Saturday, December 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរប្លន់ ៦នាក់ ស្ទាក់វ៉ៃសម្លាប់ក្មេងប្រុស

ចោរប្លន់ ៦នាក់ ស្ទាក់វ៉ៃសម្លាប់ក្មេងប្រុស

ខេត្តសៀមរាប ៖ យុវជនម្នាក់ កំពុងជិះកង់តាមផ្លូវសុខៗ ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម មានគ្នា ៦នាក់ ប្រដាប់ដោយដំបងគ្រប់ដៃ ជិះម៉ូតូ ២គ្រឿង បានស្ទាក់ឱ្យឈប់ រួចព្រួតគ្នាវាយសម្លាប់យ៉ាងឃោរឃៅ បន្ទាប់មកក៏បានដឹកសពក្មេងប្រុសរងគ្រោះយកទៅប្លុងចោលនៅក្រោមបង្គោលភ្លើងមួយកន្លែង ទើបនាំគ្នារត់គេចខ្លួន ទីបំផុតឈាមស្រែកស្បែកហៅ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាឃាតករបានម្នាក់ ខណៈដែលបក្ខពួក ៥នាក់ទៀត កំពុងរត់គេចខ្លួន។

ករណីឃាតកម្ម ព្រួតវាយសម្លាប់យុវជនជាសិស្សសាលាយ៉ាងសាហាវព្រៃផ្សៃនេះ បានកើតឡើង កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ នៅចំណុចតាមផ្លូវក្រាលក្រួសក្រហម ១ខ្សែ ស្ថិតក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ រហូតមកដល់វេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ទើបមានប្រជាពលរដ្ឋបានប្រទះឃើញសពក្មេងប្រុសរងគ្រោះ ដេកស្លាប់នៅខាងក្រោមបង្គោលភ្លើង ត្រង់ចំណុចទីតាំងកើតហេតុខាងលើ។

យុវជនរងគ្រោះដែលត្រូវក្រុមជនដៃដល់ព្រួតវាយសម្លាប់យ៉ាងឃោរឃៅ មានឈ្មោះធរ សុធារិទ្ធ អាយុ១៦ឆ្នាំ មុខរបរសិស្សថ្នាក់ទី១១ រៀននៅវិទ្យាល័យអង្គរ មានលំនៅ ភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ចំណែកជនសង្ស័យជាឃាតករម្នាក់ក្នុងចំណោមបក្ខពួក ៦នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសឿន ជីវ័ន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ រីឯបក្ខពួក ៥នាក់ទៀតដែលកំពុងរត់គេចខ្លួន នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពពីសមត្ថកិច្ចជាន់ខ្ពស់ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ឱ្យដឹងកាលពីទី០៨ ខែឧសភា ឆ្នាំ២០២២ ថា យុវជនម្នាក់ឈ្មោះធរ សុធារិទ្ធ ត្រូវបានក្រុមចោរវាយប្លន់សម្លាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ ដោយជនរងគ្រោះបានបាត់ទូរស័ព្ទ ១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ។ ឃាតកម្មដ៏ឃោឃៅនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញសពយុវជនរងគ្រោះ នៅក្រោមបង្គោលភ្លើង កាលពីវេលាម៉ោង ៥និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ នៅចំណុចបង្គោលភ្លើងនៅវាលស្រែ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

ប្រភពដដែល បន្តថា នៅលើសព សមត្ថកិច្ចជំនាញបានពិនិត្យឃើញថា មានបាក់ដើមដៃខាងស្តាំ និងនៅលើដងខ្លួនមានស្នាមជាំផងដែរ។

ករណីនេះសាក្សីនៅជិតកន្លែងកើតហេតុ បានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនរងគ្រោះត្រូវបានក្រុមជនសង្ស័យ ជិះមូតូ ២គ្រឿង បានស្ទាក់វាយ ខណៈដែលជនរងគ្រោះ កំពុងជិះកង់ម្នាក់ឯងនៅមុខផ្ទះរបស់ខ្លួន (សាក្សី)។

ពាក់ព័ន្ធករណីនេះ នៅវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ដឹកនាំដោយលោកគិម អាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មខាងលើ នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសឿន ជីវ័ន បានឆ្លើយសារភាពប្រាប់ថា ខ្លួនរួមនិងបក្ខពួក ពិតជាបានវាយសម្លាប់ជនរងគ្រោះប្រាកដមែន។

ជនសង្ស័យបានសារភាពបន្តថា នៅមុនពេលកើតហេតុ រូបគេមានបក្ខពួកសរុប ៦នាក់ (ប្រុសទាំងអស់) បាននាំគ្នាស្ទាក់ជនរងគ្រោះ ដែលកំពុងជិះកង់ រួចបាននាំគ្នាយកដំបងឈើជ្រុង វ៉ៃទៅលើជនរងគ្រោះ ហើយបានដឹកយកទៅទម្លាក់ចោលនៅក្រោមបង្គោលភ្លើង ខាងជើង កន្លែងកើតហេតុ ចម្ងាយប្រហែល ៥០០ម៉ែត្រ។

ជនសង្ស័យ បានបញ្ជាក់ថា មូលហេតុដែលពួកខ្លួនព្រួតវាយសម្លាប់ជនរងគ្រោះ គឺពុំមានគំនុំអ្វីនោះទេ តែពួកគេមានគោលបំណងចង់ប្លន់យកសម្ភារៈពីជនរងគ្រោះប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានដកហូត វត្ថុតាងរួមមាន  ម៉ូតូចំនួន ២គ្រឿង ដែលក្រុមជនសង្ស័យជិះធ្វើសកម្មភាព ក្នុងនោះ ១គ្រឿង ម៉ាក EXCITER GP និង ១គ្រឿងទៀត ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនខាងលើ កម្លាំងជំនាញបានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួកនៅសល់ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។

ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES