ភ្នំពេញ៖មាស សុខសោភា បានចូលជ្រកនៅរាម រយៈពេលជាង១ឆ្នាំទៅហើយដែលតាមព័តមានថានាងអាចបន្ដច្រៀងសម្ដែងនៅផលិតកម្មមួយនេះជាច្រើនឆ្នាំទៀត ទោះជាពេលនេះសោភា មិនសូវមានបទផ្ទុះខ្លាំងដូចមុនក៍ដោយ។ប្រភពបានឲ្យដឹងថាសោភា ត្រូវថៅកែរាម ចងជើងមិនឲ្យទៅផលិតកម្មផ្សេង ហើយតារាចម្រៀងសំនៀងផ្អែមរូបនេះក៍ពិបាករើរខ្លួនចេញពីផលិតកម្មនេះដែរ ព្រោះថានាងលូកដៃកាន់តែជ្រៅក្នុងការរកស៊ីធំជាមួយថៅកែស្រីទៅហើយ ដែលមានន័យថាអាជីពចម្រៀងនាងនឹងអាចក្លាយទៅជាជម្រើសទី២របស់នាងបន្ទាប់ពីមុខជំនួញក៍ថាបាន។ប៉ុន្ដែតាមព័តមានថាថៅកែរាម ក៍មិនបណ្ដោយឲ្យសោភា ធ្លាក់ចុះជាដាច់ខាតដែរពោលគឺផលិតកម្មថ្មីតែមានលុយច្រើននេះបានសម្រិតសម្រាំងបំផុតក្នុងការផលិតបទចម្រៀងឲ្យសោភា ច្រៀង ព្រោះពួកគេចាត់ទុកថានាងគឺជាតួឯក។តែរយៈពេលជាង១០ខែមកនេះគេឃើញសោភា នៅតែមិនទាន់មានសន្ទុះល្អដូចមុនឡើយ។

ជុំវិញការបន្ដច្រៀងនៅរាម ជាច្រើនឆ្នាំទៀតរបស់មាស សុខសោភា នេះប្រាកដណាស់ថាឱកាសដែលនាងចូលច្រៀងនៅហង្សមាសកាន់តែខើចខ្លីទៅៗហើយ ខណៈដែលមានតារា២ដួងនៅទ្រនុំធំនេះកំពុងតែខកចិត្តដែលសោភា មិនបានទៅរួមទ្រនុំជាមួយពួកគដែរនោះ។តារាទាំងពីរដែលចង់ឲ្យសុខសោភា ទៅច្រៀងនៅហង្សមាសនោះគឺទី១អ្នកនាងឱក សុគន្ធកញ្ញា និងទី២លោកឆនសុវណ្ណារាជ ។ប្រភពបានឲ្យដឹងថាទោះជាសុគន្ធកញ្ញា ជាគូប្រជែងជាមួយសុខសោភា ជាង១០ឆ្នាំយ៉ាងស្វិតស្វាញបំផុតក្ដី តែនាងនៅតែចង់ឲ្យសោភា ទៅច្រៀងនៅហង្សមាសដើម្បីធ្វើឲ្យផលិតកម្មបងថ្លៃរបស់នាងកាន់តែរឹងមាំថែមទៀត ខណៈដែលលោកឆន សុវណ្ណារាជ វិញជាមិត្តភក្ដិជិតដិតបំផុតរបស់សោភា ហើយពួកគេរាប់អានគ្នាតាំងពីឆ្នាំ២០០៤ អំឡុងពេលដែលតារាទាំងពីរច្រៀងនៅU2 ជាមួយគ្នាម្លេះ។សុវណ្ណារាជ ចង់ឲ្យសោភា ទៅហង្សមាសដើម្បីបានច្រៀងជាដៃគូជាមួយលោក ក្រោយពីអ្នកចម្រៀងរោមទ្រួងច្រើនរូបនេះទទួលបានការទុកចិត្តទាំងស្រុងពីតារារាម រហូតបណ្ដោយឲ្យលោករាជ ទម្លាយរឿងរូបភាពសោភា រៀបការកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ដើម្បីទប់ស្កាត់ការរិះគន់ថានាងនិងប្ដីសាងស្នេហ៍អត់ខាន់ស្លាររយៈពេល១៥ឆ្នាំមកនេះ។ប៉ុន្ដែទាំងសុគន្ធកញ្ញា និងឆនសុវណ្ណារាជ បានត្រឹមតែខកចិត្តដូចគ្នាប៉ុណ្ណោះ ព្រោះសុខសោភា មិនចាប់អារម្មណ៍ទៅរួមទ្រនុំជាមួយពួកគេឡើយ។

មាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងក្នុងជំនួបផ្ទាល់កន្លងមកថាមិត្តភក្ដិរបស់នាងច្រៀងនៅហង្សមាសពិតជាចង់ឲ្យនាងទៅរួមផលិតកម្មជាមួយពួកគេមែន។ប៉ុន្ដែនាងថាមូលហេតុដែលនាងមករួមទ្រនុំជាមួយរាម គឺដើម្បីច្រៀងផង រកស៊ីផង ។សោភា ដែលជាតារាចម្រៀងមិនចូលចិត្តច្រៀងដោយកុងត្រាព្រោះនាងចង់បានសេរីភាពពេញលេញនោះថានាងមានសម្របខ្លួនជាមួយរាម តាមរយៈការច្រៀងដោយកុងត្រាពោលគឺធ្វើការងារទៅតាមកាលៈទេសៈ។

អ្នកជំនាញសិល្បៈលោកនូ ស៊ឹប ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសម្ថភាពដូចមាស សុខសោភា មិនមែនតែផលិតកម្មហង្សមាសនោះទេ ពោលគឺផលិតកម្មណាក៍ចង់បាននាងដែរ ។ចំណែកលោកមិញ សុធីវណ្ណ វិញក៍ធ្លាប់ប្រាប់ដែរថារវាងមាស សុខសោភា និងឱក សុគន្ធកញ្ញា តាមការយល់ឃើញរបស់លោកគឺសុខសោភា មានសម្ថភាពលើសុគន្ធកញ្ញា បន្ដិច។ចំណែកComposer ម្នាក់របស់ហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាមាស សុខសោភា ទៅរាម បទចម្រៀងរបស់នាងលែងជាគូប្រជែងជាមួយហង្សមាស ឬGalaxy ទៀតហើយ ព្រោះរាម ផលិតចម្រៀងបែបព័ណសំបុររបស់គេមិនប្រកួតប្រជែងជាមួយផលិតផ្សេងៗទេ។

ថ្វីត្បិតតែមាស សុខសោភា នៅតែជាតួឯករបស់រាម ក្ដី តែប្រសិនបើនាងនៅតែគ្មានបទខ្លាំងៗដូចមុនទៀតនោះច្បាស់ជាប្រឈម”រលកក្រោយច្រានរលកមុន”ជាមិនខាន ព្រោះជាង១ឆ្នាំចុងក្រោយនេះនាងតន់ ច័ន្ទសីម៉ា កំពុងតែអុកឡុកទីផ្សារចម្រៀង។តែអ្នកជំនាញសិល្បៈបានលើកឡើងថាបើនិយាយរឿងច្រៀងបទស្លូវវិញគិតត្រឹមឆ្នាំ២០២២ នេះមិនទាន់មានតារារូបណាច្រៀងឈ្នះមាស សុខសោភា ឡើយ៕
