ភ្នំពេញ៖ព្រាប សុវត្ថិ ត្រូវបានគេចាត់ទុកថាជា”សេដ្ឋី”ម្នាក់ក្នុងសិល្បៈព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ កំពូលតារាចម្រៀងវ័យ៤៧ឆ្នាំរូបនេះត្រូវបានមនុស្សជំនិតទម្លាយថាលោកសល់ទ្រព្យខ្ទង់៣០លានដុល្លារដែលភាគច្រើនលុយទាំងនោះគឺនៅក្នុងមុខជំនួញដីធ្លីរបស់លោកស្នាយ។ចំនួនទឹកលុយរបស់លោកសុវត្ថិ គឺច្រើនខ្លាំងណាស់សម្រាប់តារាស្រុកខ្មែរ រហូតដល់តារាសម្ដែងជើងចាស់អ្នកស្រីឌី សាវ៉េត ក៍មានការភ្ញាក់ផ្អើលដែរ ហើយលោកស្រីថានៅពេលដែលលោកសុវត្ថិ កាន់តែមានការដឹងគុណចាស់ទុំនៅក្បែរខ្លួនថែមទៀតនោះជីវិតលោករឹតតែចម្រុងចម្រើនថែមទៀតជាមិនខាន។

អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយព្រាប សុវត្ថិ ទម្លាយរឿងទ្រព្យនោះជាង១ឆ្នាំពោលគឺនៅថ្ងៃទី២៩ខែមេសា លោកស្នាយ បានឡើងងារជាឧកញ៉ាទើបធ្វើឲ្យតារារួមអាជីពនិងមិត្តភក្ដិលោកសុវត្ថិ ផ្ញើរសារសាទ អតីតតារាហង្សមាសរូបនេះជាហូហែ។ការក្លាយទៅជាឧកញ៉ារបស់ព្រាប សុវត្ថិ គឺក្រោយតារាចម្រៀងដែលត្រូវបានគេមើលឃើញថាជាគូប្រជែងលោកយ៉ាងស្វិតស្វាញជាង១០ឆ្នាំមកហើយនោះគឺលោកខែម ប៊ុនថៃ ឡើងឧកញ៉ាជាង២ខែមកហើយមុនលោកស្នាយ ទើបធ្វើឲ្យពេលនេះតារាទាំង២មានងារដូចគ្នា នាំឲ្យអ្នកជំនាញសិល្បៈបានលើកឡើងថាព្រាប សុវត្ថិ-ខែម ប៊ុនថៃ អាចនឹងប្រជែងគ្នាទាំងទីផ្សារចម្រៀងនិងមុខជំនួញកាន់តែខ្លាំងក្លាគិតចាប់ពីឆ្នាំ២០២២ នេះតទៅ។ប៉ុន្ដែអ្វីដែលមហាជនបានលើកឡើងនោះថាតើពេលនេះឧកញ៉ាព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ មួយណាទៅដែលមានទ្រព្យច្រើនជាងគេនៅពេលមានឋានៈស្មើគ្នានេះ?ការលើកឡើងបែបនេះដោយសារតែមានការយល់ឃើញថាឲ្យតែឧកញ៉ាគឺសុទ្ធតែជាអ្នកមានទ្រព្យស្ដុកស្ដម ហេតុនេះហើយតារាចម្រៀងទាំង២ដែលមានកូន៣ដូចគ្នានេះក៍ប្រាកដជាមានលុយលុយមិនធម្មតាដែរបើទោះជាលោកប៊ុនថៃ មានអាយុប្អូនលោកស្នាយ ដល់ទៅ១០ឆ្នាំក្ដី។


យ៉ាងណាតាំងពីមុននិងក្រោយក្លាយទៅជាឧកញ៉ាលោកខែម ប៊ុនថៃ មិនទាន់ឲ្យទីប្រឹក្សារឬជំនួយការរបស់លោក(ខេមរៈ ភារុណ)ទម្លាយរឿងទ្រព្យសម្បត្តិផ្ទាល់ខ្លួនចេញមកឲ្យគេដឹងនោះទេទើបគិតត្រឹមនៅឆ្នាំ២០២២ នេះគេនៅតែមិនអាចដឹងពីចំនួនទ្រព្យសរុបរបស់លោកឧកញ៉ាកូន៣រូបនេះដដែល។ តែខេមរៈ សិរីមន្ដ បានជិះរថយន្ដថ្លៃៗដើម្បីឲ្យសាកសមងាររបស់ខ្លួនក្នុងនោះមានដូចជាRolls Royce, Volkswagen ,Range Rover Defender និងMazda ជាដើមហើយជាទូទៅលោកប៊ុនថៃ មានអង្គរក្ស៣នាក់តាមហែរហម។គេកត់សម្គាល់ដែរថាតាំងពីឡើងជាឧកញ៉ាមកលោកប៊ុនថៃ មិនសូវចេញមុខច្រៀងរាំសកម្មនៅតាមឆាកតន្រ្ដីដូចមុនឡើយ ព្រោះមមាញឹកទៅលើការលក់ដីឡូតិ៍ច្រើនជាង។តែអតីតតារាU2 ដែលធ្លាប់ចេញមុខថាកាលពីឆ្នាំ២០០៤ រូបគេស្គមខ្លាំងព្រោះកាលនោះអត់អាហារគ្រប់គ្រាន់នោះបានចេញមុខអះអាងជាច្រើនលើកច្រើនសារមកហើយថាលោកមិនចោលអាជីពចាស់ឡើយ ក្រោយក្លាយទៅជាឧកញ៉ានេះបើទោះជាមុននេះលោកប៊ុនថៃ ចេញវីដេអូអះអាងថាច្រៀងតែ៦បទបាន១ម៉ឺនដុល្លារនោះធ្វើឲ្យអ្នកដឹកនាំកម្មវិធីសិល្បៈជាច្រើនឈឺក្បាលក្ដី។


ដោយឡែកសម្រាប់លោកព្រាប សុវត្ថិ វិញមុនឡើងឧកញ៉ាលោកជិះរថយន្ដIsuzu ,Range Rover និងFord ជាដើមហើយជាធម្មតាលោកស្នាយ ពេលខ្លះកាន់ចង្កូតឡានខ្លួនឯង និងពេលខ្លះមានអង្គរក្ស។ព្រាប សុវត្ថិ មិនទាន់មានព័តមានថាលោកតំឡើងតម្លៃខ្លួនក្រោយឡើងឧកញ៉ានោះទេ តែតាមComposer ម្នាក់ដែលស្និតលោកសុវត្ថិ បានអះអាងថាតារាកូន៣រូបនេះស្រលាញ់ចម្រៀងខ្លាំងណាស់ ហេតុនេះលោកប្រាកដជាមិនបោះបង់អាជីពចម្រៀងពេលទទួលបានងារឧកញ៉ានេះឡើយ ។យ៉ាងណាបន្ទាប់ពីព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ មានងារឧកញ៉ាដូចគ្នានេះលោកគ្រូភ្លេងរូបនោះយល់ថាពេលនេះតារាទាំង២មួយណាលក់ដីឡីតិ៍ដាច់ជាងនោះគឺជាអ្នកឈ្នះហើយ៕