្បែរសាលាឆាន់ រួចចាក់សោ-ក បន្ទាប់មក យកចង្ហាន់ឡើងទៅប្រគេនព្រះសង្ឃដែលគង់នៅខាងលើសាលាឆាន់ ភ្លាមនោះក៏មានជនសង្ស័យម្នាក់ បានដើរចុះឡើងៗក្បែរម៉ូតូរបស់ជនរងគ្រោះ រួចឡើងជិះលើម៉ូតូ ធ្វើសកម្មភាពកាច់កម៉ូតូ។ ភ្លាមនោះក៏មានប្រជាពលរដ្ឋស្រែកឆោឡោថា ចោ!ៗ និងនាំគ្នាព័ទ្ទចាប់បាន រួចរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ បានចុះដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះហែម រតនា ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ ជាមួយឈ្មោះព្រឿង មកធ្វើសកម្មភាពលួចកាច់កម៉ូតូគេ នៅក្នុងវត្តឫស្សីស្រុក ស្ថិតក្នុងភូមិឫស្សីស្រុក២ ឃំឈើទាល ស្រុកកៀនស្វាយ ប្រាកដមែន។

ជនសង្ស័យ បានសារភាពបន្តទៀតថា ឈ្មោះព្រឿង ជាអ្នកអូសទាញ និងបង្ហាត់ឲ្យចេះវិធីកាច់កម៉ូតូ រួមទាំងឱ្យសម្ភារៈកាច់កម៉ូតូ មកខ្លួនថែមទៀត ស្របពេលដែលខ្លួនគ្មានប្រាក់មើលជំងឺម្តាយឈឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជម្នះ ក្រុងតាខ្មៅ។

ក្រោយពីសាកសួររួច ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES