Tuesday, June 24, 2025
Homeសន្ដិសុខសង្គមទាស់សម្តី ស្រីទាញកាំបិតកាប់ប្រុសរយះក្បាល

ទាស់សម្តី ស្រីទាញកាំបិតកាប់ប្រុសរយះក្បាល

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បានកើតមានជម្លោះជាមួយនឹងបុរសម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នា រហូតដល់ទប់កំហឹងមិនជាប់ ក៏ទាញកាំបិតកាប់ប្រហារបុរសជាគូទំនាស់ បណ្តាលឱ្យរងរបួសរយះក្បាល ហូរឈាមស្រោចខ្លួន ចំណែកស្ត្រីបង្កហេតុ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនានេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។

សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីសង្ស័យដែលកាប់បុរសម្នាក់រយះក្បាល និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមុំ ណាក់ អាយុ៤៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិសាម៉រ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍។ ចំណែកបុរសរងគ្រោះ មានឈ្មោះហិន ផល្លី អាយុ៥១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកើតហេតុជាមួយគ្នា រងរបួសធ្ងន់ ត្រូវមួយកាំបិត ចំក្បាល។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីសង្ស័យខាងលើ បានផឹកស្រាឡើងស្រវឹងជោក រួចក៏ដើរមកបង្កជម្លោះជាមួយនឹងបុរសរងគ្រោះខាងលើ រហូតឈានដល់ការប្រើអំពើហិង្សា ដើរទៅយកកាំបិត កាប់ចំក្បាលបុរសរងគ្រោះ បណ្តាលឱ្យរយះហូរឈាម ស្រោចខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារទាំងយប់ និងបានដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្វាយទាប ភ្លាមៗ។ ក្រោយកើតហេតុ ស្ត្រីបង្កហិង្សាខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាល ចុះអន្តរាគមន៍ ធ្វើការឃាត់ខ្លួនយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES