ភ្នំពេញ ៖ ក្រុមក្មេងទំនើងប្រុសស្រីសរុបចំនួន ៧៣នាក់ ក្នុងនោះមានស្រី២នាក់ កំពុងប្រមូលផ្តុំគ្នាផឹកស៊ីក្អាកក្អាយ ក៏ត្រូវបានកម្លាំងចម្រុះនៃអធិការដ្ឋាននគបាលខណ្ឌសែនសុខ ចុះឃាត់ខ្លួនភ្លាមៗ ព្រមទាំងដកហូតម៉ូតូ ជាច្រើនគ្រឿង បន្ទាប់ពីរកឃើញវត្ថុតាង ដាវ កាំបិត ជាច្រើនដើម ដែលពួកគាត់លាក់នៅតាមគុម្ពោត ព្រៃក្បែរវង់ផឹកស៊ី។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងជាលក្ខណៈទ្រង់ទ្រាយធំខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្បែរដីឡូត៍មួយកន្លែង កែងនឹងផ្លូវលេខ១០០៣ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះដើរល្បាតតាមភូមិសាស្ត្រ របស់ខ្លួនដូចសព្វដង ដើម្បីចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗ។ លុះពេលកំពុងល្បាតមកដល់ចំណុចក្បែរដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុង កែងនឹងផ្លូវលេខ១០០៣ ក៏បានប្រទះឃើញក្រុមក្មេងទំនើងមួយក្រុមធំ កំពុងប្រមូលផ្តុំគ្នាផឹកស៊ី។

ប្រភពដដែល បន្តថា ដោយមើលឃើញការប្រមូលផ្តុំទ្រង់ទ្រាយធំបែបនេះ សមត្ថកិច្ចក៏បានចូលទៅសួរនាំ និងឃាត់ក្រុមក្មេងទាំងនោះ ដើម្បីសាកសួរ ទើបដឹងថា ក្រុមក្មេងទំនើងទាំងនោះ មានគ្នាសរុបចំនួន ៧៣នាក់ ក្នុងនោះ

មានស្រី ចំនួន២នាក់។ បន្ទាប់មក ដោយមានការ សង្ស័យ សមត្ថកិច្ចក៏បានដើររកមើលនៅតាមគុម្ពោតព្រៃក្បែរៗនោះ ស្រាប់តែប្រទះឃើញនូវវត្ថុតាងជាច្រើន រួមមាន ដាវ កាំបិត ចម្ពាមកៅស៊ូ ជាច្រើន ដែលក្រុមក្មេងទាំងនោះ បានលាក់ទុក។

បន្ទាប់មក កម្លាំងចម្រុះ បានសម្រេចបង្ក្រាបនិងឃាត់ខ្លួនក្មេងទំនើងទាំង ៧៣នាក់ និងម៉ូតូជាច្រើនគ្រឿង ព្រមទាំងវត្ថុតាង ដាវ កាំបិតប៉័ងតោ និងចម្ពាមកៅស៊ូ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងចាត់ការបន្តទៅតាមនីតិវិធី៕